ជាតិ
យូណេស្កូ​បើក​ពិព័រណ៍​កម្ពុជា និង​សង្គ្រាមលោកលើកទី​១ នៅ​សារមន្ទីរ​ជាតិ​
07, May 2016 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖  អង្គការ​វប្បធម៌ UNESCO (The United Nations Educational, Scientific and Cultural Organization) ប្រចាំ​កម្ពុជា បាន​បើក​ពិព័រណ៍​ក្រោម​ប​ប្រធានបទ កម្ពុជា និង​សង្គ្រាមលោក​លើកទីមួយ «​បេតិកភណ្ឌ​ក្រោម​ទឹក​»  ដើម្បី​បង្ហាញ​អំពី​តួនាទី​កម្ពុជា​ក្នុងអំឡុង​សង្គ្រាមលោក​លើកទីមួយ​។ ការតាំងពិព័រណ៍​នេះ ប្រព្រឹត្តឡើង ចាប់ពី​ថ្ងៃ​៥ ខែឧសភា រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ នា​សារមន្ទីរ​ជាតិ​កម្ពុជា​។​


UNESCO បាន​តាំង​រូបថត វី​ឌី​អូ និង​ឯកសារ​ប្រវត្តិសាស្ត្រ​ជាង ៥០ ពាក់ព័ន្ធ​នឹង​កម្ពុជា ក្នុង​ដំណាក់​សង្គ្រាមលោកលើកទី​មួយ​។ ម្យ៉ាងទៀត អង្គការ​វប្បធម៌​មួយ មាន​គោលបំណង​បង្ហាញ​ពី​សារៈសំខាន់ នៃ​បេតិកភណ្ឌ​ក្រោម​ទឹក​ដែលជា​ផ្នែក​មួយ នៃ​បេតិកភណ្ឌ​ពិភពលោក បច្ចុប្បន្ន​។ ពិព័រណ៍​នេះ បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​សង្គ្រាមលោកលើកទី​១ និង​ការដឹក ជញ្ជូន​ប្រជាជន​តាម​កប៉ាល់​ពី​កម្ពុជា​ទៅ​អឺរ៉ុប ដើម្បី​ចូលរួម​សមរភូមិ​ប្រយុទ្ធ​ក្នុង​សង្គ្រាមលោក លើកទីមួយ​។

លោក ហ្វី​លី​ព ដឺ​ឡង់ អ្នកជំនាញ​ផ្នែក​វប្បធម៌​នៅ​អង្គការ​យូណេស្កូ​នៅ​រាជធានី​ភ្នំពេញ បាន​និយាយ​តាម​ប្រវត្តិសាស្ត្រ​ថា​៖«​មនុស្ស​ជាច្រើន​មិនដឹងថា ប្រទេស​កម្ពុជា​បានរួម​ចំណែក​ធ្វើ​សង្គ្រាមលោក​លើកទីមួយ​ទេ ប៉ុន្តែ​នេះ​ជា​កាតព្វកិច្ច​របស់​ពួកគេ ខណៈពេលដែល​ប្រទេស​កម្ពុជា ស្ថិត ក្រោម​អាណាព្យាបាល​បារាំង​»​។​

ពិព័រណ៍​នេះ រៀបចំឡើង​ដោយ​អង្គការ​យូណេស្កូ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សារមន្ទីរ​ជាតិ សាស្ត្រាចារ្យ សិស្ស និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យាល័យ​បារាំង Rene Descartes​។​

លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍ នៅ​ថ្ងៃទី​៥ ខែឧសភា សង្ឃឹមថា អ្នកចូលរួម​ទស្សនា​ទាំងអស់ នឹង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ និង​ព្រឹត្តិការណ៍​សំខាន់ៗ នៃ​សង្គ្រាមលោក​លើកទីមួយ ពិសេស​គឺ សារសំខាន់​នៃ​សំណល់​នានា នៅក្រោម​ទឹក កាលពី​អតីតកាល​។​

លោកស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា សង្ឃឹមថា ពិព័រណ៍​នេះ  នឹង​បំផុសគំនិត​សាធារណជន ឲ្យ​រួមគ្នា​អភិរក្ស និង​ស្រាវជ្រាវ​បេតិកភណ្ឌ​ក្រោម​ទឹក​ដែល បន្សល់ទុក​ពី​សម័យ​សង្គ្រាម​អតីតកាល​បន្ថែមទៀត ដើម្បី​បង្ហាញ​ដល់​អ្នកជំនាន់ក្រោយ​។​

ជាមួយគ្នា​ដែរ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ យល់ថា ពិព័រណ៍​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​ជំរុញ​យុវជន​ឲ្យ​ស្វែងយល់​ពី​គ្រោះមហន្តរាយ​នៃ​សង្គ្រាមលោក​លើកទីមួយ​។ លើសពីនេះ លោកស្រី​ថា ពិព័រណ៍ នឹង​ជួយ​ជំរុញ​យុវជន ឲ្យ​ចូលរួម​ថែរក្សា​សំណល់​បេតិកភណ្ឌ​ក្រោម​ទឹក​ដែល​បន្សល​ពី​សម័យ​សង្គ្រាម​ផងដែរ​។​

លោកស្រី​រដ្ឋមន្ត្រី សង្ឃឹមថា ពិព័រណ៍​នេះ នឹង​បំផុសគំនិត​ភាគី​ពាក់ព័ន្ធ​នានា បង្កើន​ការអភិរក្ស​ទីតាំង​ប្រវត្តិសាស្ត្រ ផ្សព្វផ្សាយ​តម្លៃ​វប្បធម៌ និង​បំផុសគំនិត​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​បន្សល់​តម្លៃ​មរតក​វប្បធម៌​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។​

គួរ​បញ្ជាក់ថា អង្គការ​យូណេស្កូ បាន​បង្កើត​អនុសញ្ញា​តាម​ក្របខណ្ឌ​ប្រទេស​នីមួយៗ ស្តីពី ការការពារ​បេតិកភណ្ឌ​ក្រោម​ទឹក​នៅ​ហ្នឹង​កន្លែង គ្មាន​ការធ្វើ​អា​ជីក​ម្ម ដោះដូរ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ ការទទួលស្គាល់​សម្រាប់​ការងារ​ស្រាវជ្រាវ​បុរាណវិទ្យា​ស​ក្រោម​ទឹក កាលពី​ឆ្នាំ ២០០១ ។ ប្រទេស​ចំនួន ៤៧ រួមទាំង កម្ពុជា​ផងដែរ បានផ្តល់​សច្ចាប័ន​លើ​អនុ​ញ្ញា​នេះ ក្នុង​ឆ្នាំ ២០០១ ៕








Tag:
 ​យូណេស្កូ​
  ពិព័រណ៍​
  កម្ពុជា​
  សង្គ្រាមលោក​
  សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com