អន្តរជាតិ
កូរ៉េខាងជើង ធ្វើ​សមាជ​បក្ស​លើកដំបូង​ក្នុង​រយៈពេល​៣៦​ឆ្នាំ
06, May 2016 , 3:24 pm        
រូបភាព
ដោយ:
គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ហើយ​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល​ជិត​៤​ទស្សវត្សរ៍​ចុងក្រោយ​នេះ​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានរៀបចំ ដែល​វា​មិនមែនជា​ការបាញ់​សាកល្បង​មី​ស៊ី​ល ឬ​អាវុធ​នុយ ក្លេ​អ៊ែរ​បរមាណូ តែ​ជាការ​ប្រារព្ធ​សមាជ​បក្ស​។​



សមាជ​បក្ស​ពលករ​នៃ​កូរ៉េខាងជើង​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី និង​ជា​លេខា​បក្ស​កុ​ម្មុយ​នី​សលោក គីម ជុង​អ៊ុន បានចាប់ផ្តើម​នៅ​ថ្ងៃទី​០៦ ខែឧសភា​នេះហើយ​។ សមាជ​ដែលមាន​ការចូលរួម​ពី​សមាជិក​បក្ស​ប្រមាណ​បីនាក់​នេះ គឺជា​លើកដំបូង​ហើយ​ដែល​បក្ស​ពលករ​រៀបចំឡើង​ក្នុង​រយៈ​៣៦​ឆ្នាំ​ចុងក្រោយ នេះ​។

លោក គីម ជុង​អ៊ុន បាន​អះអាងថា «​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​សមាជ​បក្ស នឹង​សម្រេចបាន​នូវ ផែនការ​យុទ្ធសាស្ត្រ​មេ ដែល​វា​នឹង​ពង្រឹង​បន្ថែម​ដល់​ជ័យជម្នះ​ចុងក្រោយ​នៃ​បដិវត្តន៍​យើង​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN ដែល​បាន​ដកស្រង់​ចេញពី​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង​។

បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល សមាជ​បក្ស​ពលករ បាន​ប្រារព្ធ​ឡើង​នៅឯ​មជ្ឈមណ្ឌល​មហា​ស​ន្និ បាត​ដែល​គេ​ស្គាល់​ថា ជា​វិមាន​វប្បធម៌ April 25 House of Culture​។ វិមាន April 25 House of Culture គឺជា​ទីកន្លែង​ដែល​អតីត​មេដឹកនាំ​កូរ៉េខាងជើង បាន​ប្រារព្ធ​សមាជ​បក្ស​ជា​លើកចុងក្រោយ​ក្នុង​ឆ្នាំ​១៩៨០ ។

អ្វី​ដែលជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ កូរ៉េខាងជើង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រដ្ឋ​ផ្តាច់ការ និង មានការ​រឹតត្បិត​ខ្លាំង​នោះ ក៏បាន​អញ្ជើញ​អ្នកសារព័ត៌មាន​បរទេស​នាឱកាស​ព្រឹត្តិការណ៍​នោះដែរ​។ តែ ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលទៅក្នុង​វិមាន April 25 House of Culture នោះទេ​។​

បើទោះបីជា​គេ​មិនទាន់​ដឹងថា​លទ្ធផល​នៃ​សមាជ​បក្ស​សម្រេចបាន​ប៉ុណ្ណា​ក៏ដោយ មុនពេល​នៃ​ការបើក កិច្ចប្រជុំ​នោះ គណៈកម្មាធិការ​សម្រាប់​ការបង្រួបបង្រួម​សន្តិភាព​កូរ៉េ​នៃ​កូរ៉េខាងជើង  ក៏បាន​ចេញ សេចក្តីថ្លែងការណ៍​មួយ​ផងដែរ​។ សេចក្តីថ្លែងការណ៍​នោះ បាន​បញ្ជាក់ថា « ថ្វីបើ​មនុស្ស​មួយចំនួន មិនទាន់​ទទួលស្គាល់​ឬ ទទួលស្គាល់​កូរ៉េខាងជើង​ជា​ប្រទេស​នុយក្លេអ៊ែរ​ឬ​អត់ កូរ៉េខាងជើង​ក្នុងនាម​ជា​ប្រទេស​នុយក្លេអ៊ែរ នៅតែ​បំពាក់អាវុធ​គ្រាប់បែកបរមាណូ​អ៊ីដ្រូសែន​ដែល​មិនមាន​ការផ្លាស់ប្តូរ​អ្វី​ឡើយ​»​។ 

ក្នុង​ក្រសែ​អ្នកវិភាគ សមាជ​បក្ស​ពលករ​ដែល​ដឹកនាំ​ដោយ​លោក គីម ជុង​អ៊ុន គ្មានអ្វី​ក្រៅពី​ការពិភាក្សា លើ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​ទៅនឹង​ទណ្ឌកម្ម​របស់​សហគម​ន៍​អន្តរជាតិ​ដែល​បានដាក់​ប្រឆាំង​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​នោះ​។

សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕



© រក្សាសិទ្ធិដោយ thmeythmey.com