ពីនេះ ពីនោះ
កន្ថឹក​ក្បាល​ឆ្នូត ប្រភេទ​សត្វ​មានការ​បន្លឺសម្លេង​ឮ​ខ្លាំង​
21, May 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ កន្ថឹក​ក្បាល​ឆ្នូត មាន​ប្រវែង​ក្បាល និង​ដងខ្លួន​ពី ១១៥-១៣៥​ម​.​ម កន្ទុយ​មាន​ប្រវែង​ពី​១០៥-១៣០ និង​មាន​ទម្ងន់​ពី ៣៥-៥៥​ក្រាម​។ ប្រភេទ​នេះ​គេ​អាច​សម្គាល់​បាន​ដោយសារ​វា​មាន​ច្រមុះ​ស្រួច​វែង កន្ទុយ​វែង និង​មាន​រោម​ខ្លី​។ រោម​នៅលើ​ដងខ្លួន​ខ្លី និង​រលោង​។ ខ្នង​មាន​សម្បុរ​ប្រផេះ​ចាស់​រហូត​ត្នោត​ចាស់ ហើយ​ពោះ និង​ផ្នែក​សងខាង​ដងខ្លួន​មាន​ពណ៌​ត្នោត​។ មាន​ឆ្នូត​ពណ៌​ខ្មៅ​ជាច្រើន​លាត​ចាប់ពី​ច្រមុះ​កាត់​តាម​ក្រោម​ភ្នែក​រហូតដល់​គុម្ពត្រចៀក និង​មាន​ឆ្នូត​ពណ៌​សអប​សងខាង​។ សត្វ​ឈ្មោល​មាន​ទំហំ​ធំ និង​ពណ៌​ភ្លឺ​ជាង​សត្វ​ញី​។

 
​ជីវសាស្ត្រ​៖ ប្រភេទ​នេះ​ភាគច្រើន​រស់នៅ​តាម​គុម្ពោត​ព្រៃតូចៗ និង​គុម្ព​ឬ​ស្សី ព្រៃស្រោង និង​ព្រៃរបោះ​។ វា​ជា​សត្វ​រកស៊ី​នៅពេល​ថ្ងៃ ហើយ​ចំណីអាហារ​របស់​វា​មានដូចជា​ផ្លែឈើ និង​សត្វល្អិត ជាពិសេស​ពពួក​អណ្តើកមាស និង​កញ្ចែ​ជាដើម​។ ប្រភេទ​នេះ​មានការ​បន្លឺសម្លេង​ឮ​ខ្លាំង​។ 
​រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា វា​មាន​វត្តមាន​នៅក្នុង​ខេត្តកោះកុង មណ្ឌល​គី​រី និង​តំបន់​ភូមិភាគ​ខាងជើង​។ ប្រភេទ​នេះ​ក៏មាន​វត្តមាន​នៅក្នុង​ប្រទេស​វៀតណាម ឡាវ និង​ថៃ​ភាគ​ខាងកើត​ផងដែរ​។ 

​ស្ថានភាព​អភិរក្ស​៖ គេ​មិនទាន់​ដឹង​ស្ថានភាព​អភិរក្ស ពួកវា​ពិតប្រាកដ​នៅឡើយ​ទេ ក៏ប៉ុន្តែ​វា​ទំនង​មិនមែន ជា​ប្រភេទ​ទទួលរង​ការគំរាមកំហែង​ជា​សកល​នោះទេ​។​
    

© រក្សាសិទ្ធិដោយ thmeythmey.com