អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជ័យជម្នះ ដូ​ណា​ល់​ត្រាំ ធ្វើ​សមាជិក​បក្ស​សាធារណរដ្ឋ​ឈឺក្បាល​ខ្លាំង​
05, May 2016 , 9:19 pm        
រូបភាព
ក្រោយ​ថេត គ្រុស (Ted Cruz) និង ច​ន កា​សិ​ក (John Kasich) ដកខ្លួន លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ក្លាយជា​អ្នកតំណាង​គណបក្ស​សាធារណរដ្ឋ​ដោយ​សន្ម​ត់​។ ប៉ុន្តែ​ជ័យជម្នះ​និង​ការ​ក្លាយជា​តំណាង​បក្ស​របស់​សេដ្ឋី​រូបនេះ​មិនបាន​ធ្វើ​ឲ្យ​អ្នក​សាធារណរដ្ឋ​ពេញចិត្ត​ឡើយ ហើយ​ក្នុង​បក្ស​ទាំងមូល​កំពុង​បែកខ្ញែក​គ្នា​នៅឡើយ​។ សូម្បីតែ​អតីត​ប្រ​ធា​ធិបតី ប៊ុ​ស (Bush) ទាំង​ឪពុក និង​កូន ក៏​ប្រកាសថា​លោក​ទាំងពីរ​មិន​ចេញប្រកាស​គាំទ្រ ដូ​ណា​ល់​ត្រាំ ជា​សាធារណ​ដូច​លោក​ធ្លាប់​ធ្វើជា​ទម្លាប់​ដែរ​។ តែ​លោក ដូ​ណា​ល់ ត្រាំ បានចេញ​មុខ​អំពាវ​ដល់​បណ្តា​អ្នក​សាធារណរដ្ឋ​ទាំងអស់​ឲ្យ​សាមគ្គី​និង​រួបរួមគ្នា ហើយ​គាំទ្រ​លោក ព្រោះ​លោក​ត្រូវ​ប្រជែង​ជាមួយ​យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) នៅ​ខែវិច្ឆិកា​ខាងមុខ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



ការប្រកួតប្រជែង​ក្នុង​បក្ស​សាធារណរដ្ឋ​ឈានដល់​ទីបញ្ចប់ ក្រោយ​បេក្ខជន​ពីរ​នាក់​ប្រកាស​ដកខ្លួន​ចេញ ដោយ​ទុក​ឲ្យ​សេដ្ឋី ដូ​ណា​ល់ ត្រាំ ក្លាយជា​បេក្ខជន​តំណាង​បក្ស​ជា​ស្វ័យប្រវត្តិ​។ ប៉ុន្តែ ជ័យជម្នះ​ធំធេង​របស់លោក ដូ​ណា​ល់ ត្រាំ នេះ កំពុង​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ប្រឈម​បញ្ហា​កាន់តែច្រើន​។ បញ្ហា​មាន​ច្រើន​ក្នុងនោះ​មានដូចជា ការ​បែកខ្ញែក​គ្នា​ក្នុងចំណោម​អ្នក​សាធារណរដ្ឋ និង​លទ្ធភាព​នៃ​ការ​ឈានទៅ​ចាញ់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ​ខែវិច្ឆិកា​ខាងមុខ​ផង នៅពេល​លោក ដូ​ណា​ល់ ត្រាំ ត្រូវ​ចេញមុខ​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​។​

​បច្ចុប្បន្ននេះ រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយចំនួន​បានកើត​ឡើង​រួចទៅហើយ​នៅក្នុង​គណបក្ស​សាធារណរដ្ឋ​។ ជា​ទម្លាប់ អ្នក​សាធារណរដ្ឋ ជាពិសេស​អតីត​ប្រធានាធិបតី តំណាងរាស្ត្រ និង​អ្នកនយោបាយ​ផ្សេងៗ​ទៀត​ក្នុង​បក្ស​ជាមួយគ្នា​ត្រូវ​ចេញមុខ​សរសើរ​និង​គាំទ្រ​អ្នក​ដែល​ក្លាយជា​តំណាង​បក្ស​។ នេះ​ជា​វិធីសាស្ត្រ​ជួយ​លើកកម្ពស់​ប្រជាប្រិយភាព​បេក្ខជន​បក្ស​ផង ហើយ​វា​ក៏​បង្ហាញ​ពី​ការ​សាមគ្គី រួមគ្នា និង​ឯកភាពគ្នា​ក្នុងចំណោម​អ្នក​សាធារណរដ្ឋ​ផង​។ ប៉ុន្តែ​ឆ្នាំ ២០១៦​នេះ​អ្វីៗ​ប្រែប្រួល​អស់ នៅពេលដែល​បេក្ខជន​ដូចជា សេដ្ឋី អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ នេះ​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​។​

១. អតីត​ប្រធានាធិបតី ប៊ុ​ស ប្រកាស​ចូលនិវត្តន៍​ដោយ​មិន​ប្រកាស​គាំទ្រ ដូ​ណា​ល់ ត្រាំ​
ដូច​ឃើញ​ហើយ អតីត​ប្រធានាធិបតី​ទាំង​ឪពុក​និង​កូន​ត្រកូល ប៊ុ​ស នឹងមិន​ចេញមុខ​ប្រកាស​គាំទ្រ​ឬ​សរសើរ​លោក ដូ​ណា​ល់ ត្រាំ ឡើយ​នៅពេល​ខាងមុខនេះ​។ បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ស្រង់​ដោយសារ​ព័ត៌មាន The Guardian ប្រធានាធិបតី​អាមេរិក​ទី ៤១ លោក  George HW Bush ដែល​ស្ថិតនៅក្នុង​វ័យ​៩៣​ឆ្នាំ​នោះ បានប្រកាស​ចូលនិវត្តន៍ ហើយ​លោក​នឹងមិន​ពាក់ព័ន្ធ​បញ្ហានយោបាយ​ទៀតឡើយ​។​នេះ​បានន័យថា លោក​មិន​ប្រកាស​គាំទ្រ ឬ​សរសើរ​លោក ដូ​ណា​ល់ ត្រាំ ឡើយ​។​

ចំណែក​កូនប្រុស​លោក ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៣ លោក George W Bush នោះ​មិនមាន​គម្រោង​ថា នឹង​ផ្តល់យោបល់​រឿង​ប្រ​កូត​ប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ឬ​លើកសរសើរ​បេក្ខជន​តំណាង​គណបក្ស​ឡើយ​។ នេះ​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ នឹងមិន​បានទទួល​ការសរសើរ ឬ​គាំទ្រ​ពី​អតីត​ប្រធានាធិបតី​ដែល​ចេញពី​បក្ស​សាធារណរដ្ឋ​ឡើយ សម្រាប់​ការប្រកួតប្រជែង​ក្នុង​សមរភូមិ​នយោបាយ​ដ៏​សំខាន់​និង​ចុងក្រោយ​។  អាច​ថា​នេះ​ជាការ​សងសឹក​វិញ ព្រោះ​លោក ដូ​ណា​ល់ ត្រាំ នេះ​ធ្លាប់​រិះគន់​លោក George W Bush ជារឿយៗ រឿង​អាមេរិក​ឈ្លានពាន​អ៊ីរ៉ាក់ និង រដ្ឋបាល​អាមេរិក​ចោទប្រកាន់​លោក សា​ដាម ហ៊ូ​សេន ថា​ផលិត​អាវុធ​ប្រល័យ​លោក​ជាដើម​។​

​ក្រៅពី​អ្នក​ទាំងពីរ សមាជិក​គណបក្ស​សាធារណរដ្ឋ​ជាច្រើនរូប​ទៀត​នោះ ក៏បាន​ប្រកាសថា​ពួកគេ​នឹងមិន​បោះឆ្នោត​ឲ្យ ដូ​ណា​ល់ ត្រាំ ឡើយ​នៅក្នុង​ការបោះឆ្នោត​ខែវិច្ឆិកា​ខាងមុខនេះ​។ ពួកគេ​មិន​ពេញចិត្ត​ដូ​ណា​ល់​ត្រាំ ដែល​ក្លាយជា​តំណាង​បក្ស​ឡើយ​។ គេ​មិនដឹងថា សមាជិក​បក្ស​សាធារណរដ្ឋ​ច្រើន​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​បង្ខំចិត្ត​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​។​

២. ដូ​ណា​ល់ ត្រាំ ដង្ហោយ​ឲ្យ​អ្នក​សាធារណរដ្ឋ​សាមគ្គី​និង​ឯកភាពគ្នា​គាំទ្រ​លោក 

​ខណៈដែល​ចលនា​ប្រឆាំង​លោក ដូ​ណា​ល់ ត្រាំ កើនឡើង​នៅក្នុង​គណបក្ស លោក​ក៏បាន​ចេញមុខ​ដង្ហោយ​ឲ្យ​អ្នក​សាធារណរដ្ឋ​ទាំងអស់​ចាប់ផ្តើម​សាមគ្គី​គ្នា និង​ជំរុញ​ការឯកភាព​គ្នា​ក្នុង​បក្ស​ដើម្បី​គាំទ្រ​លោក​សម្រាប់​ការ​ប្រ​កូត​ប្រជែង​ផ្តាច់​ព្រ័ត​ក្នុង​ខែវិច្ឆិកា​។​

​លោក ដូ​ណា​ល់ ត្រាំ មើលឃើញថា គូប្រជែង​ចុងក្រោយ​របស់លោក គឺ​លោកស្រី​អតីតរដ្ឋមន្ត្រី​ការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​នាំមុខគេ​ក្នុង​បក្ស​ប្រជាធិបតេយ្យ​។ ដូច្នេះ​វា​ចាំបាច់​មានការ​គាំទ្រ​ពី​ក្នុង​បក្ស​ដើម្បី​ធានាថា លោក​នឹង​អាច​ផ្តួល​គូប្រជែង​ដ៏​ខ្លាំងក្លា​នេះ​បាន​។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន New York Times លោក ដូ​ណា​ល់ ត្រាំ ថា លោក​ដឹង​ច្បាស់​ថា ប្រជាជន​មិនទាន់​ច្បាស់​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ដឹកនាំ​របៀប​ណា (​និយាយ​ពេល​លោក​ជាប់ឆ្នោត​) ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​នឹង​គ្មាន​បញ្ហា​ឡើយ​។ ហើយ​លោក​នឹងមិន​ធ្វើ​ឲ្យ​ប្រទេស​ប្រឈម​បញ្ហា​អស្ថិរភាព​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ការលើកឡើង​បែបនេះ ប្រហែលជា​លោក​ព្យាយាម​ជំរុញ​និង​បន្ទន់ចិត្ត​អ្នកគាំទ្រ​បក្ស​សា​ធាណ​រដ្ឋ​ឲ្យ​ងាក ត្រលប់មក​គាំទ្រ​លោក​៕


© រក្សាសិទ្ធិដោយ thmeythmey.com