ពីនេះ ពីនោះ
បងស្រី​ខ្ញុំ គឺជា​កម្មករ​រោងចក្រ
22, May 2016 , 10:20 pm        
រូបភាព
ដោយ:
(​ប​ទៈ​កាកគតិ​)
​កំណាព្យ​៖

​ហេតុតែ​ជីវភាព  
​បង​ខ្ញុំ​ខ្មីឃ្មាត 
​ឆ្លៀត​មក​ភ្នំពេញ​
​បែក​ឆ្ងាយ​ពី​ផ្ទះ 
​ទាំង​ទុក្ខ​ទោរ​ម្នេញ 
​បែក​អ្នក​ស្រលាញ់​
​ពុក​ម៉ែ​ប្អូន​បង​។ 
 
​ខំ​រក​មាសប្រាក់ 
​កម្មករ​រោងចក្រ 
​នឿយណាយ​កន្លង​
​លក់​ពលកម្ម 
​បែកញើស​ពេញ​ខ្នង 
​ការងារ​១២​ម៉ោង​
​ស្ទើរ​ដាច់​សង្ខារ​។​
 
​ទៅ​មើល​ផ្ទះជួល 
​មានតម្លៃ​ឈ្នួល 
៤០​ដុល្លា​
៣​គុណ​៤​ម៉ែត្រ 
​ហប់​ស្ទើរ​មរណា 
​គ្មាន​ខ្ស​ល់​ឡើយណា​
​ព្រោះ​នៅ​៤​នាក់​។ 
 
១៤០​ដុល្លា 
​ប្រាក់ខែ​ធ្វើការ 
​ឲ្យ​កម្មករ​ម្នាក់​
​បង​ខ្ញុំ​បែងចែក 
​មួយផ្នែក​ថ្លៃ​ស្នាក់ 
​ទឹក​ភ្លើង​រួច​ជាក់​
​ទើប​ផ្ញើ​ឲ្យ​ម្តាយ​។ 
 
​មិនដែល​ហូប​ឆ្ងាញ់ 
​បង​ខ្ញុំ​រិះថាំ 
​មិន​ហ៊ាន​ចំណាយ​
​ប្រាក់ខែ​តិចពេក 
​គាត់​មិន​ហ៊ាន​ចាយ 
​ពេល​គាត់​ហូបបាយ​
​សម្ល​មួយ​ពាន់​។ 
 
​ធ្វើការ​រាប់​ឆ្នាំ 
​បាក់​ទាំង​កម្លាំង 
​មិន​ហូប​គ្រប់គ្រាន់​
​ព្រោះតែ​សន្សំ 
​ផ្ញើ​ឲ្យ​ប្អូន​បង 
​គ្មាន​មាស​កែវកង​
​ខ្សែក​ចិ​ញ្ជៀ​ន​។​
 
​គ្មាន​លុយ​ទិញ​ទេ 
​សុខចិត្ត​ខ្មាស​គេ 
​ឲ្យ​លុយ​ប្អូន​រៀន​
​គ្រាន់​មានចំណេះ 
​ការពារ​អត់ឃ្លាន 
​គ្រាន់​បានជា​ស្ពាន​
​ចម្លង​គ្រួសារ​។ 
 
​ទឹកចិត្ត​បងស្រី 
​ប្អូនប្រុស​គ្មាន​ថ្ងៃ 
​បំភ្លេច​ឡើយណា​
​ឥឡូវ​រៀន​ចប់ 
​ប្អូន​ចេញ​ធ្វើការ 
​ជួយ​បង​គ្រួសារ​
​សងគុណ​បង​វិញ​៕      
 
​និពន្ធ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ  
 

Tag:
 កម្មករ​រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com