ព័ត៍មានសុខភាព
នាយក​សហព័ន្ធ​សមាគម​ភាពយន្ត​ថៃ ប្រាប់​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ថៃ​ជោគជ័យ​ក្នុង​វិស័យ​ភាពយន្ត​
22, May 2016 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឈូក​ឆៃ ឆៃ​យ៉ា​វ៉ា​តូ ដែលជា​នាយក​ប្រតិបត្តិ​សហព័ន្ធ​សមាគម​ភាពយន្ត​ថៃ បាន​ថ្លែង​នៅក្នុង​កម្មវិធី Thai Film Festival នៅ​សណ្ឋាគារ Sofitel ភ្នំពេញ ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ថៃ​រីកចម្រើន​ដូច​សព្វថ្ងៃ ដោយសារ​មានការ​សហការ​រវាង​ស្ថាប័នរដ្ឋ និង​ឯកជន​ប្រមាណ​ជា ៣០​ស្ថាប័ន ដែល​ទាក់ទង​នឹង​វិស័យ​ភាពយន្ត ធ្វើការ​ស្រុះដៃ​គ្នា​។​

 
​យ៉ាងណា លោក ឈូក​ឆៃ ឆៃ​យ៉ា​វ៉ា​តូ បញ្ជាក់ថា ក្នុងចំណោម​នោះ ក្រសួង​៤ សកម្ម​ជាងគេ​ក្នុងការ​លើកកម្ពស់ និង​រក​ទីផ្សារ​ឲ្យ​ភាពយន្ត​ថៃ បានចេញ​បញ្ចាំង​នៅ​បរទេស​។ ក្រសួង​៤​នោះ មាន ៖
 
១. ក្រសួង​វប្បធម៌​៖ គឺ​តែងតែ​លើកទឹកចិត្ត ដល់​ផលិតករ​ទាំងអស់​ឲ្យ​ផលិត​រឿង​ថៃ​គ្រប់​ប្រភេទ​ទាំងអស់​។​
២. ក្រសួងការបរទេស​៖ ក្រសួង​នេះ តែងតែ​បង្កើត​កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​នៅតាម​ប្រទេស​នានា​ក្នុង​ពិភពលោក​។​
៣. ក្រសួង​ពាណិជ្ជក​ម្​៖ វិល​មក​ក្រសួងពាណិជ្ជកម្ម​វិញ គឺ​តែងតែមាន​ទំនាក់ទំនង​ល្អជា​មួយ​ពាណិជ្ជករ​បរទេស​នានា ក្នុង​ទស្សនវិស័យ​អូសទាញ​ពួកគេ ឲ្យ​ចូលមក​វិនិយោគ​លើ​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​សិល្បៈ​ភាពយន្ត​ថៃ​។​
៤. ក្រសួងទេសចរណ៍​៖ ដោយឡែក ក្រសួង​ដែល​គ្រប់គ្រង​លើ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​វិញ ក៏មាន​កិច្ចការ​ទទួលខុសត្រូវ​លើ​វិស័យ​សិល្បៈ​ភាពយន្ត​របស់​ប្រទេសជិតខាង​យើង​មួយ​នេះដែរ​។ លោក ឈូក​ឆៃ ឆៃ​យ៉ា​វ៉ា​តូ ប្រាប់ថា ក្រសួងទេសចរណ៍ គឺ​តែងតែ​សម្របសម្រួល​ផ្ដល់​ទីតាំង​ថត​ដល់​ផលិតករ​ទាំងអស់​ទូទាំង​ប្រទេស​។​
 
​ដោយសារ​តែមាន​យន្តការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ខាងលើ នៅក្នុង​មួយឆ្នាំៗ ថៃ ផលិតភាព​យន្ត​បាន​ប្រមាណ​ជា​៦០​រឿង​ជា​ប្រភេទ​ដុំ មិន​និយាយ​រឿង​ភាគ​ឡើយ ហើយ​បាន​នាំ​ចេញទៅ​បរទេស​ប្រមាណ​ជា​៣០​រឿង​ក្នុង​១​ឆ្នាំ​។ និយាយ​ពី​ចំណូល​បាន​ពី​ការនាំចេញ​ភាពយន្ត​វិញ គឺ​បាន​ប្រមាណ​ជា​២០​លាន​ដុល្លារ​អាមេរិក ហើយ​ក្នុងនោះ​នាំ​ចេញមក​កម្ពុជា​ប្រមាណ​ជា ៧០% ៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com