ពីនេះ ពីនោះ
រឿង​ខ្លី​គួរ​ពិចារណា​៖ ហង្ស និង​ក្អែក​(​ភាគ​៥)
14, May 2016 , 8:19 pm        
រូបភាព
ដោយ:
 ​ ​នៅតាម​ផ្លូវធំ​ទៅកាន់​ក្រុង​ឧ​ជ្ជ​យិ​នី មាន​ដើម​បិ​ប្ប​លៈ​មួយ​ដើម មាន​មែក​ទ្រ​ឈឹង​ទ្រ​ឈៃ​។ សត្វ​ហង្ស​នឹង​ក្អែក​អាស្រ័យ​នៅលើ​ដើមឈើ​នោះ​។ នៅក្នុង​រដូវក្តៅ មាន​អ្នកដំណើរ​ម្នាក់​ដើរ​មកដល់​អស់កម្លាំង​ណាស់ ឃើញ​ម្លប់​ត្រជាក់​ស្រួល ដាក់​ធ្នូ​នឹង​សរ​ក្បែរ​គល់ឈើ​ប្រាស់​ខ្លួន​ដេក​លន់លក់​ទៅ​។

ក្រោយ​បន្តិច​មក ម្លប់​ដើមឈើ​នោះ រែ​បែរ​ឃ្លាត​ចេញពី​មុខ​អ្នកដំណើរ​នោះ​។ កាលនោះ​ហង្ស​ទំ​នៅលើ​ដើមឈើ​នោះ ក្រឡេក​ទៅ​ឃើញ​មុខ​អ្នកដំណើរ ចាំង​ដោយ​កំដៅ​ព្រះអាទិត្យ កើតមាន​ចិត្ត​ល្អជា​ចិត្តបុណ្យ​ដ៏​ត្រជាក់ត្រជំ ទើប​កាងស្លាប​ខ្លួន​បាំង​កំដៅ​ព្រះអាទិត្យ ឲ្យ​ម្លប់​ទៅ​ចំ​មុខ​អ្នកដំណើរ​នោះ​ដោយ​ចិត្ត​អាណិត​។ រី​អ្នកដំណើរ​កំពុង​អស់កម្លាំង​ខ្លាំង បាន​ម្លប់​ត្រជាក់​ស្រួល ក៏​ដេកលក់​ស៊ុប​ច្រហ​មាត់​ធ្លុង​។ គ្រា​នោះឯង​, ក្អែក​ដែល​នៅ​ជាមួយគ្នា ជា​សត្វ​មានចិត្ត​អាក្រក់​ជាស​ភាព​ទុជ៌ន​ពី​កំណើត តែង​ត្រ​ណែន​ជន​ដទៃ​ជានិច្ច មិន​ចង់​ឲ្យ​គេ​បាន​សេចក្តីសុខ​សោះ ក៏​បន្ទោបង់​អាចម៍​ឲ្យ​ធ្លាក់​ទៅ​ចំ​ប៉ាច់​ក្នុង​មាត់​នៃ​អ្នកដំណើរ​នោះ ហើយ​ហើរ​ចេញ​បាត់ទៅ​ភ្លាម​។ អ្នកដំណើរ​ត្រូវ​អាចម៍​ក្អែក​ស្អុយ​មួយ​ដុំ​ចំ​មាត់ ក្នាញ់​ណាស់​ក្រោក​គ្រទីគ្រទា​ឡើង​ក្រឡេកមើល​ទៅលើ ឃើញតែ​ហង្ស​មិនឃើញ​ក្អែក ក៏​ចាប់ទាញ​ធ្នូ​មកហើយ​បាញ់ ដ​ម្រ​ង់​ទៅ​ត្រូវ​ស្លាប់ទៅ​ហោង​។ ហេតុ​នោះ​ហើយ​បានជា​ខ្ញុំ​(​សេក​) ពោលថា​៖«​បុគ្គល​មិន​គប្បី​ឋិត​នៅ​»​ដូច្នេះ​ដើម​(​លេខ​២២)​។ 
 
​សេក​រៀបរាប់​តទៅទៀត​ថា​៖«​ទេវៈ​! ខ្ញុំបាទ​នឹង​និយាយ​រឿង​ក្អែក​នឹង​ទទា​តទៅទៀត​, សូម​លោក​ម្ចាស់​ប្រុង​ស្តាប់​៖
 
(​សូម​តាមដាន​ភាគ​បន្ត​)
​ប្រភព​៖ «​ស្រី​ហិ​តោ​បទេស​» បកប្រែ​ពី​ភាសា​ស្ក្រឹ​ត ដោយ​ភ​ក្ខុ ប៉ាង ខាត់  
   
 

Tag:
 ស្រី​ហិ​តោ​បទេស​
© រក្សាសិទ្ធិដោយ thmeythmey.com