អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រាំ​ឆ្នាំក្រោយ​បាត់បង់ ប៊ិន​ឡា​ដិ​ន ក្រុម​អាល់​កៃ​ដា​នៅតែ​បន្ត​ឥទ្ធិពល​របស់ខ្លួន​
07, May 2016 , 7:59 pm        
រូបភាព
អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ក្រោយ​ពេលដែល​ប្រមុខ​ដឹកនាំ​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​ពិសេស​អាមេរិក​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​។ បន្ទាប់​ពីនេះ ក្រុម​ភេរ​វករ អាល់​កៃ​ដា ហាក់ដូចជា​ធ្លាក់ដៃ​បាត់​ឥទ្ធិពល​ទៅលើ​ក្រុម​ជ្រុលនិយម​ឥស្លាម​មួយទៀត​គឺ​ក្រុម​រដ្ឋ​ឥស្លាម​។ ប៉ុន្តែ​ក្រុម​អាល់​កៃ​ដា មិនមែន​អស់អំណាច​ទាំងស្រុង​នោះទេ​។


​សហរដ្ឋអាមេរិក​បាន​សងសឹក​បានសម្រេច​លើ​ក្រុម​អាល់​កៃ​ដា ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០០១ ដោយបាន​សម្លាប់​មេដឹកនាំ អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន ក្នុង​ប្រតិបត្តិ​ការសម្ងាត់​លើទឹក​ដី​ប៉ា​គី​ស្ថាន​។ ការបាត់បង់ អូ​សា​ម៉ា ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ក្រុម​ជ្រុលនិយម​អាល់​កៃ​ដា ដែល​តែង​ធ្វើ​សកម្មភាព​ភេរវកម្ម​នៅ​ស្ទើរ​ទូទាំង​ពិភពលោក​។ បើទោះជា​ថមថយ​សកម្ម​ភាព​ក៏ដោយ មិនមែន​មានន័យថា ក្រុម​នេះ​អស់​ឥទ្ធិពល​ទាំងស្រុង​នោះទេ​។​

​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​ឡើង​ឈរលើ​ក្រុម​អាល់​កៃ​ដា ជា​ក្រុម​ដែល​បង្ក​ការភ័យខ្លាច​ដល់​ពិភពលោក​។ ប៉ុន្តែ​អាល់​កៃ​ដា នៅតែមាន​សមត្ថភាព​គំរាមកំហែង និង​ធ្វើ​សកម្មភាព​ភេរវកម្ម​ដដែល​។ ជាក់ស្ដែង ការវាយប្រហារ​លើ​កាសែត​បារាំង Charlie Hebdo ក្នុង​ក្រុងប៉ារីស និង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅ​អាហ្វ្រិក​ខាងលិច ជា​ភស្តុតាង​បង្ហាញថា អាល់​កៃ​ដា នៅតែ​ជា​ក្រុម​មាន​ឥទ្ធិពល និង​គ្រោះថ្នាក់​ដដែល​។ ជាមួយគ្នានេះ ក្រុម​អាល់​កៃ​ដា ឆក់​ឱកាស​ជម្លោះ​នៅ​ស៊ី​រី និង​យេ​ម៉ែន ដោយបាន​ការកាន់កាប់​ទឹកដី​មួយចំនួន​នៅ​ទីនោះ​។

​យ៉ាងណាក្ដី មក​ត្រឹម​ពេល​កងកម្លាំង​ពិសេស​អាមេរិក​សម្លាប់ ប៊ិន ឡា​ដិ​ន ក្នុង​ខែឧសភា ឆ្នាំ​២០១១ ក្រុម​អាល់​កៃ​ដា ដែល​ត្រូវបង្កើត​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ គឺ​បែកបាក់​ខ្លាំងណាស់​ទៅហើយ ខណៈដែល​សកម្មជនរ​បស់​ខ្លួន និង​មេដឹកនាំ​មួយចំនួន​ត្រូវបាន​សម្លាប់​ឬ​ចាប់ខ្លួន​ដោយ​អាមេរិក​។ ការបែកបាក់​នៅតែ​បន្ត នៅពេលដែល​មេដឹកនាំ​ថ្មី Ayman al-Zawahiri ស្នង​តំណែង ប៊ិន ឡា​ដិ​ន ហើយ​សាខា​មួយ​របស់​ក្រុម​នេះ ក៏​ទៅ​បង្កើត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។

​បន្ទាប់ពី​បង្កើត ក្រុម​នេះ​ក៏​ហៅ​ខ្លួនឯង​ថា រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ (ISIS) ឬ​រដ្ឋ​ឥស្លាម (IS) បង្ក​ព្យុះភ្លៀង​យ៉ាងខ្លាំង ដោយ​កាន់កាប់​ទឹកដី​ជាច្រើន​របស់​ស៊ី​រី និង​អ៊ីរ៉ាក់​។ ពី​ពេល​នោះមក ក្រុម​នេះ​កើន​ឥទ្ធិពល​លើសលប់​លើ​ក្រុម​អាល់​កៃ​ដា ហើយ​ថែមទាំង​ទាក់ទាញ​បាន​អ្នក​ប្រយុទ្ធ​ជាច្រើន​មក​ចូលរួម​ជាមួយ​ទៀតផង​។ លើសពីនេះ ក្រុម​នេះ​ក៏​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​ជាច្រើន​នៅ បារាំង បែលហ្ស៊ិក លី​ប៊ី អេ​ហ្ស៊ី​ប យេ​ម៉ែន ជាដើម​។ 

​បើទោះជា​បាត់បង់​ទឹកដី​មួយ​ភាគ​ទៅ​ក្រុម​រដ្ឋ​ឥស្លាម និង​ធ្លាក់ចុះ​ឥទ្ធិពល​ក្ដី មិនមែន​មានន័យថា អាល់​កៃ​ដា​បាត់​សូន្យ​នោះទេ​។ អាល់​កៃ​ដា នៅតែ​រក្សា​ឥទ្ធិពល​របស់ខ្លួន​នៅតាម​តំបន់​មួយចំនួន​នៅ​ទ្វីបអាហ្វ្រិក​ខាងជើង និង​តំបន់​មួយចំនួន​ក្នុង​ទឹកដី​ស៊ី​រី និង​យេ​ម៉ែន​។ នៅ​ស៊ី​រី ក្រុម​រណសិរ្ស Al Nusra នៅមាន​សមត្ថភាព​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​លោក អាសាដ និង​កាន់កាប់​ទឹកដី​មួយផ្នែក​ដែរ​។

​ចំណែក​នៅ​យេ​ម៉ែន​វិញ សាខា​ក្រុម​អាល់​កៃ​ដា ក៏បាន​គ្រប់គ្រង​ទឹកដី​ជាច្រើន​ផងដែរ ខណៈ​កងកម្លាំង​ឧទ្ទាម​ហ៊ូ​ធី និង​ទាហាន​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​គ្នា​នោះ​។ នៅឯ​អាហ្វ្រិក​ខាងជើង​វិញ សាខា​ក្រុម​អាល់​កៃ​ដា តែង​វាយប្រហារ​ក្នុងប្រទេស​ម៉ាលី បួ​គី​ណា​ហ្វា​សូ និង​កូដ​ឌី​វ័រ ជាដើម​។​

​ជាមួយនឹង​ការបន្ត​សកម្ម​ភាពមិន​ឈប់​បែបនេះ បង្ហាញថា ថ្វីដ្បិតតែ​មេដឹកនាំ​កំពូល អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន បាត់បង់​ជីវិត​ក៏ដោយ ក៏​ក្រុម​អាល់​កៃ​ដា​នៅ​ជា​ក្រុម​គ្រោះថ្នាក់ និង​ខ្លាំងក្លា​មួយ ទោះជា​ធ្លាក់ចុះ​ឥទ្ធិពល​ខ្លះ ដោយសារ​ការ​ងើបឡើង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក៏ដោយ​៕  



Tag:
 ​តា​លី​បង់​
  ប៊ិន​ឡា​ដិ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com