ពីនេះ ពីនោះ
សូ​ក្រា​ត ជា​ទស្សនវិទូ​ដែល​ការពារ​យុត្តិធម៌ តែ​ស្លាប់​ដោយ​អយុត្តិធម៌​
11, Jun 2016 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
សូ​ក្រា​ត (SOCRATE) ជា​ទស្សនវិទូ​ដ៏​ល្បី​ម្នាក់ ដែល​ត្រូវបាន​មនុស្ស​ទូទៅ​ហៅថា បិតា​ទស្សនវិជ្ជា​។ សូ​ក្រា​ត ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​យុត្តិធម៌ និង​ការពារ​យុត្តិធម៌​។ ប៉ុន្តែ សូ​ក្រា ត្រូវ​ជាប់ពិរុទ្ធ​ពីបទ​ប្រមា​មើលងាយ​សាសនា​នៅ​ឆ្នាំ ៣៩៩ ។ ហើយ​គាត់​ត្រូវបាន​តុលាការ​វិនិច្ឆ័យ​ទោស​ប្រហារ​ជិវិត​។



រយៈពេល​៣០​ថ្ងៃ​នៅក្នុង​ពន្ធ​ធនាគារ សូ​ក្រា​ត​គ្មាន​ទុក្ខព្រួយ​ឡើយ​។ ផ្ទុយទៅវិញ គាត់​គិតតែ​ប្រមូល​អារម្មណ៍​ឲ្យ​មូល​ទៅលើ​ទស្សនវិជ្ជា​។ ពេល​ប្រហារ​ជិវិត​សូ​ក្រា​ត​បានជ្រើសរើស​នូវ​វិធី​ផឹកថ្នាំ​បំពុល​សម្លាប់ខ្លួន​ជាជាង​ឲ្យ​គេ​ព្យួរ​ក​។ ប្រជាជន​ទាំងអស់​នៅ​ក្រុង​អាថែន និង​សិស្ស​របស់គាត់​បាន​ថ្កោលទោស​ចំពោះ​តុលាការក្រុង​អាថែន ដែល​បាន​កាត់ក្តី​ចំពោះ​រូប​សូ​ក្រា​ត​ដោយ​អយុត្តិធម៌​។​

សូ​ក្រា​ត កើត​នៅ​ឆ្នាំ​៤៦៩ មុន​គ្រិស្តសករាជ ជិត​ក្រុង​អា​តែ​ន​នៃ​ប្រទេស​ក្រិច គឺ​កើត​នៅក្រោយ​សង្គ្រាម​នៅ​សាឡា​មីន ១០​ឆ្នាំ​។ បិតា​លោក​ឈ្មោះ សូ​ប្រូ​នី​ស៍ ជាជាង​ចម្លាក់​នៅ​អា​តែ​ន​។ មាតា​ឈ្មោះ ហ្វេ​ណា​រ៉ែត ជា​ឆ្មប​ជួយសង្គ្រោះ​ជិវិត​មនុស្ស​មិន​រើសមុខ​។ ដូច្នេះ​បានជា​សូ​ក្រា​ត​តែង​និយាយថា «​ម្តាយ​ខ្ញុំ​ជា​ឆ្មប​សម្រាលកូន ឯខ្ញុំ​ជា​ឆ្មប​សម្រាល​គំនិត​»​។​
​តាម​ឯកសារ​របស់​អា​រី​ស្តូ បាន​បញ្ជាក់ថា សូ​ក្រា​ត​មាន​ភរិយា​ឈ្មោះ សង់​ទីប និង​កូន​៣​នាក់​។ កូន​របស់​សូ​ក្រា​ត​ជា​ជន​សាមញ្ញ​ខាង​ផ្លូវ​បញ្ញា និង​គំនិត តែ​គ្មានទេ​ព្យ​កោសល្យ​ដូចជា​ឪពុក​ឡើយ​។​

សូ​ក្រា​ត ជា​យុវជន​ដ៏​ឆ្នើម​ម្នាក់ ដែល​ធ្លាប់​ចូល​ប្រយុទ្ធ​ក្នុងឋានៈ​ជា​ទាហាន​នៃ​កងពល​ថ្មើរជើង​នៅ​សមរភូមិ​ជាច្រើន​ដូចជា​៖ នៅ​ស្រុក​សា​មួ​ស​, នៅ​ទី​ប៉ូ​ដេ និង​នៅ​ដេលី​យុង​ជាដើម​។​
​សូ​ក្រា​ត មាន​វិធី​បង្រៀន​ពីរ​យ៉ាង​គឺ «​សិល្បៈ​បង្កើត​គំនិត និង​ការ​ចំអក​»​។ បង្កើត​គំនិត គឺ​ចំពោះ​មនុស្ស​សាមញ្ញ​ដែល​មិនចេះ​អួតអាង ហើយ​ដឹងថា​ខ្លួន​គ្មាន​ចេះ​អ្វី​សោះ​។ ចំណែក ការប្រើ​វិធី​ចំអក គឺ​ចំពោះ​ពួក​សូ​ហ្វី​ស (​ពួក​ទស្សនវិជ្ជា​មួយក្រុម​ដែល​ប្រឆាំង និង​ទស្សនវិជ្ជា​របស់​សូ​ក្រា​ត​) ដែលជា​អ្នក​អួតអាង​មានជំនឿថា ខ្លួន​មានចំណេះ​សកល​។ ឃ្លា​ចំបង​របស់​សូ​ក្រា​ត​ស្តីពី​ទស្សនវិជ្ជា​គឺ «​ខ្ញុំ​ដឹង​តែមួយ​មុខ​គត់​គឺ គ្មាន​ចេះ​អ្វី​សោះ​»៕

[​ដកស្រង់​ពី​សៀវភៅ មេរៀន​សង្ខេប​ទស្សនវិជ្ជា​ថ្នាក់​ទី​១១ ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ នង ប៊ុនហេង​]


Tag:
 សូក្រាត
  ទស្សនវិទូ
  អយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com