ជាតិ
នយោបាយជាតិ
មេធាវីCNRP ប្រាប់ព្រះរាជអាជ្ញាពីហេតុផល៣ចំណុចដែលឯកឧត្តម កឹម សុខា មិនចូលបំភ្លឺ
× ភ្នំពេញ: មេធាវីការពារឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដាក់លិខិតជាផ្លូវការជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្រាប់ពីមូលហេតុចំនួន៣ ដែលឯកឧត្តម កឹម សុខា មិនព្រមចូលបំភ្លឺតាមដីការកោះហៅរបស់តុលាការ ។ តុលាការបានចេញដីការកោះហៅ ឯកឧត្តម កឹម សុខា ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី២៦ ឧសភា ក្នុងនាមជាសាក្សី ពីបទសញ្ចរកម្ម ដែលសង្ស័យពាក់ព័ន្ធនឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ។
លិខិតចុះថ្ងៃទី២៥ ឧសភានេះ មេធាវីការពារឯកឧត្តម កឹម សុខា ចំនួន៥រូប បានបញ្ជាក់ប្រាប់មូលហេតុចំនួន៣ ចំណុច ដែលប្រធានស្តីទីរូបនេះមិនអាចចូលបំភ្លឺបាននោះ ក្រោមហេតុផលថា ទី១.ឯកឧត្តម កឹម សុខា កំពុងជាប់រវល់ក្នុងការបំពេញតួនាទី និងភារកិច្ច ក្នុងអាណត្តិរបស់ខ្លួនជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២.មុខងាររបស់ព្រះរាជអាជ្ញាជាសំខាន់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌគឺធ្វើការចោទប្រកាន់ឬតម្កល់រឿងទុកឥតចាត់ការ។ តាមក្រមនីតិវិធីព្រហ្មទណ្ឌ មុខងាររបស់ព្រះរាជអាជ្ញាមិនត្រូវឲ្យមានការស៊ើបអង្កេតស៊ីជម្រៅនោះទេហើយព្រះរាជអាជ្ញាក៏មិនត្រូវបានផ្តល់សិទ្ធិអំណាចណាមួយឲ្យបង្ខំសាក្សីឲ្យចូលបំភ្លឺដោយខានមិនបាននោះទេ។ ព្រះរាជអាជ្ញាក៏មិនបានស្តាប់ចម្លើយរបស់ជនសង្ស័យ ហើយក៏ពុំទាន់ធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការនៅឡើយដែរ ។
ចំណែកហេតុផល ទី៣.ដំណាក់កាលស៊ើបអង្កេតបឋមនេះតំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កំលាំងសាធារណៈ ដើម្បីបង្ខំឯកឧត្តម កឹម សុខា ឲ្យចូលបង្ហាញខ្លួន ឬនាំខ្លួនបានទេ។ ហើយបើមានការនាំខ្លួនអ្នកតំណាងរាស្ត្រគឺស្មើនឹងការចាប់ខ្លួន ឬឃាត់ខ្លួន ដែលជាការរំលោភលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរ។ ទាំងនេះជាការលើកឡើងរបស់មេធាវីការពារឯកឧត្តម កឹម សុខា។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅជាលើកទី២ ឲ្យឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បង្ហាញខ្លួន នៅតុលាការក្នុងនាមជាសាក្សី ទាក់ទងនឹងដំណើររឿង សញ្ចារកម្ម នៅថ្ងែទី២៦ ឧសភា ក្រោយពីឯកឧត្តម កឹម សុខ បានបដិសេធមិនបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ កាលពីថ្ងៃទី១១ ខែឧសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com