រូបត្លុក
ក្រោយរបបប៉ុលពតមនុស្សចង់ធាត់ តែឥឡូវនេះ ចង់ស្គម…
× ភ្នំពេញ៖ ក្រោយការដួលរំលំនៃរបបប៉ុលពតនៅឆ្នាំ១៩៧៩ ប្រជាជនខ្មែរភាគច្រើនខ្វះអាហារូបត្ថម្ភ។ រាងកាយមានសភាពស្លេកស្លាំង ស្គមស្គាំង ដូច្នេះ ពេលនោះ អ្នកដុះក្បាលពោះ ត្រូវបានគេចាត់ទុកថា ជាអ្នកមានទ្រព្យសម្បត្តិធូរធារ។ កាលនោះ ត្រី បន្លែ ត្រូវបានគេចាត់ទុកថា ជាអាហារអ្នកក្រ រីឯសាច់ជ្រូក មាន់ ទា គោ ក្របី គឺអាហារសម្រាប់អ្នកមាន។
មិនត្រឹមតែប៉ុណ្ណោះ កាលនោះ ដោយចង់ធាត់ខ្លាំងពេកដើម្បីឲ្យគេថា អ្នកមានដែរនោះ អ្នកខ្លះ ស្វែងរកទិញថ្នាំជំនួយពិសាបាយបានដែលគេហៅជាសាមញ្ញថា «ថ្នាំជ្រូក» ឬថ្នាំបាយបាន។
ចូលដល់សតវត្សរិ៍ទី២១នេះ អ្វីៗហាក់ត្រូវបានផ្លាស់ប្តូរអស់។ ប្រទេសមានសុខសន្តិភាព វត្តមានអាហារមានច្រើនប្រភេទ បរទេស និងខ្មែរ។ ម្ហូបអាហារឆ្ងាញ់ៗរាប់មិនអស់ ការទទួលទានកាន់តែច្រើន ហើយមិនបានគិតគ្រប់ជ្រុងជ្រោយ អ្នកខ្លះចាប់ផ្តើមមានបញ្ហាសុខភាព ដូចជា ជំងឺលើសឈាម លើសខ្លាញ់ ជំងឺដុះក្បាលពោះ ជំងឺទឹកនោមផ្អែម។ល។ ក្នុងដំណាក់កាលនេះ មនុស្សមួយចំនួនចង់ស្គមវិញ ដើម្បីឲ្យរាងរៅគេកាន់តែស្អាត ជាងមនុស្សធាត់។
សរុបសេចក្តីមក គំនិតដែលថា អ្នកធាត់ជាអ្នកមាននោះ មិនត្រូវទៀតឡើយសម្រាប់គំនិតនាពេលបច្ចុប្បនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com