ពីនេះ ពីនោះ
តណ្ហា ក្ដី​ប្រាថ្នា និង​មហិច្ឆតា វត្ថុ​បី​នាំ​បុគ្គល​ឲ្យ​អភិវឌ្ឍន៍​គំនិត​
22, Jul 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងនាម​ជា​បុគ្គល​ម្នាក់​បើសិនជា​ចង់​រីកចម្រើន គឺ​ត្រូវមាន​មហិច្ឆតា​នៅក្នុង​គំនិត ហើយ​បង្កើត​គោលបំណង​ឲ្យ​បាន​ច្រើន​សម្រាប់​ខ្លួនឯង​។ ព្រោះថា តណ្ហា បង្ហាញ​ពី​ភាព​ចង់មានចង់បាន ក្ដី​ប្រាថ្នា​បង្ហាញ​ពី​ទិសដៅ​ជីវិត និង​មហិច្ឆតា បង្ហាញ​ពី​ការពុះពារ​មិន​ព្រម​បញ្ឈប់​។​



​ជាទូទៅ ក្នុងនាម​ជា​ភាវៈ​មាន​វិចារណញ្ញាណ គ្មាន​បុគ្គល​ណា​ម្នាក់​ដែល​មិន​ចង់​ឲ្យ​ខ្លួនឯង​មានការ​អភិវឌ្ឍ​នោះទេ​។ ហេតុនេះហើយ ចំពោះ​ការអភិវឌ្ឍ​គំនិត​ក៏​ដូចគ្នា​ផងដែរ​។ ក៏ប៉ុន្តែ ចំពោះ​បុគ្គល​ដែល​គ្មាន​តណ្ហា​ក្នុង​ខ្លួន ក្ដី​ប្រាថ្នា​ក្នុង​ជីវិត និង​មហិច្ឆតា ចង់​អភិវឌ្ឍន៍​គំនិត​ប្រហែលជា​រឿង​ដែល​ពិបាក ព្រោះតែ​គេ​មិនដឹងថា​ខ្លួន​របស់គេ​ត្រូវ​ចាប់ផ្ដើម​ពី​កន្លែង​ណា​។ ផ្ទុយទៅវិញ ក្នុង​ជំហាន​នេះ​ការអភិវឌ្ឍន៍​គំនិត​បែប​វិជ្ជមាន គឺ​ផ្ដើមចេញពី​តណ្ហា និង​មហិច្ឆតា​ដ៏​ខ្លាំងក្លា​។​
 
​អ្នក​ច្បាស់​ជា​ឃើញ​ពី​តម្រូវការ​ក្នុងការ​អភិវឌ្ឍ​គំនិត​វិជ្ជមាន​របស់​អ្នក និង​បង្កើន​សមត្ថភាព​នៃ​ការគិត​របស់​អ្នក​។ អ្នក​ត្រូវតែមាន​ឆន្ទៈ​ក្នុងការ​ឆ្ពោះទៅរក​ដំណើរ​ជីវិត​មួយ​ដែល​ច្បាស់លាស់​។  ហើយ​ដំណើរ ទាំងនោះ​នឹង​កំណត់​ភាពងាយស្រួល​ដល់​អ្នក ពីព្រោះ​វា​តម្រូវ​ឲ្យ​មាន​ភាព​ផ្លាស់ប្ដូរ នូវ​ការយល់ដឹង​និង​ខ្លឹម​នៃ​តម្លៃ​។ ហេតុនេះ​អ្នក​ចាំបាច់​ត្រូវតែ​ឆ្ពោះទៅរក​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​គំនិត​។ អ្នកនឹង​ទទួលបាន​ជោគជ័យ​ដើម្បី​ទៅកាន់​ដំណើរការ​មួយ ហើយ​ឱកាស​នឹង​បើក​ឲ្យ​អ្នក​។​

​ទោះជា​យ៉ាងណា មាន​មនុស្ស​មួយចំនួនធំ តែងតែ​និយាយថា ធ្វើជា​មនុស្ស​ត្រូវតែ​លុបបំបាត់​នូវ​តណ្ហា​ឲ្យ​អស់ពី​ខ្លួន​ដើម្បី​សេចក្ដីសុខ​ផ្លូវចិត្ត​។ ចំពោះ​គំនិត​បែប​គឺ​ត្រូវ តែ​មិនមែន​ទាំងស្រុង​នោះទេ ព្រោះថា មិនមែន​គ្រប់​តណ្ហា​គឺ​សុទ្ធតែ​អវិជ្ជមាន គ្រប់​មហិច្ឆតា​សុទ្ធតែ​ឃោ​ឃៅ គ្រប់​បំណងប្រាថ្នា​សុទ្ធតែ​មិនអាច​សម្រេចបាន​នោះទេ​។ ចំពោះ​បញ្ហា​នេះ​វា​គឺ​អាស្រ័យទៅលើ​ការកំណត់​របស់​បុគ្គល​ថា​ខ្លួនឯង​ចង់​ដើរ​លើ​វិថី​វិជ្ជមាន​ឬ អវិជ្ជមាន​តែ​ប៉ុណ្ណឹង​៕


© រក្សាសិទ្ធិដោយ thmeythmey.com