ជាតិ
USAID សម្ពោធ​វីដេអូ​លើកដំបូង​ស្តីពី​ការផ្សះផ្សា​រវាង​ខ្មែរក្រហម​និង​ជនរងគ្រោះ
20, May 2016 , 6:30 pm        
រូបភាព
​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ (PTO)  នឹង​រៀបចំ​សម្ភោ​ធ​វីដេអូ​ឯកសារ​ខ្លី​មួយ ស្តីអំពី​វីដេអូ​ផ្សះផ្សា​រវាង​សមាជិក​អតីត​ខ្មែរក្រហម និង​ជនរងគ្រោះ​នៅ​ថ្ងៃ ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ។ ខ្សែ​វីដេអូ​នេះ នឹង​បរិយាយ​ពី​ដំណើរការ​ទាំងមូល​ជាពិសេស         លទ្ធផល​ដែល​សម្រេចបាន​ពី​ការចូលរួម​របស់​ជន​រងគ្រោះ​។


 

​អង្គការ PTO បាន​អនុវត្ត​កម្មវិធី​ស្តីពី ការសន្ទនា​រវាង​អតីត​ខ្មែរក្រហម និង​ជនរងគ្រោះ ក្រោម គម្រោង​មួយ​ដែលមាន​ឈ្មោះថា «​ការស្វែងរក​ការពិត ការផ្សះផ្សា និង ការ​ជាសះស្បើយ​» ដែល​ទទួល​បានការ​ជ្រោមជ្រែង​និង​ជំនួយ​ពី​ទីភ្នាក់ងារ USAID​។  នេះ​ជា​លើក​ទី​១​ហើយ USAID និង PTO បាន​សហការគ្នា ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​វីដេអូ ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​។​

​គោលបំណង​នៃ​កម្មវិធី «​ការសន្ទនា ការផ្សះផ្សា និង​ការ​ជា​សះ​ស្បោ​យ​» នេះ​គឺ​ដើម្បី​បង្កើត​នូវ​បរិយាកាស ប្រកបដោយ​សុវត្ថិភាព សម្រាប់​សមាជិក​អតីត​ខ្មែរក្រហម និង​ជនរងគ្រោះ ដែល​ទំនាក់ទំនង​របស់​ពួកគេ​ត្រូវបាន​កាត់ផ្តាច់​និង​បែកបាក់​ដោយសារ​សង្គ្រាម និង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។ គោលបំណង​មួយទៀត គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​ប្រឈមមុខ​ជាមួយ​នឹង​ប្រវត្តិ​អតីតកាល ក៏ដូចជា​ស្វែងរក​វិធី​វិជ្ជមាន​មួយចំនួន ក្នុងការ​ដើរទៅ​មុខជា​មួយ​គ្នា​។ 

​ដូច្នេះ កម្មវិធី​នេះ​មាន​គោលដៅ ក្នុងការ​បង្កើត​ឲ្យ​មាន​ការយល់​ពីគ្នា​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង ឲ្យ​បាន​ប្រសើរ​ជាង​មុន រវាង​ក្រុម​អតីត​ខ្មែរក្រហម និង​ជនរងគ្រោះ​៕




Tag:
 USAID
  PTO
  ប្រវត្តិសាស្រ្តខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com