អន្តរជាតិ
ហេតុអ្វីសិង្ហបុរីតូចតែមានវិស័យយោធាខ្លាំង?
× សិង្ហបុរីជាប្រទេសដែលមានផ្ទៃដីតូចមួយ តែមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ហើយការមានអំណាចយោធាប្រសើរដែរ។ ប៉ុន្តែយោងតាមរបាយការណ៍វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ សិង្ហបុរីបានក្លាយជាប្រទេសមួយក្នុងចំណោមរដ្ឋដែលនាំអាវុធចូលច្រើនជាងគេចំនួន១០ ហើយសិង្ហបុរីនាំអាវុធចូលដែលមានទំហំស្មើ ៣ភាគរយនៃអាវុធនាំចូលទូទាំងពិភពលោក ។ គេឆ្ងល់ថា ហេតុអ្វីបុរីរដ្ឋ «សិង្ហបុរី» នេះ ត្រូវការអំណាចយោធាខ្លាំងម្ល៉េះ?
បុរីរដ្ឋសិង្ហបុរីមានប្រជាជនប្រហែលជាង ៥លាននាក់ និងមានផ្ទៃដីទំហំជិត ៧០០គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ។ ប៉ុន្តែប្រទេសនេះ ចំណាយថវិកាច្រើនសន្ធឹកលើការនាំចូលសព្វាវុធរៀងរាល់ឆ្នាំ ក្នុងគោលដៅពង្រឹងវិស័យការពារជាតិរបស់ខ្លួន ហើយប្រទេសនេះក៏អនុវត្តច្បាប់កាតព្វកិច្ចយោធាដែលតម្រូវឲ្យប្រជាជនដែលគ្រប់អាយុចូលបំពេញកាតព្វកិច្ចនេះដែរ។ វាហាក់បីដូចជាបញ្ជាក់ថា ក្រៅពីផ្តោតលើការពង្រីកនិងធានានិរន្តរភាពនៃការលូតលាស់នៃសេដ្ឋកិច្ច សិង្ហបុរីក៏គិតគូរខ្លាំងពីសមត្ថភាពនិងអំណាចយោធារបស់ខ្លូនដែរ។
និយាយដល់វិស័យយោធានេះ ក្នុងឆ្នាំ២០១៤ សិង្ហបុរីបានចំណាយថវិកាមានទំហំ ២៥ភាគរយនៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនលើវិស័យនេះ ដែលវាមានទំហំច្រើនលើសលុប។យោងតាមរបាយការណ៍ក្រសួងការពារជាតិសិង្ហបុរីការចំណាយលើវិស័យយោធាប្រទេសនេះកើនឡើងពី៦០០លានដុល្លារក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មកដល់ ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣។ បើប្រៀបធៀបជាមួយប្រទេសជិតខាងខ្លួនម៉ាឡេស៊ី គេឃើញថាមានទំហំខុសគ្នាជាង ២ដង ព្រោះម៉ាឡេស៊ីចំណាយ៥ពាន់លានដុល្លារប៉ុណ្ណោះសម្រាប់វិស័យយោធា។
ដោយឡែក យោងតាមរបាយការណ៍ឆ្នាំ ២០១៥របស់ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ សិង្ហបុរីនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ១០ដែលនាំចូលសព្វាវុធច្រើនជាងគេលើលោក។ ដោយរាប់ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៤ សិង្ហបុរីនាំចូលអាវុធប្រហែលជា ៣ភាគរយនៃអាវុធដែលនាំចូលសរុបក្នុងទីផ្សារអន្តរជាតិផងដែរ។
តាមពិតទៅ សិង្ហបុរី នាំចូលអាវុធភាគច្រើនបំផុតរហូតដល់ ៧១ភាគរយឯណោះពីសហរដ្ឋអាមេរិក ហើយអាវុធរបស់អាល្លឺម៉ង់មានប្រហែលជា ១០ភាគរយ និងស៊ុយអែតមានប្រហែល ៦ភាគរយប៉ុណ្ណោះ។
យ៉ាងណាមិញ សិង្ហបុរីប្រឈមបញ្ហាលំបាកមួយចំនួន ក្នុងការពង្រឹងអំណាចយោធាដោយនាំអាវុធចូលច្រើននេះ ព្រោះប្រទេសនេះមានផ្ទៃដីតូចពេក។ ដូច្នេះហើយរដ្ឋាភិបាលសិង្ហបុរីចំណាយលុយជួលកោះអូស្ត្រាលី Queensland ដើម្បីដាក់ទ័ព និងសព្វាវុធ ក៏ដូចជាសម្រាប់ធ្វើសមយុទ្ធ និងសាកល្បងសព្វាវុធជាដើម។ សិង្ហបុរីក៏ត្រៀមបង្កើនចំនួនទ័ពដែលមានលើកោះពី៦ពាន់នាក់ទៅ ១៤ពាន់នាក់ផងដែរ។
តែគួរត្រឡប់មកផ្តោតលើ សំណួរថាតើ មូលហេតុអ្វីបានជាប្រទេសតូចដូចសិង្ហបុរីនេះត្រូវការអំណាចយោធាខ្លាំងនិងនាំចូលសព្វាវុធច្រើនសន្ធឹកបែបនេះ?
តាមពិតទៅមានមូលហេតុច្រើនដែលនៅពីក្រោយការបន្តបង្កើនអំណាចយោធារបស់សិង្ហបុរី។
ហេតុផលសំខាន់ទីមួយគឺ ទីតាំងភូមិសាស្ត្រ។ ថ្វីបើគេគ្រប់គ្នាថា សិង្ហបុរីមានទីតាំងពីភូមិសាស្ត្រល្អសម្រាប់ពាណិជ្ជកម្មក៏ដោយ ប្រជាជនសិង្ហបុរីយល់ថា ប្រទេសពួកគេស្ថិតក្នុងកន្លែងងាយគ្រោះដោយខ្វះខាតធនធានផង ហើយស្ថិតនៅជិតអ្នកជិតខាងមានអំណាចហើយចិត្តមិនសូវល្អទៀត។ សូម្បីតែរដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក Ng Eng ក៏ធ្លាប់ថ្លែងផងដែរក្នុងឆ្នាំ២០១៤ ថា៖« ខ្ញុំយល់ស្រប ចំពោះការលើកឡើងថា កាលណាប្រទេសមួយកាន់តែខ្លាំង ប្រទេសនោះនឹងមានសត្រូវកាន់តែតិច»។
ទាក់ទិនបញ្ហានេះ លោក Pak Shun Ng ដែលជាម្ចាស់សៀវភៅមានចំណងជើងថា «ពីសត្វបង្កងមានពិសទៅជាកាំប្រម៉ា៖ បទវិភាគពីការផ្លាស់ប្តូរស្ថានភាពការពារជាតិនៅដើមទសវត្សរ៍ឆ្នាំ ១៩៨០» ឬជាភាសាអង់គ្លេស «From poisonous shrimp to porcupine : an analysis of Singaporean defence posture change in the early 1980s» ក៏យល់ថា ភូមិសាស្ត្រនយោបាយជាមូលហេតុដែលជំរុញឲ្យសិង្ហបុរីពង្រឹងវិស័យការពារជាតិឲ្យខ្លាំង។ លោកថា សិង្ហបុរីដឹងច្បាស់ថាខ្លួនស្ថិតនៅតំបន់ដែលហ៊ុមព័ទ្ធដោយប្រទេសម៉ូស្លីមធំៗ។
ក្នុងសៀវភៅនេះក៏មានស្រង់សម្តីលោក លី ក្វាន់យូ ផងដែរ ដោយលោកថ្លែងថា៖«នៅក្នុងទីកន្លែងដែលត្រីធំៗស៊ីត្រីតូចៗ ហើយត្រីតូចៗស៊ីសត្វបង្កងនោះ សិង្ហបុរីត្រូវតែក្លាយជាបង្កមួយដែលមានពិសពុលវិញ»។
ចំណែក ហេតុផលសំខាន់មួយទៀត គឺ គោលនយោបាយរបស់រដ្ឋាភិបាលសិង្ហបុរីតាំងពីសម័យលោក លី ក្វាន់យូ គឺ «ខ្លួនទីពឹងខ្លួន» ។ នេះមានន័យថា សិង្ហបុរីចាំបាច់ត្រូវមានលទ្ធភាពការពារសន្តិសុខផ្ទាល់ខ្លួនដោយមិនចាំបាច់អាងឬពឹងអ្នកដទៃជាខ្នងបង្អែក។
ពាក់ព័ន្ធបញ្ហានេះ អ្នកវិភាគខាងសន្តិសុខនិងការពារជាតិនៃសាលាសិក្សាអន្តរជាតិ Rajaratnam សិង្ហបុរី លោក Collin Koh បានថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗថា សិង្ហបុរីត្រូវការវិស័យយោធាខ្លាំង ដែលវាមានន័យថា ត្រូវមានកងទ័ពដែលទទួលបានការបណ្តុះបណ្តាលខ្លាំងនិងមានបំពាក់សព្វាវុធទំនើប។ នេះក៏ព្រោះថា ទំនាក់ទំនងរវាងប្រទេសនិងប្រទេសអាចត្រលប់ទៅជាជូរចត់ ល្អក់ករកមួយពព្រិចភ្នែកប៉ុណ្ណោះ។ ដូច្នេះ សិង្ហបុរីមិនអាចពឹងផ្អែកលើឆន្ទៈល្អរបស់ប្រទេសជិត ព្រោះគ្មានអ្នកណាល្អជាមួយយើងរហូតទេ។
ដូចដឹងស្រាប់ហើយថា ចាប់តាំងពីប្រកាសឯករាជ្យពីម៉ាឡេស៊ី សិង្ហបុរីមាននយោបាយការបរទេសមួយដែលមិនជ្រើសរើសយកការបង្កើតសម្ព័ន្ធភាពជាមួយរដ្ឋណាមួយទេ សូម្បីតែសហរដ្ឋអាមេរិក។ តែសិង្ហបុរីត្រូវការដៃគូសេដ្ឋកិច្ច ពោលគឺគ្រប់រដ្ឋជាមិត្តនិងមហាអំណាចទាំងអស់ឲ្យតែអាចធ្វើជំនួញជាមួយគ្នាបាន។
មួយវិញទៀត ជាការត្រៀមលក្ខណៈសម្រាប់ឆ្លើយតបរាល់ការគំរាមកំហែងពីខាងក្រៅចំពោះសន្តិសុខផ្ទៃក្នុង និងចរាចរណ៍ពាណិជ្ជកម្មតាមសមុទ្រជាដើមដែលជាអាយុជីវិតរបស់សិង្ហបុរី ពីសំណាក់ក្រុមមិនមែនរដ្ឋ ។ ការកើនឡើងចលនាភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែន និងចោរសមុទ្រជាដើមនោះជាការគំរាមកំហែងធ្ងន់ធ្ងរសម្រាប់សន្តិសុខនិងសេដ្ឋកិច្ចប្រទេសនេះមិនអាចប្រកែកបានឡើយ។
ត្រលប់មកមើល បរិបទនៃទំនាក់ទំនងតំបន់និងសកលវិញម្តង។ សិង្ហបុរី នាំអាវុធចូលនិងពង្រឹងកម្លាំងយោធា ប្រហែលជាត្រៀមលក្ខណៈក្រែងមានការប្រែប្រួលនៃ ប៉ះទង្គិចឬជម្លោះកើតមានឡើងជាយថាហេតុរវាងមហាអំណាចធំៗក្នុងតំបន់។
តែយ៉ាងណាមិញ នៅមានអ្នកខ្លះឆ្ងល់ថា ចុះបើសិង្ហបុរីតូចបែបនេះ ទោះមានសព្វាវុធទំនើប និងទ័ពខ្លាំងក៏មិនប្រាកដថា អាចកម្ចាត់សត្រូវបានដែរ។ យោងតាមសៀវភៅដែលលើកឡើងខាងលើ ក្នុងឆ្នាំ ១៩៨៤ លោក លី សៀនឡុង ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនោះបានថ្លែងបញ្ជាក់ថា៖« ខ្ញុំប្រហែលជាមិនអាចកម្ទេចអ្នកបានឡើយ ប៉ុន្តែអ្នកប្រហែលជាត្រូវប្រឈមលទ្ធផលដែលមិនអាចទទួលយកបានពេលជាអ្នកចង់យកឈ្នះខ្ញុំ»៕
© រក្សាសិទ្ធិដោយ thmeythmey.com