ជាតិ
ប្រាក់​ពិន័យ​ចរាចរណ៍​៖ ​សម្ដេច ស ខេង ព្រមាន​ដក​សក្តិ​ស្នងការ​នគរបាល ដែល​អនុវត្ត​ខុស​គោលការណ៍​
16, May 2016 , 10:42 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​ប្រាប់​ឲ្យ​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ជាតិ​ទាំងអស់ បើកប្រាក់​ឧបត្ថម​លើកទឹកចិត្ត​ដល់​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​ណែនាំ​របស់​សម្ដេច​កន្លង​មក​។ សម្ដេច ស ខេង បាន​បញ្ជា​ឲ្យ​សវនកម្ម​ក្រសួងមហាផ្ទៃ ចុះទៅ​ត្រួតពិនិត្យ​តាម​បណ្ដា​អង្គភាព​ទាំងនោះ​ឲ្យ​បានច្បាស់លាស់​ផងដែរ ដោយ​លោក​បាន​ព្រមាន​ថា បើសិនជា​ស្នងការ​នគរបាល​ទាំងនោះ មានគំនិត​ខិលខូច​អនុវត្ត​ខុស​គោលការណ៍​ណែនាំ​នោះ សម្ដេច​នឹង​ដកតំណែង​ពួកគេ​ភ្លាម ។​


សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង នៅក្នុង​មិ​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៧១ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាលជាតិ នា​ព្រឹក​នេះ ៖



កន្លងមក​សម្ដេច ស ខេង បាន​ណែនាំ​ឲ្យ​អធិការនគរបាល​ដ្ឋា​ន ខណ្ឌ ក្រុង ស្រុក ត្រូវ​រក្សាទុក​ប្រាក់ចំណូល​បាន​ពី​ការពិន័យ​ចំពោះ​អំពើ​ល្មើ​ស​ច្បាប់​ចរាចរណ៍​ប្រចាំថ្ងៃ​១០០​ភាគរយ ក្នុង​គណនី​អង្គភាព ហើយ​ត្រូវ​បង្វែរ​ប្រាក់ចំណូល​ប្រចាំខែ​ចូល​គណនី​ស្នងការដ្ឋាន​នគរបាល​ជាតិ រួមទាំង​របាយការណ៍​ពាក់ព័ន្ធ​ផងដែរ​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ត្រូវ​បូកសរុប​ចំណូល​ប្រចាំខែ​១០០​ភាគរយ ហើយ​ត្រូវ​បែងចែក​បង្វែរ​ប្រាក់ចំណូល​ចំនួន​១៦​ភាគរយ ចូល​គណនី​របស់​នាយ​ក​ដ្ឋា​ន​នគរបាល​ចរាច​រណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ  ខណៈ​ប្រាក់​ពិន័យ​ចំនួន ៩ ភាគរយ​ផ្សេងទៀត ត្រូវ​រំលែក​ទៅ​ការិយាល័យ​ចរ​ចរណ៍​ផ្លូវគោក​រា​ធានី​-​ខេត្ត ដើម្បី​ប្រើប្រាស់​ក្នុង​អង្គភាព និង​ឧបត្ថម​មន្ត្រី​។
​ជាមួយគ្នានេះ​ប្រាក់ចំណូល​បានមកពី​ពិន័យ​ចំនួន​៧៥​ភាគរយ ត្រូវ​បង្វែរ​ចូល​គណនី​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​បែងចែក​ដោយ​ប្រាក់​ពិន័យ​ចំនួន ៥ ភាគរយ​ត្រូវ​ផ្ទេរ​ទៅ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោគ​ស្រុក​-​ខណ្ឌ ដើម្បី​ពង្រឹង​ការងារ​អង្គភាព និង​ឧបត្ថម​ដល់​មន្ត្រី ហើយ​ប្រាក់​ពិន័យ​ចំនួន ៧០ ភាគរយ​ទៀត ទៅ​ឲ្យ​មន្ត្រី​ចរាចរណ៍​ផ្លូវគោក​ថ្នាក់ស្រុក​-​ខណ្ឌ និង​មន្ត្រី​ផ្សេងទៀត​ដែល​ចូលរួម​បំពេញភារកិច្ច​នៅនឹងកន្លែង​៕

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com