ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ចង់​ចរចា តែ​CPP ទាមទារ​លិខិតផ្លូវការ​បញ្ជាក់​ពី​សមាសភាព និង​ខ្លឹមសារ​
08, Jun 2016 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ព្យាយាម​រក​ច្រកចូល​ទៅកាន់​តុ​ចរចា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្វាគមន៍​ជានិច្ច តែ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​សមាសភាព រួមទាំង​ប្រធានបទ​នៃ​ការចរចា​ឲ្យ​បានច្បាស់លាស់​។ 



​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម បានលើកឡើង​ពី​គោលជំហរ​ចាស់​ថា គណបក្ស​របស់លោក នៅតែ​គាំទ្រ​ឲ្យ​មាន​វប្បធម៌​សន្ទនា​។ លោក ប៉ុល ហំ​ម បាន​ផ្ញើ​សារ​ទៅកាន់​បក្ស​កាន់អំណាច​ថា តាំងពី​ដើមទី រហូតមកដល់​ពេលនេះ បក្សប្រឆាំង បាន​បង្កើត​និង​ត្រៀម​ក្រុមការងារ​ជានិច្ច សម្រាប់​ការ​ចារ​ចា​។ 

​ក្រៅពី​អង្គុយ​ជជែក​គ្នា​រវាង​បក្សប្រឆាំង​និង​បក្ស​កាន់អំណាច លោក ប៉ុល ហំ​ម ពុំមាន​ជំនឿ​លើ​វិធានការ​ផ្សេង​ឡើយ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ វិល​ទៅរក​ប្រក្រតីភាព​ដូចដើម​។ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ សង្កត់ធ្ងន់ៗ​ថា​៖«​យើង​យល់ថា អ្វីៗ​ទាំងអស់​អាច​បញ្ចប់ ហើយ​អាច​ដំណើរការ​ស្រួល​ឡើងវិញ​បាន ដោយ​ការសន្ទនា​នេះឯង​»​។ ការ​ថ្លែង​របស់លោក ប៉ុល ហំ​ម ធ្វើឡើង​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន រួមទាំង​ក្រុម​អ្នកសារព័ត៌មាន នៅ​ទី​សា្ន​ក់​ការ​កណ្តាល នា​ថ្ងៃទី​៨ ខែមិថុនា​នេះ​។ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង តែង​ផ្តល់ព័ត៌មាន ស្តីពី​ការវិវត្ត​ស្ថានការណ៍​នយោបាយ ដល់​អ្នកគាំទ្រ និង​អ្នកកាសែត ជា​រៀងរាល់ថ្ងៃ​។​

​ទាក់ទង​នឹង​ការលើកឡើង​របស់លោក ប៉ុល ហំ​ម ខាងលើ លោក សុខ ឥសាន អ្ន​ន​នាំពាក្យ​បក្ស​កាន់អំណាច ឆ្លើយតប​បែប​បើកផ្លូវ​ថា បក្ស​ខ្លួន​មិនដែល​ចង្អៀតចង្អល់​អ្វី​ឡើយ ប្រសិនបើ​មាន​សំណើសុំ​ចរចា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ លោក ទាមទារ​ឲ្យ​បក្សប្រឆាំង រៀបចំ​ជា​លាយលក្ខណ៍អក្សរ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ក្នុងនោះ​ត្រូវ​បញ្ជាក់​ពី​សមាសភាព និង​ខ្លឹមសារ​នៃ​ការចរចា ផងដែរ​។ 

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បន្ថែមថា ការចរចា​មិនអាច​កើតឡើង​ទេ ប្រសិនបើ​បក្សប្រឆាំង​ប្រើតែ​មាត់ ដោយ​គ្មាន​លិខិតផ្លូវការ​នោះ​។ លោក​បញ្ជាក់ថា​៖«​បើ​គាត់ (​បក្សប្រឆាំង​) ដាក់សំណើ​មក យើង​យកទៅ​ពិនិត្យ ហើយ​ឆ្លើយតប​វិញ​ភ្លាម​។ គាត់​និយាយ​តែ​មាត់​ហ្នឹង ហើយ​មិនដឹងថា​គាត់​ចង់​ចរចា​ពីអ្វី​ផង​។ បើ​ថា​ចរចា​រឿង​វិបត្តិ​នយោបាយ កម្ពុជា​ដូចជា​គ្មានទេ​»​។

​ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​មួយចំនួន បាន​ទទូច​ម្តង​ហើយ​ម្តងទៀត ឲ្យ​បក្ស​ទាំងពីរ បន្ទាបខ្លួន​រកគ្នា​បន្តិច ទើប​ជំនួប​អាច​កើតឡើង​។ ពួកគេ យល់ថា ក្នុង​កាលៈទេសៈ​នេះ គ្មាន​យន្តកា​រណាមួយ ដែលមាន​ប្រសិទ្ធភាព​ជាង​វប្បធម៌​សន្ទនា​នោះទេ​៕


Tag:
 CPP
  CNRP
  ប៉ុល ហំ​ម​
  សុខ ឥសាន​
© រក្សាសិទ្ធិដោយ thmeythmey.com