កីឡាជាតិ
ជាតិ
កម្ពុជា ឥណ្ឌា ម៉ាឡេស៊ី តា​ហ្ស៊ី​គី​ស្ថាន និង​យេ​ម៉េ​ន ឡើងទៅ​ជុំ​ទី​៣​ជាមួយ​១៦​ក្រុម​ទៀត​
08, Jun 2016 , 10:27 am        
រូបភាព
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា រួមជាមួយ​ឥណ្ឌា ម៉ាឡេស៊ី តា​ហ្ស៊ី​គី​ស្ថាន និង​យេ​ម៉ែន ទទួលបាន​កៅអី​សម្រាប់​ការប្រកួត​ជុំ​ទី​បី​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ជាមួយ​១៦​ក្រុម​ផ្សេងទៀត បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូប្រជែង​រៀងៗខ្លួន​ដែល​រួមមាន ឆាយ​នី​ស តៃប៉ិ ឡាវ ទី​ម័​រ​ខាងកើត បង់​ក្លា​ដែ​ស និង​ម៉ា​ល់​ឌី​វ នៅ​វគ្គ Play-Off​។

 
​នៅក្នុង​ការប្រកួត​វគ្គ Play-Off ទាំងពីរ​ជើង​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ កម្ពុជា បាន​យកឈ្នះ ឆាយ​នី​ស តៃប៉ិ ៤-២ [២-២ និង ២-០] ឥណ្ឌា បំបាក់ ឡាវ ៧-១ [១-០ និង ៧-១] ម៉ាឡេស៊ី ស៊ី ទី​ម័​រ​ខាងកើត ៦-០ [៣-០ និង ៣-០] តា​ហ្ស៊ី​គី​ស្ថាន ផ្តល់​មេរៀន​ដល់ បង់​ក្លា​ដែ​ស ៦-០ [៥-០ និង​១-០] ខណៈ​យ៉េ​មែន ធ្វើ​ឲ្យ ម៉ា​ល់​ឌី​វ  មិនអាច​តបត​បានជា​មួយ​នឹង​លទ្ធផល ៤-០ [២-០ និង ២-០] ។​
 
​ជ័យជម្នះ​នាំ​ឲ្យ​កម្ពុជា ឥណ្ឌា ម៉ាឡេស៊ី តា​ហ្ស៊ី​គី​ស្ថាន និង​យេ​ម៉េ​ន ឡើងទៅ​ជុំ​ទី​៣​ជាមួយ​១៦​ក្រុម​ទៀត​ដែល​នៅ​រង់ចាំ​ក្នុងនោះ​មាន អា​ហ្វ​ហ្គា​នី​ស្ថាន បា​រ៉ែ​ន ហ្គា​ម ហុងកុង ហ្ស៊​កដា​នី គៀ​ហ្ស៊ី​ស្ថាន គូ​វែ​ត លី​បង់ មី​យ៉ាន់​ម៉ា កូរ៉េខាងជើង អូ​ម៉​ង់ ប៉ា​ឡេ​ស្ទី​ន ហ្វីលីពីន សិង្ហ​បុរី តួ​កមេ​នី​ស្ថាន និង​វៀតណាម​។ បច្ចុប្បន្ន គូ​វែ​ត កំពុង​ជាប់​បំរាម​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅឡើយ ហេតុដូច្នេះ​គេ​មិនទាន់​ថា នឹងមាន​ការរៀបចំ​រូបមន្ត​ប្រកួត​បែបណា​នោះឡើយ​។​
 
​ជាមួយគ្នានេះ ក្រុម​ដែល​ធ្លាក់​នៅ​វគ្គ Play-Off រួមទាំង​ប៊ូ​តង់ នៅមាន​ឱកាស​ប្រជែង​គ្នា​សម្រាប់​កៅអី​បី​កន្លែង​ទៀត​នៅ​ជុំ​ទី​បី​។ ការប្រកួត​វគ្គ Play-Off លើក​ទី​ពីរ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ ខែកញ្ញា សម្រាប់​ជើង​ទីមួយ និង​ថ្ងៃទី​១១ ខែតុលា សម្រាប់​ជើង​ទី​ពីរ ដោយ ម៉ា​ល់​ឌី​វ ជួប ឡាវ បង់​ក្លា​ដែ​ស ប៉ះ ប៊ូ​តង់ ខណៈ​ទី​ម័​រ​ខាងកើត ត្រូវ​តទល់​ជាមួយ ឆាយ​នី​ស តៃប៉ិ​៕
 
​ទស្សនាវីដេអូ


សកម្មភាពស៊ុតបញ្ចូលទី


សកម្មភាពអ្នកគាំទ្រជម្រើសជាតិកម្ពុជា



 

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com