អន្តរជាតិ
លោក អូ​បា​ម៉ា នឹង​ទៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា តែ​មិន​សុំទោស​រឿង​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​ឡើយ​
11, May 2016 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ជាទី​ដែល​កងទ័ព​អាមេរិក​ទម្លាក់​គ្រាប់​បរមាណូ​កាលពី​៧០​ឆ្នាំមុន ក្នុងពេល​សង្គ្រាមលោកលើកទី​ពីរ​។ លោក​នឹង​ក្លាយជា​ប្រធានាធិបតី​ក្នុង​តំណែង​ទីមួយ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​នោះ ប៉ុន្តែ​លោក​នឹងមិន​សុំទោស​ចំពោះ​សកម្មភាព​ពី​អតីតកាល​នោះទេ​។



សូមស្ដាប់ព័ត៌មានលម្អិត៖​




​សេត​វិមាន​អាមេរិក​និយាយថា ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ដំណើរ​ទៅ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា នៅ​ថ្ងៃទី​២៧ ខែឧសភា ក្នុងពេលដែល​លោក​ស្ថិតក្នុង​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​មហាអំណាច​ទាំង​៧ (G7) នៅ​ចុងខែ​នេះ​។ លោក​នឹង​អមដំណើរ​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ទៅកាន់​ទី​ដែល​អាមេរិក​ទម្លាក់​គ្រាប់​បរមាណូ​ក្នុង​ឆ្នាំ​១៩៤៥ ដែល​បង្ខំ​ឲ្យ​ជប៉ុន​ចុះចាញ់​សង្គ្រាម​។ យ៉ាងណាក្ដី ការ​សុំទោស​ណាមួយ​ចំពោះ​រឿងនេះ នឹង​មិនមាន​នោះទេ​។

​ជាមួយនឹង​ទស្សនកិច្ច​នេះ លោក​អូ​បា​ម៉ា ដែលជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០០៩ នឹង​លើក​ពី​ជំហរ​របស់លោក​ក្នុងការ​ទប់ស្កាត់​ការ​សាយភាយ​នុយក្លេអ៊ែរ​។ ក្នុង​សេចក្ដីប្រកាស​នៅ​ថ្ងៃទី​១០ ខែឧសភា សេត​វិមាន​បញ្ជាក់ដែរថា ខណៈដែល​អាណត្តិ​របស់​លោក​នឹង​ចប់​នៅ​ចុងឆ្នាំ​២០១៦ លោក​អូ​បា​ម៉ា​នឹង​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុង​ការរក្សា​សន្តិភាព​និង​សន្តិសុខ​ពិភពលោក ដែល​គ្មាន​នុយក្លេអ៊ែរ​។      

​សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា លោក​អូ​បា​ម៉ា​នឹងមិន​រម្លឹក​ពី​ការសម្រេចចិត្ត​ប្រើប្រាស់​នុយក្លេអ៊ែរ ដើម្បី​បញ្ចប់សង្គ្រាម​នោះទេ​។ ជំនួស​មកវិញ ប្រធានាធិបតី​រូបនេះ​នឹង​លើកឡើង​ពី​ទស្សនវិស័យ​ទៅមុខ ដែល​នឹង​ផ្ដោតលើ​ការ​អនាគត​រួមគ្នា​។ នេះ​ក៏​ដោយសារតែ លោក អូ​បា​ម៉ា កំពុងតែ​ជំរុញ​ឲ្យ​ពិភពលោក​ទាំងមូល​គ្មាន​នុយក្លេអ៊ែរ ដែលជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​ឥត​គណនា​។

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា លើក​នេះ គឺជា​ផ្នែក​នៃ​ដំណើរ​នៅ​អាស៊ី​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៨ ខែឧសភា ដែល​រួមបញ្ចូល​ទាំង​ការចូលរួម​ប្រជុំ​G7 នៅ​ជប៉ុន និង​ធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​វៀតណាម​។ ទស្សនកិច្ច​នេះ​ក៏​ជាការ​បញ្ជាក់​ម្ដងទៀត​ពី​នយោបាយ​ងាក​មក​តំបន់​អាស៊ី​របស់​អាមេរិក បើទោះជា​ពេលខ្លះ មិនសូវ​ជា​ច្បាស់លាស់​ក៏ដោយ​។

​ជាមួយគ្នានេះដែរ ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ជា​សញ្ញា​បង្ហាញ​ពី​ការផ្សះផ្សា​រវាង​អាមេរិក​និង​ជប៉ុន ប៉ុន្តែ​លោក​អូ​បា​ម៉ា​ហាក់​មានការ​ប្រុងប្រយ័ត្ន​ជាមួយ​ដំណើរ​លើក​នេះ​។ លោក​ត្រូវ​បញ្ជាក់ថា ដំណើរ​នេះ​មិនមែន​ជាការ​សុំទោស​ចំពោះ​ការទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​នោះទេ​។ លោក Josh Earnest លេខាធិការ​ព័ត៌មាន​របស់លោក អូ​បា​ម៉ា ប្រាប់​អ្នកព័ត៌មាន​ថា ក្នុងពេលដែល​លោក អូ​បា​ម៉ា យល់​ពី​ការទទួលខុសត្រូវ​រប​ស់​អាមេរិក​ជា​ប្រទេស​តែមួយគត់​ដែល​ប្រើ​នុយក្លេអ៊ែរ ប្រធានាធិបតី​អាមេរិក​ក៏​នឹង​នាំមុខគេ​ក្នុង​លុបបំបាត់​អាវុធ​នេះដែរ​។

​សូម​រម្លឹកថា នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៤៥ ទាហាន​អាមេរិក​បាន​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ហើយ​បានសម្លាប់​មនុស្ស​ប្រមាណ​១៤​ម៉ឺន​នាក់ ដោយ​គិត​នៅ​ចុងឆ្នាំ​ដដែល​។ បី​ថ្ងៃ​បន្ទាប់ គ្រាប់បែកនុយក្លេអ៊ែរ​មួយ​គ្រាប់​ទៀត​ក៏ត្រូវ​ទម្លាក់​នៅ​ណាហ្គា​សា​គី ដែល​បង្ខំ​ឲ្យ​ជប៉ុន​ចុះចាញ់​សង្គ្រាមលោកលើកទីពីរ​។ ប្រជាជន​អាមេរិក​ភាគច្រើន​គិតថា ការទម្លាក់​នេះ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​បញ្ចប់សង្គ្រាម ប៉ុន្តែ​ពលរដ្ឋ​ជប៉ុន​គិតថា នេះ​មិន​ត្រឹមត្រូវ​នោះទេ​៕          


Tag:
 បា​រ៉ា​ក់​អូ​បា​ម៉ា​
 ​ អាមេរិក​
  ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com