ជាតិ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា បក្សប្រឆាំងចាត់ទុកសំណួររបស់ខ្លួន ជាបាយឡុកបាយឡ
09, Jun 2016 , 10:47 am        
រូបភាព
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរិះគន់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថា កំពុងបន្ទាបតម្លៃរបស់ខ្លួនឯង។ ការចំអករបស់លោក​ គឹម សន្តិភាព បែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បញ្ចប់ការឆ្លើយបំភ្លឺពីការអនុវត្តច្បាប់ នៅអង្គប្រជុំរដ្ឋសភា នាថ្ងៃទី៩ មិថុនានេះ។



ការទិតៀនរបស់លោក គឹម សន្តិភាព ដោយសារ​តែតំណាងរាស្ត្របក្សប្រឆាំង មិនចូលរួមប្រជុំក្នុងរដ្ឋសភា ដើម្បីស្តាប់ការឆ្លើយបំភ្លឺនូវសំណួរ ដែលខ្លួនលើកសួរទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ 
លោក គឹម សន្តិភាព បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា គណបក្សបក្សសង្គ្រោះជាតិ មិនត្រឹមតែមិនផ្តល់តម្លៃដល់ខ្លួនឯងនោះទេ តែថែមទាំងមិនផ្តល់តម្លៃដល់ស្ថាប័ននីតិបញ្ញតិ្ត ផងដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបានបញ្ជាក់បែបនេះថា៖«ខ្ញុំយល់ថា អ្វីដែលតំណាងរាស្ត្រទាំង១៦រូប តាំងសំណួរ តែបែរជាមិនមកស្តាប់ គឺពួកគាត់ហាក់បីដូចជាចាត់ទុករឿងនេះជាបាយឡុកបាយឡ។ ក្នុងនាមគាត់ជាតំណាងរាស្រ្ត បែរជាមិនគោរពនូវអ្វីដែលជា សំណួររបស់ខ្លួនដែលបានតាំង»។

ជុំវិញការរិះគន់របស់អ្នកពាំក្យក្រសួងយុត្តិធម៌ខាងលើ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងមន្រ្តីបក្សប្រឆាំង​ ដើម្បីសុំការឆ្លើយតបនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែមិថុនានេះ លោក អង្គ វង្សវឌ្ឍនា​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំសមាជិករបស់ខ្លួន ចូលឆ្លើយសំណួររបស់តំណាងរាស្រ្តបក្សប្រឆាំង នៅវិមានរដ្ឋសភា។ ប៉ុន្តែ តំណាងរាស្រ្តបក្សប្រឆាំង ដែលតាំងសំណួរ បានធ្វើពហិការមិនចូលប្រជុំនៅក្នុងរដ្ឋសភា។ សំណួរ ដែលតំណាងរាស្រ្តបក្សប្រឆាំង ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺ គឺទាក់ទងនឹង គោលការណ៍នៃការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ទ​ ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះអាសន្ន រួមទាំងគោលការណ៍ច្បាប់មួយចំនួនទៀត៕

Tag:
 ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com