ជាតិ
កម្ពុជា​នៅតែ​ព្រួយបារម្ភ​ចំពោះ​កាកសំណល់​គ្រាប់បែក​ចង្កោម
12, May 2016 , 7:39 pm        
រូបភាព
​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ព្រួយបារម្ភ​ចំពោះ​គ្រាប់បែក​ចង្កោម ដែល​បន្សល់​ពី​សម័យ​ស​ង្គ្រា​ម​។ កាកសំណល់​គ្រប់​ផ្ទុះ​ទាំងនោះ នៅ​មិនទាន់​ត្រូវបាន​បោសសម្អាត នោះទេ ដែលជា​ហេតុ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ក្នុង​តំបន់​មួយចំនួន​។  



​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចៅ ភិ​រុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស​នៃ​ក្រសួងការពារជាតិ បាន​លើកឡើងថា គ្រាប់បែក​ចង្កោម គឺជា​ប្រភេទ​អាវុធ​ផ្ទុះ ដែល​បាន​សេសសល់​តាំងពី​សម័យ​សង្គ្រាម ជាពិសេស​ក្នុងអំឡុង​ឆ្នាំ​១៩៧០​និង​ឆ្នាំ​១៩៧៥ ។  លោក​ថា កាកសំណល់​នៃ​គ្រាប់បែក​ចង្កោម កំពុង​រាតត្បាត និង​ប៉ះពាល់​ដល់​សន្តិសុខ ព្រមទាំង​សុខមាលភាព​របស់​ប្រជាជន​កម្ពុជា នៅ​បណ្តា​ខេត្ត​មួយចំនួន ជាពិសេស​តំបន់​ដែល​ធ្លាប់មាន​សង្គ្រាម​ក្នុង​អតីតកាល​។

​លោក ចៅ ភិ​រុណ បានបញ្ជាក់​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល​នៅតែមាន​កង្វល់​យ៉ាងខ្លាំង ទាក់ទិន​ទៅនឹង​គ្រាប់បែក​ចង្កោម​។ គ្រាប់បែក​ចង្កោម​យ៉ាងច្រើន ត្រូវបាន​គេ​ប្រើ​នៅលើ​ទឹកដី​កម្ពុជា ហើយ​គ្រាប់បែក​ចង្កោម​ទាំងនោះ​ក៏​មិនទាន់​ត្រូវបាន​បោសសម្អាត​ឲ្យ​ជ្រះស្រឡះ​ពី​ភូមិសាស្ត្រ សម្រាប់​ប្រកប​រកស៊ី​របស់​ប្រជាពលរដ្ឋ​»​។ 



​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​ពន្យល់ថា គ្រាប់បែក​ចង្កោម ជា​ប្រភេទ​គ្រាប់បែក​ដែលមាន​លក្ខណ​ប្លែក​។ លោក​ថា បើតាម​ការសិក្សា​កន្លង​មក គ្រាប់បែក​ចង្កោម​ដែលមាន​នៅ​កម្ពុជា ភាគច្រើន​គឺជា​គ្រាប់កាំភ្លើង​ធំ​ផង និង​គ្រាប់​ទម្លាក់​ផង​។

​យ៉ាងណាក៏ដោយ លោក ចៅ ភិ​រុណ មិនអាច​បញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​រងគ្រោះថ្នាក់​ឬ​បាត់បង់​អាយុជីវិត​ក្នុង​មួយឆ្នាំៗ ដោយសារតែ​គ្រាប់បែក​ចង្កោម​នោះទេ​។ លោក គ្រាន់តែ​បកស្រាយ​ថា តំបន់​ភាគ​ឦសាន រួមមាន​ខេត្តព្រះវិហារ ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ត្រូវបាន​គេ​សន្និដ្ឋានថា ជា​តំបន់​ដែលមាន​គ្រាប់បែក​ចង្កោម​ច្រើនជាងគេ ដែល​បង្កក្តី​កង្វល់​យ៉ាងខ្លាំង​ដល់​ប្រជាជន​ក្នុង​តំបន់​ទាំងនោះ​។ 

​ការ​ថ្លែង​របស់លោក ចៅ ភិ​រុណ ខាងលើ ធ្វើឡើង​ក្នុង​វេទិការ​សាធារណ​ក្រោម​ប្រធានបទ «​បញ្ហា​ទូទាំង​សាកលលោក ពាក់ព័ន្ធ​នឹង​សំណល់​គ្រាប់បែក​ចង្កោម​និង​អនុសញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម​» ដែល​ប្រារព្ធ​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល នា​ថ្ងៃទី​១២ ឧសភា​នេះ​។ ភាគី​ពាក់ព័ន្ធ​ជាច្រើន រួមមាន តំណាង​ស្ថានទូត​ជប៉ុន​និង​តំណាង​ស្ថានទូត​ឡាវ ព្រមទាំង​តំណាង​អង្គការ​អន្តរជាតិ​មួយចំនួនទៀត បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​៕


Tag:
 គ្រាប់បែក​ចង្កោម​
  ចៅ ភា​រុណ​
© រក្សាសិទ្ធិដោយ thmeythmey.com