អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្សី​នឹង​ឆ្លើយតប ប្រសិន​ណា​តូ​បន្ត​ពង្រាយ​ទ័ព​នៅ​អឺរ៉ុប​ខាងកើត និង​បាល់​ទិ​ក​
05, May 2016 , 7:59 pm        
រូបភាព
​ខណៈដែល​ណា​តូ​ប្រកាស​ផែនការ​ពង្រាយ​ទ័ព​នៅ​តំបន់​អឺរ៉ុប​ខាងកើត និង​តំបន់​បាល់​ទិ​ក រុស្សី​បាន​ឆ្លើយតប​វិញ​ថា ខ្លួន​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ទប់​ទល់នឹង​ការពង្រាយ​នេះ ជាមួយ​ការបង្កើត​អង្គភាព​យោធា​ថ្មី​មួយចំនួន​។ សម្ព័ន្ធ​យោធា​ណា​តូ មាន​គម្រោង​ពង្រាយ​កងទ័ព​ប្រមាណ​បួន​ពាន់​នាក់​នៅ​តំបន់​ព្រំដែន​ខាងលិច និង​ខាងត្បូង សម្រាប់​ការពារ​សម្ព័ន្ធមិត្ត​ដែល​ជាប់​នឹង​រុស្សី​។​





​មន្ត្រី​ក្រសួងការបរទេស​រុស្សី​លោក Andrei Kelin និយាយ​នៅ​ថ្ងៃទី​៤ ខែមេសា​ថា រុស្សី​នឹង​ឆ្លើយតប​នឹង​ផែនការ​របស់​បក្សសម្ព័ន្ធ​ណា​តូ​លើ​ការពង្រាយ​កងកម្លាំង​ចំនួន​បួន​វរ​សេនា​តូច នៅតាម​ព្រំដែន​ប្រទេស​ប៉ូឡូញ និង​ប្រទេស​តំបន់​បាល់​ទិ​ក​។ រុស្សី​ចាត់ទុក​ផែនការ​ពង្រាយ​នេះ ជា​ប្រភព​នៃ​ការព្រួយបារម្ភ​របស់​ក្រុង​មូ​ស្គូ ហើយ​រុស្សី នឹង​ចាត់វិធានការ​វាយបក​វិញ​ផងដែរ​។​

​ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​រុស្សី គឺ​ឆ្លើយតប​នឹង​ផែនការ​ថ្មី​របស់​អាមេរិក និង​ណា​តូ​ដែល​ចង់​ពង្រឹងកម្លាំង​របស់ខ្លួន​នៅ​តំបន់​ខាងកើត​។ នៅ​ថ្ងៃទី​២ ខែមេសា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ash Carter ប្រកាសថា ណា​តូ​កំពុងតែ​ថ្លឹងថ្លែង​ផ្លាស់ប្ដូរ​កងឯកភាព​ទ័ព​ចំនួន​បួន នៅតាម​រដ្ឋ​ជា​សមាជិក​នៅ​អឺរ៉ុប​ខាងកើត ខណៈដែល​ការតានតឹង​កើនឡើង​ក្នុង​តំបន់​នេះ​។

​ចំណែក​មេបញ្ជាការ​ថ្មី​របស់​កងទ័ព​ណា​តូ​លោក​ឧ​ត្ត​ម​សេនីយ៍ Curtis Scaparrotti ក៏​បញ្ជាក់​ជំហរ​របស់លោក​ក្នុងការ​ពង្រឹងសមត្ថភាព​របស់ខ្លួន ប្រឆាំងនឹង​រុស្សី​។ និយាយ​ក្នុង​ពិធី​ទទួល​តំណែង នៅ​ថ្ងៃទី​៤ ខែមេសា លោក Scaparrotti និយាយថា ណា​តូ​ពិចារណា​ថា គួរតែ​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ឬទេ ស្រប​ពេលដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន កំពុង​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្សី​។  

​ឆ្លើយតប​នឹង​រឿង​ពង្រាយ​ទ័ព​របស់​ណា​តូ​នៅ​តំបន់​អឺរ៉ុប​ខាងកើត លោក Kelin ប្រាប់​សារព័ត៌មាន​Interfax ថា នេះ​ជា​ជំហាន​ដ៏​គ្រោះថ្នាក់ ហើយ​វា​នឹងរង​ការឆ្លើយតប​មួយ​មិន​ខាន​។ កាលពី​ខែមករា​កន្លងទៅ រុស្សី​ប្រកាសថា ខ្លួន​នឹង​បង្កើត​កងឯកភាព​ថ្មី​ចំនួន​បី និង​យក​កងវរសេនាធំ​មី​ស៊ី​ល​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ថ្មី​ចំនួន​៥​មកប្រើប្រាស់​ផងដែរ​។

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​៣ ខែមេសា រដ្ឋមន្ត្រី​ការពារជាតិ​រុស្សី​លោក Sergei Shoigu និយាយថា កងឯកភាព​ថ្មី នឹងត្រូវ​បង្កើត​នៅ​ដំណាច់​ឆ្នាំនេះ ដោយ​លោក​សង្កត់ធ្ងន់ថា បង្កើតឡើង​ដើម្បី​តបត​នឹង​អ្វីដែល​ក្រុង​មូ​ស្គូ​យល់ថា ជាការ​កើន​កម្លាំង​របស់​ណា​តូ​។ បើតាម​ប្រភពព័ត៌មាន​របស់​រុស្សី អង្គភាព​នីមួយៗ​ដែល​ត្រូវបង្កើត មាន​កងទ័ព​ប្រមាណ​១​ម៉ឺន​នាក់​។

​សូម​រម្លឹកថា ការភ្ជាប់​តំបន់​គ្រី​មេ​ចូល​ទឹកដី​រុស្សី​ក្នុង​ឆ្នាំ​២០១៤ បង្ក​ជាការ​តានតឹង​យ៉ាងខ្លាំង​រវាង​ណា​តូ និង​រុស្សី​។ ប្រទេស​អឺរ៉ុប​ខាងកើត និង​បាល់​ទិ​ក ដូច​ជាលី​ទុយ​អា​នី អេ​ស្តូ​នី និង​ឡា​ត់​វី ស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​ណា​តូ​ចូល​អន្តរាគមន៍​លើ​ទឹកដី​របស់ខ្លួន សម្រាប់​ទប់ទល់​រុស្សី​។ ការពង្រីក​ឥទ្ធិពល​នេះហើយ ដែល​ធ្វើ​ឲ្យ​រុស្សី​មិន​សប្បាយចិត្ត​នោះទេ ជាពិសេស​នៅពេលដែល​ណា​តូ​ធ្វើ​សមយុទ្ធ​យោធា នៅក្បែរ​ព្រំដែន​របស់ខ្លួន​ទៀត​នោះ​៕


Tag:
 ​រុស្សី​
 ​ណា​តូ​
 ​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com