ពីនេះ ពីនោះ
តើ​ពាក្យ​«​បែក​ស្លុយ​»​មានន័យ​ដូចម្ដេច​?
14, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក្យ​ថា «​បែក​ស្លុយ​» គឺ​ពិតជា​ពេញនិយម​ណាស់ ចំពោះ​បណ្ដា​យុវវ័យ ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​។ ប៉ុន្តែ​ពាក្យ​នេះ​ចំពោះ មនុស្ស​ជំនាន់​មុន ប្រហែលជា​មិនសូវ​យល់ ឬក៏​មិន​យល់​តែម្ដង​ចំពោះ​អត្ថន័យ នៃ​ពាក្យ មួយ​នេះ​។​



​ចំពោះ​ពាក្យ​ថា «​បែក​ស្លុយ​» នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​សព្វថ្ងៃ ប្រើ​ក្នុងន័យ​សំដៅ  ចំអកចំអន់ ទៅ​អ្នកណាម្នាក់ ថា​មាន​បញ្ហា​មិន​ប្រក្រតី​ផ្នែក​គំនិត មាន​បញ្ហា​ចិត្ត​មិន​នឹងធឹង និយាយ​អ្វី​មិនដឹង​ក្បាល​មិនដឹង​កន្ទុយ និយាយ​និង​ធ្វើ​អ្វីៗ​ប្លែកៗ ចម្លែកៗ ជាដើម​។​

​ពាក្យ​នេះ​គឺ​មិនទាន់មាន​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ​។ ប៉ុន្តែ​ចំពោះ​ពាក្យ​ថា «​បែក​» និង «​ស្លុយ​» គឺមាន​នៅក្នុង​វចនានុក្រម គឺមាន​រួចហើយ តែមាន​អត្ថន័យ ផ្សេង​ពី​អត្ថន័យ​នៃ​ពាក្យ​ថា​«​បែក​ស្លុយ​»​នេះ​។ ពាក្យ​ «​បែក​» ជា​កិរិយាសព្ទ មានន័យថា ឃ្លាត​ចេញពី​គ្នា សាយភាយ ចេញ​ព្រាតព្រោង ជាដើម​។ ចំណែក​ពាក្យ «​ស្លុយ​» ជា​គុណនាម មានន័យថា យារ​ដោយ​សម្រុងៈ សំពត់​ស្លុយ ស្លៀក​សម្លុយ​ស្លុយ​ហៀរ​កែង​។ តាមរយៈ​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ ទោះ​ដាក់បញ្ចូល​គ្នា​ក៏​មិនមាន​អត្ថន័យ​ដូច​ពាក្យ «​បែក​ស្លុយ​» ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បានកំណត់​ន័យ​ក្នុងពេល​បច្ចុប្បន្ននេះ​ទេ​ ។​ ពាក្យ​ថា «​បែក​ស្លុយ​» អាចនិយាយបាន​ជា​ពាក្យថ្មី និង​មាន​អត្ថន័យ​ថ្មី ដែល​អ្នកជំនាញ​ផ្នែក​អក្ស​សាស្ត្រ​ខ្មែរ គួរ​សិក្សា​រក​ប្រភព កំណត់​ថ្នាក់​ពាក្យ និង​អត្ថន័យ ចងក្រង ជា​លក្ខណៈ​ផ្លូវការ​។​



Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com