អន្តរជាតិ
ថៃ ៖ សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​មួយ​លុបចោល​ការប្រឡង ដោយសារ​បច្ចេកវិទ្យា​ខ្ពស់​នៃ​ការចម្លង​ឯកសារ​
16, May 2016 , 4:59 pm        
រូបភាព
ដោយ: ធីតា
​និស្សិត​បីនាក់​ត្រូវគេ​ចាប់បាន​កំពុង​លួច​ចម្លង​ឯកសារ​ក្នុងពេល​ប្រឡង​ចូល​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ៧ - ៨ ឧសភា​កន្លងទៅនេះ  ដោយ​ប្រើប្រាស់​វ៉ែនតា​បំពាក់​កាមេរ៉ា និង​នា​ឡា​ដៃ​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។​



​និស្សិត​ទាំងបី​នាក់​នេះ​បាន​ប្រើប្រាស់​វ៉ែនតា​ទំនើប​នោះ​ដើម្បី​ថត​វិញ្ញាសា រួច​ផ្ញើ​ទិន្នន័យ​ទាំងនោះ​ទៅ​ឲ្យ​ដៃគូ​សមគំនិត​របស់ខ្លួន​ដែល​ស្ថិតនៅ​ខាងក្រៅ​បរិវេណ​មណ្ឌល​ប្រឡង តាមរយៈ​នាឡិកាដៃ​។ បន្ទាប់មក ដៃគូ​របស់​ពួកគេ​បញ្ជូន​ចម្លើយ​មកវិញ​តាមរយៈ​មធ្យោបាយ​ដូចគ្នានេះ​។ បន្ទាប់ពី​ចាប់បាន​ករណី​លួច​ចម្លង​ឯកសារ​តាម​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ លោក Arthit Ourairat សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Rangsit ដ៏​ល្បីល្បាញ​នេះ​ក៏បាន​ប្រកាស​លុបចោល​កា​រ​ប្រឡង​។ បើតាម​រូបលោក ជន​សមគំនិត​ខ្លះ​គឺជា​សាស្ត្រាចារ្យ​នៃ​សាលា​មួយ​ដែល​ទទួលបន្ទុក​រៀបចំ​ការប្រឡង​នេះ​។ ម្យ៉ាងទៀត លោក​បាន​ឲ្យ​ដឹងថា និស្សិត​ម្នាក់ៗ​ត្រូវ​បង់ប្រាក់​សរុប ៨០ ម៉ឺន​បាត​ដែល​ស្មើនឹង​ជាង ២ ម៉ឺន​ដុល្លារ​សម្រាប់​ការដំឡើង​ឧបករណ៍ និង​ថ្លៃឈ្នួល​របស់​សាស្ត្រាចារ្យ​ដែល​ខំ​ជួយ​ក្នុង​ថ្ងៃ​ប្រឡង បើសិនជា​ពួកគេ​ទទួលបាន​ជោគជ័យ​។



​និស្សិត​ទាំងបី​នាក់​នេះ​គ្មាន​សិទ្ធិ​ប្រឡង​ចូល​សាកលវិទ្យាល័យ Rangsit ទៀត​ទេ​។ ដោយឡែក ការប្រឡង​នឹងត្រូវ​ធ្វើឡើង​វិញ​នៅ​ថ្ងៃទី ៣១ ឧសភា និង​ទី ១ មិថុនា​ខាងមុខ​។ ម្តងនេះ គេ​នឹងធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ចំពោះ​បេក្ខជន​ទាំង ៣ ពាន់​នាក់ បើសិនជា​ពួកគេ​មាន​ពាក់​វ៉ែនតា និង​នាឡិកាដៃ​។​

​គួរ​បញ្ជាក់ថា សាលា​វេជ្ជសាស្ត្រ​គឺជា​គ្រឹះស្ថានសិក្សា​ដ៏​ពេញនិយម​ក្នុងប្រទេស ព្រោះថា​គ្រូពេទ្យ​អាច​រកចំណូលបាន​យ៉ាងច្រើន​នៅក្នុង​វិស័យ​ឯកជន ដោយសារតែ​ពលរដ្ឋ​នៃ​ប្រទេសជិតខាង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ ដើម្បី​ទទួលយក​សេវា​សុខាភិបាល​៕


Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com