អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន ទទូច​ឲ្យ​ជប៉ុន​កុំ​លូកដៃ​រឿង​សមុទ្រ​ចិន​ខាងត្បូង ហើយ​មើល​ប្រវត្តិសាស្ត្រ​ខ្លួនឯង​
05, May 2016 , 3:37 pm        
រូបភាព
ដោយ:
ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាននិងកំពុង​តែ​បំពេញ​ទស្សនកិច្ច​ផ្លូវ ការ​ទៅកាន់​តំបន់​អឺរ៉ុប និង​អាស៊ីអាគ្នេយ៍​។ អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នោះ ជប៉ុន បានលើកឡើង ពី​ការព្រួយបារម្ភ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​ការលើកឡើង​នេះ បានធ្វើ​ឲ្យ​ចិន មិន​សប្បាយចិត្ត​នោះទេ និង​ថែមទាំង​ទទូច​កុំ​ឲ្យ​លូកដៃ​បញ្ហា​នោះ​។​



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hong Lei នៅ​ថ្ងៃទី​០៤ ខែឧសភា​ម្សិលមិញ បាន​ប្រតិកម្ម ទៅនឹង​ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​ជប៉ុន​ពី​ការព្រួយបារម្ភ​ពី​សកម្មភាព​យោ​ធូប​នីយកម្ម​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក ក៏បាន​ទទូច​ឲ្យ​ជប៉ុន​បញ្ឈប់​ការព្យាយាម​លើក​បញ្ហា​នេះ ដ្បិត ជប៉ុន​គ្រាន់តែ​ជា​រដ្ឋ​ខាងក្រៅ​ប៉ុណ្ណោះ​។​

នាឱកាស​នៃ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ លោក Hong Lei បាន​អះអាងថា បើ​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជប៉ុន​គ្រាន់តែ​ជា​រដ្ឋ​ខាងក្រៅ​ប៉ុណ្ណោះ​។ តែ​សកម្មភាព​គ្រប់យ៉ាង​វា​ហាក់ដូចជា​ចង់បង្ហាញ​ពី​វត្តមាន​នៅក្នុង​ជម្លោះ​នោះដែរ​។ យ៉ាងណាក៏ដោយ លោក ថា សកម្មភាព ទាំងនោះ​មិនមាន​ន័យ​អ្វី ឡើយ​សម្រាប់​ចិន​។

នាឱកាស​ដដែល អ្នកនាំពាក្យ​រូបនោះ បាន​សង្កត់ធ្ងន់ថា អ្វីដែល​គួរ​គិតគូរ​នោះ​គឺ កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៃ​ចូលទៅ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​កោះ​របស់​ចិន និង​តំបន់​មួយចំនួន​នៅក្នុង​សមុទ្រ​ចិន ខាងត្បូង​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២​។ ជាពិសេស​នោះ​គឺ ការ​លាក់​របៀបវារៈ​ស​មុ​ទ្រ​ចិន​ខាង ត្បូង​។

សូមបញ្ជាក់​ផងដែរ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ទាមទារ​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ កំពុងតែ​វិ​វត្ត​ដល់​ស្ថានភាព​មួយ​គួរ​ព្រួយបារម្ភ ដ្បិត​ភាគី​ពាក់ព័ន្ធ​ជាពិសេស​នោះ ចិន និង​ហ្វីលីពីន​ដែល​មានការ​ជ្រៀម​ជ្រែង​ពី​អាមេរិក និង ជប៉ុន បាននិងកំពុង​តែ​ពង្រឹង​វិស័យ​យោធា​។​

កាលពី​ខែមេសា​កន្លងទៅ ចិន ក៏​ធ្លាប់​ប្រតិកម្ម​ខ្លាំង​ម្តង​រួចទៅហើយ​ជាមួយនឹង​ជប៉ុន នៅពេល​ជប៉ុន បានចេញ​ផ្សាយ​ពី​សៀវភៅ​គោលនយោបាយ​ការបរទេស​ឆ្នាំ​២០១៦​ដោយ​លើក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងនោះ ចិន បាន​ថ្លែងថា​ជប៉ុន គួរតែបញ្ឈប់​ការ​បំផ្លើស​បញ្ហា​ដែនសមុទ្រ និង​ការបង្កើត​កំណត់សម្គាល់​ដែល​មិនមាន​ការទទួលខុសត្រូវ ដែល​អាចបង្កើត​ឲ្យ​មាន​ភាពចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ស្ថានភាព​នៅក្នុង​តំបន់​ទៀតផង​៕


Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com