ជាតិ
សាលា​រាជធានី ហៅ​តំណាង​ដែល​គ្រោង​ដង្ហែ​ញត្តិ​ទៅ ACU ចូលជួប​ពិភាក្សា​
05, May 2016 , 11:50 am        
រូបភាព
 
​តំណាង​ប្រជាពលរដ្ឋ ដែល​គ្រោង​ដង្ហែ​ញត្តិ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ អញ្ជើញ​ឲ្យ​ចូលជួប​។ ការកោះហៅ​នេះ គឺ​ទាក់ទង​នឹង​គម្រោង​តវ៉ា​ប្រឆាំងនឹង​ការឃុំខ្លួន​មន្ត្រី​អាដហុក និង​គ​.​ជ​.​ប ទាក់ទង​នឹង​សំណុំរឿង​ស្រីមុំ ដ៏​ល្បីល្បាញ​។​

 
​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០០០​នាក់ បាន​រួមគ្នា​ធ្វើលិខិត​ផ្លូវការ​មួយ ដើម្បី​ដាក់ជូន​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ឧសភា​។ ការដាក់​លិខិត​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ គឺ​ដើម្បី​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ ក្នុងការ​ដង្ហែ​ញត្តិ​រួមគ្នា ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​តវ៉ា​ការឃុំខ្លួន មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​។ 
 
​លោកស្រី គឹម សារ៉ាន់ តំណាង​ប្រជាពលរដ្ឋ​មួយរូប ដែល​បាន​ផ្តិតមេដៃ​ក្នុង​លិខិត​នោះ បាន​អះអាងថា ពួកគាត់​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​អាជ្ញាធរ​ទេ ជុំវិញ​សំណើរ​ខាងលើ​។ ប៉ុន្តែ ភាគី​សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​ទូរ​សព្ទ​ទៅកាន់​លោកស្រី ដើម្បី​ឲ្យ​លោកស្រី​រួមទាំង​តំណាង​មួយចំនួនទៀត ដែល​ចូលរួម​ផ្តិតមេដៃ ចូលទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែឧសភា​នេះ​។ 
 
​តំណាង​ប្រជាពលរដ្ឋ​រូបនេះ មិនទាន់​ដឹង​ច្បាស់​ពី​គោលបំណង​នៃ​ការកោះហៅ​របស់​សាលា​រាជធានី​ភ្នំពេញ​នោះទេ​។ យ៉ាងណាក៏ដោយ លោកស្រី គឹម សារ៉ាត់ យល់ថា អាជ្ញាធរ​ទំនងជា​ចង់​សួរនាំ​ពួកគាត់ ពី​គម្រោង​នៃ​ការតវ៉ា​នៅមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ ទើបបានជា​ចង់​ជួប​តំណាង​ពលរដ្ឋ​ដោយផ្ទាល់​បែបនេះ​។ 
 
«​អម្បាញ់មិញ​ហ្នឹង គេ​តេ​មក​ខ្ញុំ គេ​ឲ្យ​ខ្ញុំ និង​អ្នក​ផ្សេងទៀត ទៅ​សាលាក្រុង​។ ឥឡូវ​ហ្នឹង​ខ្ញុំ​កំពុងតែ​សួរ​ពួកគាត់​ថា​ទៅ​ឬ​មិន​ទៅ​។ ពួក​ខ្ញុំ​មិនទាន់​សម្រេចចិត្ត​យ៉ាងម៉េច​ទេ ចាំ​ពិភាក្សាគ្នា​សិន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​ស្រី គឹម សារ៉ាត់​។​
 
​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ឃួន ស្រេង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ឡើយ ដោយសារ​ហៅ​ទូរ​ចូល​ដែរ តែ​លោក​មិនបាន​បកស្រាយ​អ្វី​នោះទេ  ព្រោះ​កំពុង​ជាប់រវល់​ហើយក៏​បិទ​ទូរ​សព្ទ​តែម្តង​។​
 
​ខ្លឹមសារ​នៃ​លិខិត​ដែល​ដាក់ជូន​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០០​នាក់ គ្រោង​នឹង​ប្រមូលផ្តុំ​គ្នា​នៅមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​៧ ខែឧសភា ដើម្បី​ស្នើ​ឲ្យ​បញ្ឈប់​ការគំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​មកលើ​សកម្មជន​សិទ្ធិមនុស្ស​រួមទាំង​មន្ត្រី​អង្គការ​នានា​។​
 
​ពេល​ថ្មីៗ​នេះ មន្ត្រី​អាដហុក​៤​រូប រួមមាន លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​រយៈពេល​២​ថ្ងៃ ដើម្បី​សាកសួរ​ពួកគេ ជុំវិញ​លិខិត​ចំហ របស់​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​។ បន្ទប់​ពី​សួរ​ចប់សព្វគ្រប់ អង្គភាព​ប្រឆាំង​អំពើពុករលួយ បា​នប​ញ្ជួ​ន​ខ្លួន​អ្នក​ទាំង​៥ រួមទាំង​សំណុំរឿង ទៅកាន់​តុលាការ ដើម្បី​អនុវត្ត​ច្បាប់​បន្ត​។​
 
​ក្រោយ​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​អា​ហុក ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ «​សូកប៉ាន់​សាក្សី​» កាលពី​ថ្ងៃទី​២ ឧសភា​។ ចំណែកឯ មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​នាំខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ៕
 

Tag:
 អាដហុក​
  គ​.​ជ​.​ប​
  ពលរដ្ឋ​
  តវ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com