ជាតិ
អាជ្ញាធរ​គ្រោង​បើក​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​អង្គរវត្ត​នៅ​ថ្ងៃទី​៩
06, May 2016 , 7:59 pm        
រូបភាព
សៀមរាប​៖ ការងារ​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត គ្រោង​នឹង​បើក​ការដ្ឋាន នៅ​ថ្ងៃទី​៩ ដើម​សប្តាហ៍​ក្រោយនេះ​។ ការងារ​ជួសជុល​ស្ពាន​ហាល​នេះ គឺជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។​


​អាជ្ញាធរ​ជាតិ​អប្សរា និង​រាជរដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​បើក​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​អង្គរវត្ត (​ច្រកចូល​ខាងមុខ​) នៅ​ថ្ងៃទី​៩ ឧសភា​ខាងមុខនេះ​។ ពិធី​នេះ គ្រោង​មានការ​ចូលរួម​ពី​សំណាក់​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន និង​ភាគី​ជប៉ុន គឺ​លោក កូ​ម៉ា​ម៉ា​រ៉ូ យ៉ូ​ជី (KUMAMARU Yuji) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​

​យោងតាម​ឯកសារ​ប្រវត្តិ​ស្ពាន​ហាល​ខាងលិច​អង្គរ ដែល​រៀបរៀង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ពាន​នេះ មាន​ប្រវែង ១៩០​ម៉ែត្រ ទទឹង ១១,៦០​ម៉ែត្រ និង​កម្ពស់ ៤​ម៉ែត្រ​។ ស្ពាន​នេះ​សង់​ពី​ថ្មបាយក្រៀម ក្រាល​ដោយ​កម្រាល​ថ្មភក់ និង​លម្អ​ដោយ​បង្កាន់ដៃ​នាគ​ដ៏​ល្អ​ឯក​។

​អំឡុង​ទសវត្ស​ទី​៦០ សាលា​បារាំង​ចុង​បូព៌ា​ដែលមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការ​អភិរក្ស​តំបន់​អង្គរ​សម័យ​នោះ បាន​ជួសជុល​ស្ពាន​នេះ​មួយ​ចំហៀង​ខាងត្បូង​រួចរាល់​ជា​ស្ថាពរ​។ ចំណែក​ចំហៀង​ខាងជើង​មាន​ប្រវែង​១៩០​ម ទទឹង​៥,៥​ម​ទៀត គឺ​មិនទាន់បាន​ជួសជុល​នោះទេ​។ ទើបតែ​នៅ​ឆ្នាំ​១៩៩៦ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក​សាស្ដ្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​ហ្សា​វ៉ា បាន​បន្ត​កិច្ចការ​ជួសជុល​លើ​ចំណែក​ដែល​នៅ​សេសសល់​បាន​មួយ​កំណាត់​ប្រវែង​៩០​ម​ទៀត ដែល​ចំណាយពេល​អស់​១២​ឆ្នាំ ដោយ​ថវិកា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកាជាតិ​តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា​។​


​នៅក្នុង​ជំនួប​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ ជាមួយ​ឯកឧត្តម​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក​សាស្ដ្រាចារ្យ យូ​ស៊ី​អាគី អ៊ី​ស៊ី​ហ្សា​វ៉ា បានលើកឡើង​ពី​គម្រោង​ជួសជុល​ស្ពាន​ហាល​ក្នុងដំណាក់កាល​ទី​២​ជា​បន្តទៀត ដោយ​ភាគី​ជប៉ុន​នឹង​ផ្ដល់​អ្នកជំនាញការ​បច្ចេក​ទេស ព្រមទាំង​សម្ភារៈ​បច្ចេកទេស​ទំនើបៗ ដើម្បី​ងាយស្រួល​ក្នុង​កិច្ច​ការជួសជុល​។ ជាការ​រួមចំណែក​សហ​ការ​គ្នា អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបន្ទុក​ចំណាយ លើ​ប្រាក់បៀវត្ស និង​ឧបត្ថម្ភ​ផ្សេងទៀត​សម្រាប់​អ្នកជំនាញ​៥​នាក់ ជាងចម្លាក់​៣០​នាក់ កម្មករ​ជំនាញ​២០​នាក់ និង​និយោជិត​១៩​នាក់ ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​និង​ចំណាយ​សម្រាប់​ថែទាំ​និង​ជួសជុល ឡានស្ទូច និង​រថយន្ត ព្រមទាំង​ទិញ​សម្ភារៈ​សម្រាប់​គម្រោង​ដូចជា ថ្មបាយក្រៀម ថ្មភក់ និង​គ្រឿង​ឧបករណ៍​ផ្សេងៗ​ទៀត​ដើម្បី​បម្រើការ​គម្រោង​ឲ្យ​ដំណើរ​ទៅដោយ​រលូន​។​


​ម្យ៉ាងទៀត ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ក្នុងពេល​កំពុងដំណើរកា​រ​ជួសជុល អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ទទួលបន្ទុក​សាងសង់​ផ្លូវ​វាង​មួយ​ជា​បណ្តោះអាសន្ន​សម្រាប់​ភ្ញៀវទេសចរ​។

​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ  រដ្ឋាភិបាល​ជប៉ុន​ក៏បានផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ធុន​ធ្ងន់ ជូន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការងារ​ជួសជុល​ស្ពាន​ហាលមុខ​អង្គរវត្ត​នេះ​។ ពិធី​ប្រគល់​ទទួលបាន​ប្រារព្ធ​ឡើង​ក្នុងឱកាស​នៃ​កិច្ចប្រជុំពេញអង្គ លើ​ទី​២២ របស់​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​អង្គរ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​វត្តមាន​លោក សុខ អាន ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក KUMAMARU Yuji ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​

​ក្រៅពី​ផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ប្រើ​គ្រឿងចក្រ​ហើយ​នោះ រដ្ឋាភិបាល​ជប៉ុន បាន​ជួយ​បណ្តុះបណ្តាល​លើ​ការងារ​គ្រប់គ្រង​សុវត្ថិភាព​ជួសជុល​ស្ពាន​ហាល​ផងដែរ​។ ក្នុងនោះ​មានការ​បណ្ដុះបណ្ដាល​ជំនាញ ត​ថ្ម និង​ដាប់ថ្ម​សម្រាប់​ប្រើប្រាស់​ក្នុងការ​ជួសជុល​តាមបែប​បុរាណ ក៏ត្រូវ​បានរៀបចំ​ឡើង តាមរយៈ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា មាន​អ្នកជំនាញ​ជនជាតិ​ជប៉ុន​បាន​ស្ម័គ្រចិត្ត​មកជួយ​បង្ហាត់បង្ហាញ និង​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ដល់​អ្នកជំនាញ និង​កម្មករ​ខ្មែរ​។ ន​។ ការបណ្តុះបណ្តាល​នេះ គឺ​យោងទៅលើ​ការផ្តល់​បច្ចេកទេស​ជូន​កម្ពុជា ដើម្បី​សម្រេច​ទស្សនៈ “​ការងារ​ជួសជុល និង​ថែរក្សា​ប្រាសាទខ្មែរ ត្រូវធ្វើឡើង​ដោយ​ដៃ​ខ្មែរ សម្រាប់​កូន​ខ្មែរ​”៕


Tag:
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com