អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រទេស​មហាអំណាច​ចូលចិត្ត​ប្រើ​ទណ្ឌកម្ម ដែល​មិនសូវ​បាន​ផល​
07, May 2016 , 10:19 pm        
រូបភាព
ទណ្ឌកម្ម​ដែល​ភាគច្រើន​ជា​សេដ្ឋកិច្ច ត្រូវបាន​ប្រើ​ជា​ញឹកញយ​សម្រាប់​ដាក់​លើ​ប្រទេស​ដែល​ល្មើ​សនឹង​ការសម្រេច​របស់​អង្គការសហប្រជាជាតិ​។ មហាអំណាច​ពិភពលោក​ពឹង​ផ្អែកលើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​ចាប់បង្ខំ​រដ្ឋាភិបាល​ប្រទេស​មួយចំនួន​បញ្ឈប់​កម្ម​វិធី​អភិវឌ្ឍ​អាវុធ បញ្ឈប់​ការវាយប្រហារ​លើ​ប្រជាជន ឬ​ឲ្យ​គោរព​លទ្ធផល​ឆ្នោត​ជាដើម​។ ប៉ុន្តែ​ទណ្ឌកម្ម​ទាំងនោះ មិនសូវ​ជា​បាន​ផល​នោះទេ​។



មកទល់ពេលនេះ ប្រទេស​ចំនួន​យ៉ាងតិច​១៦ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ទណ្ឌកម្ម​។ ទណ្ឌកម្ម​ត្រូវបាន​ប្រើ​លើ​ប្រទេស​ដែល​មិន​គោរព ឬ​ល្មើស​បំពាន​ច្បាប់​អន្តរជាតិ ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​ទាំងនោះ​ងាក​មក​ដើរ​តាម​បទបញ្ញត្តិ​អន្តរជាតិ​វិញ​។ យ៉ាងណាមិញ ទណ្ឌកម្ម​ទាំងនោះ​មិនមែន​សុទ្ធ​តែមាន​ប្រសិទ្ធភាព​នោះទេ ដ្បិត​ប្រទេស​ដែល​រង​ទណ្ឌកម្ម​មិន​ខ្វល់​នឹង​ការគាបសង្កត់​ទេ​។    

ក្នុង​ខែមីនា ឆ្នាំ​២០១៦ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ដាក់ទណ្ឌកម្ម​ដ៏​តឹងតែង​មួយ​ប្រឆាំងនឹង​កូរ៉េខាងជើង ក្រោយពី​ប្រទេស​នេះ​បាញ់​មី​ស៊ី​ល និង​សាកល្បង​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​បែរ​ឆ្លើយតប ដោយ​បាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ ដោយ​រួមទាំង​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​នៅ​ថ្ងៃទី​២៣ ខែមេសា​។ គេ​មិន​រំពឹង​ទេ​ថា លោក គីម ជុង​អ៊ុន នឹង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ ដរាបណា​ក្រុង​ព្យុងយ៉ាង​មិនទាន់មាន​សមត្ថភាព​បា​ញ់​នុយក្លេអ៊ែរ​ដល់​ទឹកដី​អាមេរិក​នោះ​។​

ខណៈដែល​សម្ពាធ​ទណ្ឌកម្ម​ហាក់​មាន​ប្រសិទ្ធភាព​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ វា​មិន​ដូចគ្នា​ក្នុងករណី​កូរ៉េខាងជើង​នោះទេ​។ លោក Daniel Wagner មកពី​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​មួយ​និយាយថា ទណ្ឌកម្ម​បាន​បរាជ័យ​ក្នុងការ​សម្រេច​គោលដៅ​។ ប្រទេស​ខ្លះ​អា​ចរក​វិធីសាស្ត្រ​គេចវេស​ពី​ទណ្ឌកម្ម ហើយ​ថែមទាំង​អាច​វាយបក​លើ​ទណ្ឌកម្ម​វិញ​ផង​។​

ជាមួយនឹង​ទណ្ឌកម្ម​ដែល​កាន់តែ​ធ្ងន់​ទៅៗ កូរ៉េខាងជើង​នៅតែ​សាកល្បង​អាវុធ​របស់ខ្លួន និង​ពេលខ្លះ​គំរាម​វាយប្រហារ​លើ​កូរ៉េខាងត្បូង និង​អាមេរិក​ទៅទៀត​។ មួយវិញទៀត ទណ្ឌកម្ម​ដែល​ត្រូវ​បានដាក់ មិនបាន​ប៉ះពាល់​ដល់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ទេ តែ​ប្រជាជន​កូរ៉េខាងជើង​ទៅវិញ​ទេ ដែល​រងគ្រោះ​ព្រោះ​ការបិទ​សេដ្ឋកិច្ច​ពី​សំណាក់​អន្តរជាតិ​។

យ៉ាងណាក្ដី ទណ្ឌកម្មសេដ្ឋកិច្ច​ពិតជា​មិន​អាចមាន​ប្រសិទ្ធភាព​ភ្លាមៗ​នោះទេ ប៉ុន្តែ​ទាមទារ​ការអត់ធ្មត់​ក្នុង​រយៈពេល​វែង​។ សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជា​ឧទាហរណ៍​មួយ​ដែល​បញ្ជាក់​ច្បាស់​ថា គេ​ត្រូវ​អត់ធ្មត់​ទម្រាំ​ដល់​ដែល​សម្ពាធ​ទាំងនោះ​មាន​ប្រសិទ្ធភាព​។

ក្រុមប្រឹក្សាសន្តិសុខ​បានចេញ​សេចក្ដីសម្រេច​ជាច្រើន សំដៅដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៦ ដោយ​ទាមទារ​ឲ្យ​ប្រទេស​ឥស្លាម​មួយ​នេះ បោះបង់​ការ​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ និង​ដំណើរការ​អភិវឌ្ឍ​សារធាតុ​ទាំងនោះ​។ ការ​រឹត​ត្បឹ​ត​ទាំងនោះ ពិតជា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ៊ីរ៉ង់ នាពេល​បន្ត​បន្ទាប់មក​។    

យោងតាម​ទិន្នន័យ​របស់​មូលនិធិ​រូបិយ​បណ្ណ​ពិភពលោក អ៊ីរ៉ង់​ឆ្លើយតប​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច បាន​ទម្លាក់​តម្លៃ​រូបិយ​បណ្ណ​Rial របស់ខ្លួន​ប្រមាណ​៥០​ភាគរយ ក្នុង​ឆ្នាំ​២០១៣​។ មន្ត្រី​អាមេរិក​និយាយថា ទណ្ឌកម្ម​លើ​ប្រេង និង​ឧស្សាហកម្ម​ធនាគារ ធ្វើ​ឲ្យ​អ៊ីរ៉ង់​ខាតបង់​ទឹកប្រាក់​ច្រើនជាង​១២០​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥​។ ចំណែក​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ក៏​ធ្លាក់ចុះ​ប្រមាណ​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១២ និង​២​ភាគរយ​ក្នុង​ឆ្នាំ​២០១៣​។ 

ក្នុងករណីនេះ គេ​សង្កេតឃើញថា ទណ្ឌកម្ម​បានបង្ហាញ​ប្រសិទ្ធភាព បើទោះជា​យឺត​បន្តិច​ក៏ដោយ​។ ជាមួយនឹង​សម្ពាធ​ពី​អន្តរជាតិ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​បណ្ដាលមកពី​ទណ្ឌកម្មសេដ្ឋកិច្ច អ៊ីរ៉ង់​ត្រូវមាន​ជម្រើស​តែមួយ​ប៉ុណ្ណោះ គឺ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ ឬ​ចូលរួម​ជាមួយ​សហគម​ន៍​សេដ្ឋកិច្ច​អន្តរជាតិ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com