អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា គ្រោង​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​ថ្មី​មួយ​ជាមួយនឹង​រុស្ស៊ី
06, May 2016 , 10:47 am        
រូបភាព
រូបភាព៖ ក្រសួងការពារជាតិរុស្ស៊ី
រូបភាព៖ ក្រសួងការពារជាតិរុស្ស៊ី
ដោយ:
 
​ចុងក្រោយ​នេះ រុស្ស៊ី បាននិងកំពុង​តែ​ងាក​មក​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ឡើងវិញ​ជាមួយនឹង បណ្តា​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ដើម្បី​ទាញយក​ឱកាស​នេះ ក្រសួងការពារជាតិ​មី​យ៉ាន់​ម៉ា​ក៏​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​ថ្មី​មួយ​ជាមួយ​រុស្ស៊ី បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពីស​ភា​។



​ក្រសួងការពារជាតិ​មី​យ៉ាន់​ម៉ា កំពុងតែ​ដាក់សំណើ​ទៅកាន់​សភា​សហភាព​ដើម្បី​អនុម័ត​យល់ព្រម​សម្រាប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការការពា​រ​ជាតិ​ជាមួយនឹង​រុស្ស៊ី​។ សំណើ នេះ​ធ្វើឡើង ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី និង​អាស៊ាន​នៅក្នុង​ក្រុង មូ​ស្កូ​នៃ​ប្រទេស​រុស្ស៊ី​។​
 
​អនុរដ្ឋមន្ត្រី​ការពារជាតិ​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ Myint Swe ដែលជា​អ្នក​ដាក់សំណើ​នោះ បាន អះអាងថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​រុស្ស៊ី នឹង​បង្កើត​កិច្ចសហប្រតិបត្តិការ​កម្រិត​ថ្មី​មួយទៀត​រវាង​ប្រទេស​ទាំងពីរ ហើយ វា ក៏​ជួយ​ជំរុញ​កិច្ចសន្ទនា និង​ការយោគយល់​រួមគ្នា​នៃ​គោល នយោបាយ​ការពារជាតិ​ទាំង​ក្របខណ្ឌ​សន្តិសុខ​អន្តរជាតិ និង​តំបន់​។ នេះ​បើ​យោងតាម​សារព័ត៌មាន Xinhua ដែល​ដកស្រង់​ចេញពី​សារព័ត៌មាន​ក្នុងស្រុក​មី​យ៉ាន​ម៉ា​។ 
 
​ជាមួយគ្នានេះ មេបញ្ជាការ​កំពូល​កង​ទ័ព​មី​យ៉ាន់​ម៉ា លោក ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង​ឡាំង ក៏បាន​ស្នើ​ឲ្យ​រុស្ស៊ី​បន្ត​ចូលរួមចំណែក​ក្នុង​ការធានា​សន្តិភាព​ពិភពលោក ដែល​កំពុងតែ​ប្រឈម​នឹង​អស្ថិរភាព​ដែល បង្កដោយ​បញ្ហា​ប្រឈម​នយោបាយ សេដ្ឋកិច្ច សង្គម និង​សាសនា​នៅក្នុង​តំបន់​មួយចំនួន​។​
 
​នៅ​ថ្ងៃទី​២៦ ខែមេសា​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​មី​យ៉ាន់​ម៉ា លោក Sein Win ក៏បាន​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu ជា​លក្ខណៈ​ទ្វេភាគី នាឱកាស​នៃ​កិច្ចប្រជុំ​ការពារជាតិ​រុស្ស៊ី​និង​អាស៊ាន​ក្នុង​ទឹកដី​រុស្ស៊ី​។​
 
​ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​នោះ ក្រៅពី​ការអះអាង​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត ប្រមុខ​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu ក៏បាន​បង្ហាញ​ពី​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​ជំនួប​រុស្ស៊ី​និង​មី​យ៉ាន់​ម៉ា នឹង​កាន់តែ​រឹងមាំ ជាពិសេស​លើ​វិស័យ​យោធា និង​បច្ចេកទេស​យោធា​។ នាពេល​នោះដែរ មេដឹកនាំ​មី​យ៉ាន់​ម៉ា ក៏បាន អរគុណ​ភាគី​រុស្ស៊ី និង​កងទ័ព​រុស្ស៊ី ដែល​តែងតែ​គាំទ្រ​មី​យ៉ាន់​មា់​នៅពេល​ប្រទេស​ជួបនឹង​ភាពលំបាក​៕ 

Tag:
 មី​យ៉ាន់​ម៉ា់​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com