អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក និង​រុស្សី​យល់ព្រម​ពង្រីក​បទ​ឈប់​បាញ់​ឲ្យ​ដល់​ក្រុង Aleppo
05, May 2016 , 5:03 pm        
រូបភាព
​សហរដ្ឋអាមេរិក និង​រុស្សី ឯកា​ភាព​គ្នា​លើ​ការពង្រីក​បទ​ឈប់​បាញ់​ដែល​នឹង​លាតសន្ធឹង​ដល់ទី​ក្រុង​Aleppo ស្រប​ពេលដែល​មានការ​អំពាវនាវ​ឲ្យ​មហាអំណាច​ទាំងពីរ​រួមគ្នា បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ម្លាំ​ង​រដ្ឋាភិបាល​លោក អាសាដ និង​ក្រុម​ឧទ្ទាម​ប្រឆាំង​។ សមរភូមិ​Aleppo នេះ​មានការ​វាយ​តទល់​គ្នា​ដ៏​ខ្លាំងក្លា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​បាត់បង់​ជីវិត​។

   

​សហរដ្ឋអាមេរិក​និយាយ នៅ​ថ្ងៃទី​៤ ខែមេសា​ថា ខ្លួន​នឹង​រុស្សី​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​នៅ​ក្រុង​Aleppo ដែលមាន​ការប្រយុទ្ធ​គ្នា​យ៉ាង​តឹងតែង​រវាង​ទាហាន​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បាស​សា អាល់​អាសាដ និង​ក្រុម​ឧទ្ទាម​។ ហើយ​ក្រសួងការបរទេស​អាម​រិ​ក​បញ្ជាក់ថា បទ​ឈប់​បាញ់​នឹងមាន​ប្រសិទ្ធភាព​ចាប់ពី​ម៉ោង​១២ ព្រឹក ម៉ោង​នៅក្នុង​ទីក្រុង​ដា​ម៉ាស់ ប៉ុន្តែ​ការ​វាយ​ប្រយុទ្ធ​នៅ​មិនទាន់​ឈប់​នៅឡើយ​ទេ​។

​ក្នុងជំនួប​ជាមួយ​ប្រមុខ​ការបរទេស​អឺរ៉ុប​លោកស្រី  Federica Mogherini រដ្ឋមន្ត្រី​ការ​បរ​ទស​អាមេរិក ច​ន ឃេ​រី (John Kerry) និយាយថា លោក​មិន​ភ្ញាក់ផ្អើល​ទេ​ដែល​ការប្រយុទ្ធ​បន្ត​មាន នៅ​តំបន់​មួយចំនួន​នោះ ដោយពេល​នេះ​ទាំង​អាមេរិក និង​រុស្សី​កំពុង​ទំនាក់ទំនង​ជាមួយ​មេបញ្ជាការ​នៅ​សមរភូមិ​ផ្ទាល់​។ លោក ឃេ​រី បន្តថា វា​ពិតជា​សំខាន់​ដែល​ភាគី​ទាំងពីរ​ត្រូវគោរព​កិច្ចព្រមព្រៀង ហើយ​លោក​អំពាវនាវ​ឲ្យ​រុស្សី ប្រើ​ឥទ្ធិពល​របស់ខ្លួន​លើ​លោក អាសាដ ឲ្យ​បញ្ឈប់​អំពើហិង្សា​នេះដែរ​។​

​យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន​Reuter ផ្សាយ​ថា មិនទាន់​មានការ​ឆ្លើ​តប​អ្វី​ពី​រុស្សី លើ​ការប្រកាស​នេះ​ទេ ប៉ុន្តែ​ទាហាន​ស៊ី​រី និយាយថា ពួកគេ​នឹង​អនុវត្ត​នៅ​រយៈពេល​៤៨​ម៉ោង​។ ជាមួយគ្នា​នោះដែរ ក្នុងការ​វាយ​ប្រយុទ្ធ​ថ្ងៃទី​៣ ខែមេសា ក្រុម​ឧទ្ទាម​ត្រូវ​វាយ​ឲ្យ​ដកថយ​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល ដែល​នេះ​បង្ហាញថា ការ​វាយ​ប្រយុទ្ធ​នៅតែ​បន្ត​នៅឡើយ​។

​ចំណែក​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ តំណាង​រុស្សី​ប្រចាំ​ក្រុមប្រឹក្សា​នេះ​លោក Vitaly Churkin និយាយថា តាមពិត​បទ​ឈប់​បាញ់​ទំនងជា​ត្រូវ​ប្រកាស​តាំងពី​ថ្ងៃទី​៣ ខែមេសា តែ​ក្រុម​ឧទ្ទាម​ប្រឆាំង​បាន​រារាំង​រឿងនេះ​។ លោក​ប្រាប់​ក្រុមប្រឹក្សា ស្ថានភាព​យ៉ាប់យ៉ឺន​នៅតាម​តំបន់​មួយចំនួន រួមទាំង​Aleppo ពិតជា​បញ្ហា​ព្រួយបារម្ភ ហើយ​កងកម្លាំង​រដ្ឋាភិបាល កំពុងតែ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជី​ហាដ​។

​ជាមួយនឹង​ការឯកភាព​លើ​ការពង្រីក​បទ​ឈប់​បាញ់ អាមេរិក និង​រុស្សី​ក៏​កំពុងតែធ្វើការ​ជាមួយគ្នា ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​ក្នុង​ក្រុង​Aleppo​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក គ្រោង​នឹង​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​បណ្ដា​ក្រុម​អន្តរជាតិ​គាំទ្រ​ស៊ី​រី ដែលមាន​លោក និង​រដ្ឋមន្ត្រីការបរទេស​រុស្សី​លោក Sergei Lavrov ជា​សហប្រធាន នៅ​ពីរ​សប្ដាហ៍​បន្ទាប់​៕


Tag:
 អាមេរិក​
 ​រុស្សី​
 ​ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com