ជាតិ
ក្រសួង​កិច្ចការនារី និង​សង្គម​ស៊ីវិល ជំរុញ​ស្ត្រី​ឲ្យ​ប្រឡូក​ចូល​វិស័យ​នយោបាយ​
11, May 2016 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​កិច្ចការនារី អង្គការ​មិនមែន​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ បាន​ជំរុញ​ស្ត្រី​ឲ្យ ប្រឡូក​ចូល​វិស័យ​នយោបាយ​ជាមួយនឹង​បុរស ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ស្ត្រី​ជួបប្រទះ​។ យ៉ាងណា សង្គម​ស៊ីវិល​មើលឃើញថា គណបក្សនយោបាយ​បាន​រើសអើង​ស្ត្រី​ឈរឈ្មោះ​ជា​មេដឹកនាំ បើ​ធៀប​នឹង​បុរស ទោះបីជា​ពួកគេ​មាន​គោលការណ៍​លើកកម្ពស់​ស្ត្រី​ក្តី​។​



​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ទទួលស្គាល់​ថា ស្ត្រី​ពិតជា ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ពិសេស​គឺ ការដោះស្រាយ​បញ្ហា​ស្ត្រី ព្រោះ​ពួកគេ​យល់ច្បាស់​ពី​បញ្ហា​ស្ត្រី​ផ្ទាល់​។​

​រដ្ឋមន្ត្រីក្រសួង​ការ​កិច្ចការនារី​របស់​រដ្ឋា​ភិ​បាល បាន​ថ្លែង​ក្នុង​ពិធី​បើក​ការអនុវត្ត​គម្រោង​ស្ត្រី​ក្នុង វិស័យ​នយោបាយ នៅ​ថ្ងៃទី​១១ ឧសភា​នេះ​ថា រដ្ឋាភិបាល បានដាក់​គោលនយោបាយ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​លើ​គ្រប់​វិស័យ ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​ជាមួយនឹង​បុរស​។ លើសពីនេះ លោកស្រី បានផ្តល់​យោបល់​ដល់​ស្ត្រី​គ្រប់រូប គួរ​ស្វែងរក​ការបណ្តុះបណ្តាល​សមត្ថភាព​ជំនាញ​ពួកគេ​បន្ថែមទៀត ដើម្បី​ពង្រឹងសមត្ថភាព​ដឹកនាំ​ក្នុង​វិស័យ​នយោបាយ​។ លោកស្រី​រដ្ឋមន្ត្រី​នារី​រូបនេះ ជឿជាក់ថា អ្នកបោះឆ្នោត​នឹងមិន​គាំទ្រ​ស្ត្រី​ទេ ប្រសិនបើ​ស្ត្រី​ពុំមាន​សមត្ថភាព​តស៊ូ​ដោះស្រាយ​បញ្ហា​។​



​លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​៖«​ស្ត្រី​នៅក្នុង​វិស័យ​នយោបាយ​ត្រូវតែ​ចេះ​ចរចា តស៊ូ​មតិ​ក្នុង​ការធ្វើ យុទ្ធនាការ​របស់ខ្លួន ដើម្បី​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​យើង​...​។ អ្នកបោះឆ្នោត​មាន​ស្ត្រី និង​បុរស តើ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ស្ត្រី​បោះឆ្នោត​ឲ្យ​ស្ត្រី​? កន្លងមក ស្ត្រី​ខ្លួនឯង​នៅ​មិនមាន​ជំនឿ​លើ​ស្ត្រី​ដែល ប្រឡូក​ចូលក្នុង​វិស័យ​នយោបាយ​។ តើ​មាន​មូលហេតុ​អ្វី​»?



​បន្ថែម​លើសពីនេះ លោកស្រី បាន​អំពាវនាវ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចូលរួម​ពិភាក្សា​ដោះស្រាយ​បញ្ហា​ស្ត្រី​បន្តទៀត ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​លើ​គ្រប់​វិស័យ​។​

​យ៉ាងណា សង្គម​ស៊ីវិល​មើលឃើញថា ស្ត្រី​មាន​សមត្ថភាព​ដឹកនាំ​ដូច​បុរស​ដែរ តែ​ពួកគេ​ពុំ​មានឱកាស​ទទួលបាន​តំណែង​ដឹកនាំ​ស្ថាប័ន បច្ចុប្បន្ន​។ នាយិកា​អង្គការ​សីល​ការ អ្នកស្រី ធីតា ឃឹះ ពុំ​យល់ឃើញ​ដូច​លោកស្រី​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ឡើយ​។​



​ប្រធាន​អង្គការ​សីល​ការ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ត្រី​ភាគច្រើន ពុំមាន​ឱកាស​ចូលរួម​ធ្វើ ការសម្រេចចិត្ត​នោះទេ ពីព្រោះ​គណបក្សនយោបាយ​ភាគច្រើន បានដាក់​បេក្ខជន​ភាគច្រើន ជា​អ្នក​ស​ម្រេ​ចិត្ត​។ លោកស្រី បន្ត​ទទួលស្គាល់​តាមរយៈ​ការចូលរួម​វិស័យ​នយោបាយ​ថា ស្ត្រី​ពិតជា​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ដើម្បី​ធានា​ឲ្យ​មាន​តុល្យភាព និង​និរន្តរភាព​រវាង​ស្ត្រី និង​បុរស​។​

​លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​៖«​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ គឺ​ការរើសអើង​។ គ្រប់​គណបក្សនយោបាយ​ទាំងអស់ រើសអើង​ស្ត្រី ដូច្នេះ​គេ​ត្រូវការ​វិធានការ​ផ្ទៃក្នុង វិធានការ​ច្បាប់ ដើម្បី​ធ្វើយ៉ាងណា ផ្តល់ឱកាស​ដល់​ស្ត្រី​ចូលរួម​ធ្វើការ​សម្រេចចិត្ត​។ មិនមែន​មានន័យថា ស្ត្រី​អត់​ចេះ​ទេ​...​។ អ្នក​ដែល​ធ្វើការ​សម្រេចចិត្តថា តើ​អ្នកណា​គេ​ដែល​ត្រូវដាក់​ក្នុង​បញ្ជី ហើយ អ្នកណា​គេ​ត្រូវដាក់ ក្នុង​លំដាប់​បញ្ជី​លេខ​មួយ លេខ​ពីរ​យ៉ោ​ង​ម៉េច​? អ្នកធ្វើការ​សម្រេចចិត្ត​អស់នេះ សុទ្ធតែ​បុរស​»​។​



​មិន​ខុសគ្នា​ដែរ លោកស្រី ជា ស៊ុន​ដា​ណែ​ត នាយិកា​ប្រតិបត្តិ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ទទួល ស្គាល់​ថា ស្ត្រី ពិសេស​ស្ត្រី​វ័យក្មេង ពិត​ជាមាន​បញ្ហា​ប្រឈម​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត ក្នុង​វិស័យ​នយោបាយ ព្រោះ​គណបក្សនយោបាយ​មិនបាន​ដឹង​ពី​សក្តានុពល​បេក្ខភាព​ស្ត្រី​។ ម្យ៉ាងទៀត លោកស្រី បន្តថា ស្ត្រី​ខ្លួនឯង​ទៀតសោត ពុំមាន​សមត្ថភាព​គ្រប់គ្រាន់​ថ្លែងប្រាប់ ពលរដ្ឋ​ពី​គោលនយោបាយ ដើម្បី​ដណ្តើមយក​សន្លឹកឆ្នោត​ពី​អ្នកបោះឆ្នោត​។​

​លើសពីនេះ នាយិកា​ប្រតិបត្តិ​មណ្ឌល​ព័ត៌មាន​ស្ត្រី​រូបនេះ លើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ កម្រ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទិន​នឹង​ការលើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ដើម្បី​បង្កើន​បេ​ក្ខ ភាព​ស្ត្រី​ជា​តំណាងរាស្ត្រ និង​អ្នកដឹកនាំ​ស្ត្រី​គំរូ នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ មាន​គោលបំណង​បង្កើន​ចំនួន​ស្ត្រី​ឲ្យ​ឈរ ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ឆ្នាំ ២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៨ ខាងមុខ​។ គម្រោង​នេះ រៀបចំឡើង​ដោយ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អង្គការ​បន្ទាយស្រី និង អង្គការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ ក្រោម​ជំនួយ​មូលនិធិ​ពី​សហភាព​អឺរ៉ុប​។ គម្រោង​នេះ មាន​រយៈពេល ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦ ដល់​២០១៨ ហើយ​វា​នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្តសៀមរាប​៕


Tag:
 ក្រសួង​កិច្ចការនារី​
  សង្គម​ស៊ីវិល​
  ស្ត្រី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com