អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អា​បេ ត្រៀម​ជួប​លោក ពូ​ទីន ដើម្បី​ជជែក​រក​ដំណោះស្រាយ​ជម្លោះ​កោះ​គូ​រី​ល
06, May 2016 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ស៊ី​នហ្សូ អា​បេ រំពឹងថា ជំនួប​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខាងមុខ នឹង​ជួយ​ឲ្យ​ការពិភាក្សា​លើ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រោយ​សង្គ្រាមលោកលើកទី​២ និង​ការដោះស្រាយ​ជម្លោះ​កោះ​រវាង​ប្រទេស​ទាំងពីរ​នោះ​វិ​វត្ត​ទៅមុខ​។ តែ​បញ្ហា​ពិភពលោក​ច្រើន​ដែល​ភាគី​នៅ​ខ្វែងគំនិត​គ្នា​ក្នុងនោះ​មាន​សង្គ្រាម​ស៊ី​រី វិបត្តិ​អ៊ុយ​ក្រែ​ន និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។



នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ី​នហ្សូ អា​បេ ជួប​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃ​សុក្រ​ទី ៦​ខែឧសភា​នេះ នៅ​តំបន់​លំហែរ​កាយ​នា​សមុទ្រ​ខ្មៅ ក្នុង​ទីក្រុង Sochi​។ ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​នឹង​ក្លាយជា​ពេលវេលា​សំខាន់​មួយ​សម្រាប់​មេដឹកនាំ​ទាំងពីរ​ជជែក​ពិភាក្សា​និង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​ដែនទឹក​ដែល​បន្សល់ទុក​មក​យូរអង្វែង​មកហើយ​នោះ​។

ខណៈ​កំពុងស្ថិត​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប លោក អា​បេ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពី​ទីក្រុង​ឡុង​ដ៍​ថា លោក​រំពឹង​មុតមាំ​ថា ជំនួប​ទ្វេភាគី​រវាង​លោក​និង​លោក ពូ​ទីន នឹងមាន​ផ្លែផ្កា ហើយ វា​ក៏​នឹង​ជួយ​ឲ្យ​ការជជែក​គ្នា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រោយ​សង្គ្រាម​លើក​ទី​២​មាន​ការវិវត្ត​ទៅមុខ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចរចា​គ្នា​ដោះស្រាយ​ជម្លោះ​កោះ Kuril ផងដែរ​។

លោក អា​បេ បាន​ថ្លែងថា​៖«​វា​ជា​រឿង​មិនធម្មតា​ឡើយ  ក្នុង​រយៈពេល​ជាង​៧០​ឆ្នាំ ពោលគឺ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២ មក ជប៉ុន​និង​រុស្ស៊ី មិនដែល​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​»​។​

តាំងពី​ចប់​សង្គ្រាមលោកលើកទី ២ ប្រទេស​ទាំងពីរ​មិនដែល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​ឡើយ​។​ដែល​នេះ​ជា​បញ្ហា​សម្រាប់​ប្រទេស​មហាអំណាច​ទាំងពីរ​ដែរ ហើយ​ណាមួយ​ការបង្កើន​សកម្មភាពរ​បស់​រុស្ស៊ី​នៅលើ​កោះ​ជម្លោះ​ក៏​ជា​បញ្ហា​រសើប​និង​ធ្វើ​ឲ្យ​ភាគី​ប្រឈមមុខគ្នា​ដែរ​។ យ៉ាងណាមិញ នេះ​ជា​លើក​ទី ១៣ ហើយ​លោក អា​បេ​និង​លោក ពូ​ទីន ជួបពិភាក្សា​គ្នា ហើយ​លោក អា​បេ យល់ថា ការជួប​ជជែក​គ្នា​ដោយផ្ទាល់​នេះហើយ​ជា​ឱកាស​សម្រាប់​គូភាគី​ដោះស្រាយ​បញ្ហា​។​

សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ជប៉ុន ធ្លាក់ចុះ​ខ្លាំង​តាំងពី​សម័យ​ក្រោយ​សង្គ្រាមលោកលើកទី​២ ម្ល៉េះ​។ ពោលគឺ​ក្រោយ​ពេលដែល​កងទ័ព​សូ​វៀត​កាន់​កាន់​កោះ​ចំនួន​នៅ​ភាគខាងត្បូង​នៃ​ប្រជុំ​កោះ Kuril ។

ដោយឡែក លោក អា​បេ ក៏បាន​លើកឡើង​ពី​រឿងរ៉ាវ​មួយចំនួន​ដែល​ភាគី​ទាំងពីរ ជប៉ុន​និង​រុស្ស៊ី​មិនអាច​រក​មូលដ្ឋាន​រួមគ្នា​ឃើញ​។ ក្នុងនោះ​មាន​បញ្ហា​សន្តិសុខ​អន្តរជាតិ​ដូចជា​សង្គ្រាម​ស៊ី​រី ជម្លោះ​អ៊ុយ​ក្រែ​ន និង​បញ្ហា​នុយក្លេអ៊ែរ​ផង​។ តែ​លោក អា​បេ ក៏​សង្ឃឹមថា ជប៉ុន​និង​រុស្ស៊ី​អាច​នឹង​ធ្វើការ​រួមគ្នា និង​ភ្ជាប់​ទំនាក់ទំនង​រួមគ្នា​ឲ្យ​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ស្របពេល​ជាមួយគ្នា​នោះ លោក អា​បេ​ក៏បាន​ឆ្លៀតឱកាស​លើកឡើង​ផងដែរ​ថា រដ្ឋាភិបាល​លោក​ឮ ត្រៀម​ស្វាគមន៍​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បើសិន​ជាមាន​ទស្សនកិច្ច​របស់លោក​ម​ក​កាន់​ប្រទេស​ជប៉ុន​នៅពេល​ខាងមុខ​៕


Tag:
 ​ស៊ីន​ហ្សូ អា​បេ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Kuril
© រក្សាសិទ្ធិដោយ thmeythmey.com