ពីនេះ ពីនោះ
រដ្ឋ​ដែល​គ្មាន​ច្បាប់​គឺជា​រដ្ឋ​ដែល​សាហាវ​បំផុត​!
22, May 2016 , 8:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម័យ​បុព្វកាល មនុស្ស​រស់នៅ​ទៅតាម​ធម្មជាតិ គ្មាន​ច្បាប់ រស់នៅ​ដូចជា​សត្វ​ធម្មតា​។ ការរស់នៅ​បែបនេះ មាន​អ្នកខ្លះ​គិតថា​ល្អ មាន​អ្នកខ្លះ​គិតថា​មិនល្អ​។ ប៉ុន្តែ​ប្រសិនបើ​គេ​គិតពី​សភាព​មនុស្ស មនុស្ស​មាន​សភាវគតិ វិចារណញ្ញាណ ចំណង់ ភាព​ចង់មានចង់បាន ការចង់បាន​អំណាច កេរ្តិ៍ឈ្មោះ កិត្តិយស បុណ្យ​ស័​ក្កិ​ជាដើម​។ ចុះបើ​រដ្ឋ​មួយ​គ្មាន​ច្បាប់ តើ​រដ្ឋ​នោះ​មាន​ច​រិ​ក​លក្ខណៈ​បែបណា​?


 
​កា​រវិ​វ​ត្តិ​របស់​មនុស្ស​ក្នុង​បរិបទ​សង្គម​ទំនើប គឺជា​រឿង​ល្អ​មួយ​។ តែបើ​និយាយ​ពីរ​ដ្ឋ​ដែលមាន​ការគ្រប់គ្រង ហើយ​ការសម្រេចចិត្ត​ស្ថិតនៅលើ​មាត់​បុគ្គល​តែ​ម្នាក់ ដែលជា​អ្នកដឹកនាំ  ច្បាប់ វិន័យ បទបញ្ជា ការដាក់ទោស លើកលែងទោស ផ្ដល់​សិទ្ធិ ផ្ដល់​សេរីភាព ផ្ដល់​ភាពយុត្តិធម៌ អយុត្តិធម៌ ស្ថិតនៅលើ​មាត់​បុគ្គល​តែ​ម្នាក់​ដែលជា​អ្នកដឹកនាំ រដ្ឋ​នោះ​គឺជា​រដ្ឋ​ដែល​គ្រោះថ្នាក់​បំផុត​ចំពោះ​ពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​សង្គម​មួយ​នោះ​។​
 
​ចំណែក​ការរស់នៅ​ក្នុង​បរិបទ​សង្គម​ដែល​គ្មាន​ច្បាប់​ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​ពិតប្រាកដ ភាព​សាហាវ​ដែលមាន​នៅក្នុង​ចិត្ត​មនុស្ស​នឹង​កើតមាន ព្រោះតែ​ការចង់​បំពេញ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ព្រោះ​ជាទូទៅ​ជម្លោះ​តែងតែ​កើតមាន​ដោយសារតែ​ទំនាស់​ផលប្រយោជន៍ ដែល​មនុស្ស​ម្នាក់ៗ​ទាមទារ​ចង់បាន​មក​ខ្លួនឯង​រៀងៗ​ខ្លួន​។ 
 
​នៅពេលនោះ​ហើយ​ដែល​រូបភាព​ពីរ បាន​កើតមានឡើង​ពី​ភាព​សាហាវ​របស់​សង្គម​មួយ​ដែល​គ្មាន​ច្បាប់ ឬ​ពេលខ្លះ​មានច្បាប់​ហើយ​តែ​ជា​ច្បាប់​ដែល​គ្មាន​ឧត្ដមភាព​នៃ​ច្បាប់​ពិតប្រាកដ​ក្នុងការ​គ្រប់គ្រង​ភាព​សាហាវ​របស់​មនុស្ស​។ រូបភាព​ទីមួយ​. នឹង​កើតចេញពី​ស្រទាប់​ប្រជា​ពល​ដ្ឋ​ទូទៅ ដែល​ប្រជែង​គ្នា​ដើម្បី​រស់ រូបភាព​ទី​ពីរ​. ភាព​សាហាវ​នៃ​សង្គម​នឹង​កើតចេញពី​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ ជាពិសេស​ពី​មាត់​របស់​មេដឹកនាំ​ដែល​ធ្វើទៅ​តាមតែ​អ្វីដែល​ខ្លួន​ចង់បាន បម្រើ​ផលប្រយោជន៍​ខ្លួន ដើម្បី​រក្សា​អំណាច​ខ្លួន ដែល​រូបភាព​នេះ​គឺ​ប្រៀបបាន​និង​រដ្ឋ​ផ្ដាច់ការ​។ 
 
​ហេតុនេះ​ដើម្បី​កាត់បន្ថយ​ភាព​សាហាវ​ឃោ​ឃៅ​របស់​មនុស្ស អសន្ដិសុខ​សង្គម និង​ការសម្រេច​តាមតែ​អ្វីដែល​មេដឹកនាំ​ចង់បាន សង្គម​នោះ​គឺ​ត្រូវតែ​ពង្រឹង​នីតិរដ្ឋ ដែល​អំណាច​នៃ​ច្បាប់​អាច​រៀបចំ​សណ្ដាប់ធ្នាប់​បុគ្គល​ឲ្យ​រស់នៅ​មានតម្លៃ​ក្នុងនាម​ជាម​នុស្ស​ស្របតាម​ការកំណត់​នៃ​ច្បាប់សង្គម​។ ហើយ​ច្បាប់​គឺជា​ច្បាប់​ដែល​បម្រើ​ឲ្យ​ភាពត្រឹមត្រូវ យុត្តិធម៌ ជូន​មនុស្ស​ទូទៅ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com