អន្តរជាតិ
អាមេរិក​សម្លាប់​មេខ្លោង​ភេរវជន​ដែ​ស្ហ Abu Khaled al-Cambodi នៅ​អ៊ី​រាក់​
05, May 2016 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
មេខ្លោង​ដែល​ទទួលបន្ទុក​ជ្រើសរើស​សមាជិក​ថ្មី​នៃ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ ឈ្មោះ Neil Prakash និង​ដែលមាន​ឈ្មោះ​មួយ​ទៀតថា Abu Khaled al-Cambodi ត្រូវ​កងកម្លាំង​អាមេរិក​សម្លាប់​ក្នុង​ប្រតិបត្តិ​ការវាយប្រហារ​ផ្លូវអាកាស​នៅ​អ៊ីរ៉ាក់​កាលពី​ថ្មីៗ​នេះ​។ Prakash ជា​សមាជិក​ក្រុម​ភេរវជន​ម្នាក់​ដែល​គេ​តាម​ប្រមាញ់​ខ្លាំងជាងគេ ហើយ​ការស្លាប់​របស់​ជននេះ​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​យុទ្ធនាការ​កម្ចាត់​ក្រុម​ភេរវជន​ដែរ​។



​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា បានប្រកាស​នៅ​ថ្ងៃ ព្រហស្បតិ៍​នេះ​ថា សមាជិក​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​និង​ជា​មេខ្លោង​ទទួលខុសត្រូវ​រើស​សមាជិក​ថ្មី Neil Prakash  បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់ទា​ហាន​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាលពី​ថ្មីៗ​នេះ​។​

​យោងតាម​ការផ្សាយ​រប​ស់ The Age មេខ្លោង​ជនជាតិ​អូស្ត្រាលី​រូបនេះ មាន​ជាប់​សាច់ឈាម​ហ្វី​ជី និង​កម្ពុជា ហើយ​ធ្លាប់ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ផងដែរ​។ ការស្លាប់​របស់​ជន​ម្នាក់នេះ​ត្រូវបាន​រដ្ឋាភិបាល​អូស្ត្រាលី​និង​អាមេរិក​ចាត់ទុកជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ព្រោះថា Prakash ជា​មនុស្ស​សំខាន់​និង​មាន​តួនាទី​ធំ​ក្នុងការ​ជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​ថ្មី​សម្រាប់ធ្វើ​សង​ង្គ្រា​ម​ជី​ហាត​នេះ​។ វា​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវជន​របស់​សហគម​ន៍​អន្តរជាតិ​ជាពិសេស​អាមេរិក​និង​សម្ព័ន្ធមិត្ត​ផងដែរ​។​

​បើតាម​អគ្គរាជអាជ្ញា​អូស្ត្រាលី George Brandis ទាហាន​អាមេរិក​បានសម្លាប់​ជន​ម្នាក់នេះ​ក្នុង​យុទ្ធនាការ​យោធា​នៅក្នុង​តំបន់ Mosul កាលពី​ថ្ងៃ ២៩ ខែមេសា​កន្លងទៅ​។​
​លោក​ថា​៖« Pakash ជា​សមាជិក​ក្រុម​ដែ​ស្ហ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ហើយ​ជននេះ​ក៏​ស្ថិត​ក្នុងចំណោម​សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​ភេរវជន​នេះដែរ​។ ជាពិសេស​គេ​ក៏បាន​ដើរតួនាទី​ជា​អ្នក​ជ្រើសរើស​កម្លាំង​ថ្មី​សម្រាប់​ប្រយុទ្ធ​នៅ​អូស្ត្រាលី​និង​បើក​ការវាយប្រហារ​ភេរវកម្ម​នានា​។ Prakash ក៏មាន​ជាប់ទាក់ទង​ជាមួយ​ការវាយប្រហារ​នៅ​អូស្ត្រាលី​ជាច្រើន​ដង​ដែរ និង​អំពាវនាវ​ឲ្យ​មានការ​វាយប្រហារ​ប្រឆាំង​សហរដ្ឋអាមេរិក​ផងដែរ​»​។​

​អស់​រយៈពេល​ជា​យូរ​មកហើយ អូស្ត្រាលី​បារម្ភ​ពី​ការកើនឡើង​នៃ​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ភេរវជន​ជាពិសេស​ក្រុម​ភេរវជន​ដែល​ស្ថិត​ក្នុងប្រទេស​អូស្ត្រាលី​តែម្តង​។ ចាប់ពី​ខែកញ្ញា​ឆ្នាំ ២០១៤​មក ប្រទេស​អូស្ត្រាលី​បាន​បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​ផ្នែក​សន្តិសុខ​ដល់​កម្រិត​ខ្ពស់បំផុត​រួចទៅហើយ​។ ហើយ​យោងតាម​របាយការណ៍ រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​រយៈពេល ១៨ ខែ​ចុងក្រោយ មានការ​វាយប្រហារ​ភេរវកម្ម​យ៉ាងហោចណាស់​៦​ដង​កើតឡើង​នៅលើ​ទឹកដី​អូស្ត្រាលី​៕


Tag:
 ​អាមេរិក​
  Neil Prakash
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com