ពីនេះ ពីនោះ
រឿង​អ្នក​ស៊ី​ត្រាវ​
13, Jun 2016 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ាកកា​ខ្មៅ​
​កំណាព្យ​បទ ចក្រ​វា​ឡ​



-​គេ​ថា​ស៊ី​ត្រាវ​ក្តៅ​ដល់​គេ​    ​    ​    ​កុំ​ពន្លិច​គេ គ្រោះ​ណាស់​កុំ​
​ខ្ញុំ​ចង​តាម​ចាំ​កុំ​ជេរ​ខ្ញុំ​    ​    ​    ​    ​មានរឿង​តូចធំ​ពិតជា​មាន​។​

-​គិត​រឿង​ស៊ី​ត្រាវ​គ្រោះ​គួរ​គិត​    ​    ​    ​រឿង​ធ្វើ​ឲ្យ​មិត្ត​ពិត​មានរឿង​
​កឿង​អស់​កិច្ចការ​ជាប់គាំង​កឿង​    ​    ​ជាប់​ឈ្លោះ​រករឿង​រុកកួន​ជាប់​។​

-​មិត្ត​ប្រែជា​មា​រារាំង​មិត្ត​    ​    ​    ​រាប់អាន​គ្នា​ពិត​គិត​លែង​រាប់​
​ជាប់​ដោយ​គំនុំ​នៅ​ងំ​ជាប់​    ​    ​    ​ប្រែ​លែងរ​ករាប់​ស្អប់​ប្រួល​ប្រែ​។​

-​ចាក់ចុច​ឆ្កឹះឆ្កៀល​រាលដាល​ចាក់​    ​    ​កែ​ភ្លឺ​ឲ្យ​ខ្វាក់​សែន​ពូកែ​
​តែ​ស្ករ​ថែម​ល្បោយ​កាហ្វេ​តែ​    ​    ​    ​ទៅ​ក្រុង​ថា​ស្រែ​មិន​ចង់ទៅ​។​

-​មេ​នៅ​ឆ្ងាយ​ថា​ខ្សោយ​ណាស់​មេ​    ​    ​ចុះក្រោម​ប្រាប់​គេ​មេ​មិន​ចុះ​
​ប្រុស​ជួប​ប្រាប់ថា​ស្រី​មាន​ប្រុស​    ​    ​ដឹងថា​ធ្វើ​ខុស​ធ្វើ​មិនដឹង​។​

​ភ្លេច​គិត​ខ្លួនឯង​ខែងរ៉ែង​ភ្លេច​    ​    ​    ​ប្រឹង​ណាស់​កំទេច​គេ​ខំប្រឹង​
​ខឹង​អ្នក​ស៊ី​ត្រាវ​គ្រប់គ្នា​ខឹង​    ​    ​    ​កែ​ទៅ​បើ​ដឹងខ្លួន​ប្រឹង​កែ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com