អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូនេស៊ី​មានគម្រោង​ទិញ​នាវាមុជទឹក​និង​យន្តហោះ​ពី​រុស្ស៊ី​
04, Jun 2016 , 3:39 pm        
រូបភាព
 
​រុស្ស៊ី​កំពុង​រកឃើញ​ទីផ្សារ​សម្រាប់​លក់​សព្វាវុធ​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​នៅ Sochi  ចុងខែ​ឧសភា​កន្លងទៅ ទាំង​ឥណ្ឌូនេស៊ី  ថៃ ម៉ាឡេស៊ី ឡាវ សុទ្ធតែ​ស្ថិតក្នុង​កិច្ចពិភាក្សា​ជុំវិញ​ការ​នាំចូល​សព្វាវុធ​ពី​រុស្ស៊ី​ដែរ​។ ដូច​ឃើញស្រាប់​បច្ចុប្បន្ន​ឥណ្ឌូនេស៊ី​កំពុង​ពិចារណា​ទិញ​នាវាមុជទឹក​និង​យន្តហោះ​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​ផងដែរ​។​


​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញ​នាវាមុជទឹក​ពី​សហព័ន្ធរុស្ស៊ី​ដើម្បី​បង្កើនសមត្ថភាព​ការពារជាតិ​របស់ខ្លួន​។ ក្រៅពី​នាវាមុជទឹក ​រដ្ឋ​បងធំ​អាស៊ាន​មួយ​នេះ​ក៏មាន​គម្រោង​ទិញ​យន្តហោះ​អាច​ចុះចត​លើទឹក​បាន​ផងដែរ​។ បើតាម​មន្ត្រីជាន់ខ្ពស់​ឥណ្ឌូនេស៊ី ប្រទេស​នេះ​ចង់​នាំចូល​នាវាមុជទឹក​ចំនួន ២​គ្រឿង​សិន​។  
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី Mohamad Wahid Supriyadi បានបញ្ជាក់​ច្បាស់​ថា​៖« យើង​ពិតជា​គ្រោង​ទិញ​នាវាមុជទឹក​និង​យន្តហោះ​របស់​រុស្ស៊ី​មែន​។ យើង​កំពុងតែ​ចាប់ផ្តើម​ត្រួតពិនិត្យ​គម្រោង​នាំចូល​ស​ពា្វ​វុ​ធ​ទាំងនេះ ហើយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​រុស្ស៊ី​នឹងត្រូវ​អញ្ជើញ​មក​ប្រទេស​ឥណ្ឌូនេស៊ី​ពេលខាងមុខ​»​។​
 
​ក្រៅពី​មាន​គម្រោង​ទិញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​របស់​រុស្ស៊ី ក្រុង​ហ្សា​ការ​តា ក៏មាន​ចំណាប់អារម្មណ៍​លើ​កស្ទួយ​កិច្ចសហប្រតិបត្តិការ​យោ​ធា​និង​បច្ចេកទេស​ជាមួយ​រុស្ស៊ី​ដែរ​នៅពេល​ខាងមុខនេះ​។​មន្ត្រីការទូត​ខាងលើនេះ​ក៏បាន​ឆ្លៀត​កោតសរសើរ​ពី​ផលិតផលឧស្សាហកម្មនិងការពារជាតិ​របស់​រុស្ស៊ី​ដែរ ដោយ​ប្រៀបធៀប​ជាមួយ​ផលិតផល​លោកខាងលិច​។​
 
« ផលិតផល​ឧស្សាហកម្ម​និង​យោធា​បស់​រុស្ស៊ី​មិន​ចាញ់​របស់លោក​ខាងលិច​ឡើយ​។ វា​ជា​រឿង​ដែលមាន​តម្លៃ​មួយ​ដែល​ត្រូវ​កត់សម្គាល់​លើ​ភាពជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​យោធា​និង​បច្ចេកទេស​ដែល​ពាក់ព័ន្ធ​នោះ​»​។​
 
​ក្រៅពី​ឥណ្ឌូនេស៊ី នាវាមុជទឹក​រុស្ស៊ី​ត្រូវបាន​ប្រើប្រាស់​និង​កុម្ម៉ង់​ទិញ​ដោយ​រដ្ឋាភិបាល​វៀតណាម​កន្លងមក​ដែរ ហើយ​វៀតណាម​ពេញចិត្ត​អាវុធ​របស់​រុស្ស៊ី​ខ្លាំង​ផងដែរ​។ ប៉ុន្តែ​ក្រោយ​រួច​ផុតពី​ទណ្ឌកម្ម​អាវុធ​របស់​អាមេរិក វៀតណាម​ក៏​កំពុង​គិតគូរ​ទិញ​អាវុធ​ពី​អាមេរិក បន្ថែម​លើ​អាវុធ​ដែល​ខ្លួន​ទិញ​ពី​រុស្ស៊ី​ថែម​ទៀតផង​។   
 
​ត្រលប់មកវិញ កន្លងមក​ឥណ្ឌូនេស៊ី​បាន​ចំណាយ​ថវិកា​ច្រើន​ដែរ​ដើម្បី​អភិវឌ្ឍ​វិស័យ​ការពារជាតិ​របស់ខ្លួន ហើយ​ប្រទេស​នេះ​ទិញ​អាវុធ​ភាគច្រើន​ពី​រុស្ស៊ី​ក្នុងពេល​ប៉ុន្មាន​ឆ្នាំនេះ​។ កាលពី​ខែមេសា រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​ប្រភេទ Su-35 ចំនួន ១០​គ្រឿង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ផងដែរ​។ យន្តហោះ​ចម្បាំង Su-35 នេះ​នឹង​មក​ជំនួស​យន្តហោះ​ចម្បាំង F-5 Tigers ដែល​កំពុង​បម្រើការ​ក្នុង​កងទ័ពអាកាស​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​។ ហើយ​ម្យ៉ាង​យន្តហោះ​ស៊េរី​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​កងទ័ព​និង​ពង្រឹង​ការការពារ​បូរណភាព​ដែនដី​របស់​ឥណ្ឌូនេស៊ី​ផងដែរ​។​
 
 មានការ​វាយតម្លៃ​ផងដែរ​ថា ការ​នាំចូល​យន្តហោះ​ចម្បាំង​របស់​ឥណ្ឌូនេស៊ី កើតឡើង​ស្របពេល​ដែល​បងធំ​អាស៊ាន​មួយ​នេះ​ចាប់ផ្តើម​សាងសង់​មូលដ្ឋានទ័ព នៅ​ប្រជុំ​កោះ Natuna ដែល​ស្ថិតនៅ សមុទ្រ​ចិន​ខាងត្បូង​។ ថ្វីបើ​ឥណ្ឌូនេស៊ី​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ប៉ុន្តែ​ផែនទី​រូប​អណ្តាត ឬ​ផែនទី​៩ ចំណុច របស់​ចិន​នោះ​គ្របដណ្តប់​លើ​កោះ Natuna ដែល​ឥណ្ឌូនេស៊ី​ចាត់ទុកជា​របស់ខ្លួន​៕ 
 

Tag:
 ​ឥណ្ឌូនេស៊ី​
  រុស្ស៊ី​
  Mohamad Wahid Supriyadi
© រក្សាសិទ្ធិដោយ thmeythmey.com