ជាតិ
អាជ្ញាធរ​អប្សរា​រៀបចំ​កិច្ចពិភាក្សា​ស្តីពី​កិច្ចការ​អភិរក្ស និង​បញ្ហា​ប្រឈម​នៅ​ភ្នំ​គូលែន​
15, Jun 2016 , 9:31 am        
រូបភាព
រូបភាពការទន្រ្ទានកាប់ព្រៃធ្វើចំការនៅលើភ្នំគូលែន
រូបភាពការទន្រ្ទានកាប់ព្រៃធ្វើចំការនៅលើភ្នំគូលែន
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ មិថុនា បាន​បញ្ជាក់ថា ខ្លួន​នឹង​រៀបចំ​កិច្ចពិភាក្សា​មួយ និយាយ​ពី​ការងារ​អភិរក្ស និង​បញ្ហា​ប្រឈម​មួយចំនួន នៅ​រមណីយដ្ឋាន​ភ្នំ​គូលែន​។



​ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានសរសេរថា កិច្ចពិភាក្សា​រយៈពេល​ក​ន្លះ​ថ្ងៃ​នៅពេល​ព្រឹក​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០១៦ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ កិច្ចពិភាក្សា​នេះ នឹង​ផ្តោត​សំខាន់​លើ​ការងារ​អភិរក្ស ក៏ដូចជា​បញ្ហា​ប្រឈម​នៅលើ​ភ្នំ​គូលែន​។​

​វាគ្មិន​សំខាន់ៗ ដែល​គ្រោង​ចូលរួម​មាន​លោក Tsugawa Takahisa សហប្រធាន​អាយ​ស៊ី​ស៊ី​អង្គរ​ភាគី​ជប៉ុន លោក​សាស្ត្រាចារ្យ Azedine Beshaouch លេខា​វិទ្យាសាស្ត្រ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន រួម​នឹង​មន្ត្រី​ជំនាញ​ជាច្រើនរូប​ទៀត​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ស្រាវជ្រាវ​ផ្សេងៗ​។

​សម្រាប់​ប្រធានបទ​ទាក់ទង​នឹង​ភ្នំ​គូលែន រួមមាន ទស្សនវិស័យ​ពេលអនាគត​ស្តីពី​ភ្នំ​គូលែន គំនូរ​លើ​ថ្ម​បុរេប្រវត្តិសាស្ត្រ​លើ​ភ្នំ​គូលែន ភ្នំ​ម​ហិ​ន្ទ្រ​ប​ព៌​ត​(​ភ្នំ​គូលែន​)​ក្នុង​អារ្យធម៌​ខ្មែរ កំណាយ​ស្រាវជ្រាវ និង​លទ្ធផល​ពិសោធន៍​LiDAR​។​ល​។ មិនតែប៉ុណ្ណោះ ផែនការមេ​ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ភ្នំ​គូលែន ក៏​នឹងត្រូវ​លើកមកបង្ហាញ​ក្នុង​សិក្ខាសាលា​នេះដែរ ដោយ​មន្ត្រី​ជំនាញ​ពី​ក្រសួងបរិស្ថាន​។ ជាមួយគ្នានេះ មន្ត្រី​នៃ​មូលនិធិ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ADF ក៏​នឹង​បង្ហាញ​អំពី​តំបន់​ការពារ​បុរាណវិទ្យា និង​សហគមន៍​លើ​ខ្នងភ្នំ​គូលែន និង​ដំណោះស្រាយ​សម្រាប់​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​។ ចុងក្រោយ​នៃ​កិច្ចពិភាក្សា​នេះ គឺជា​វេទិកា​សំណួរចម្លើយ​រវាង​អ្នកចូលរួម និង​វាគ្មិន ដែល​អាច​ឈានដល់​ការធ្វើ​សេចក្តីសន្និដ្ឋាន​រួមមួយ​។

​សិស្ស​និស្សិត មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកស្រាវជ្រាវ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ដ៏​កម្រ​នេះ​។ អាជ្ញាធរ​ជាតិ​អប្សរា រំពឹងថា នឹងមាន​អ្នកចូលរួម​ច្រើន ដើម្បី​ដឹង​រឿងរ៉ាវ​នានា ជុំវិញ​រមណីយដ្ឋាន​ភ្នំ​គូលែន ដែលជា​កន្លែង​ប្រ​វ​តិ្ត​សាស្ត្រ​ដ៏​សំខាន់​នៅក្នុង​ខេត្តសៀមរាប​។​

​គូរ​រម្លឹក​ដែរ​ថា ភ្នំ​គូលែន ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា សម្រេច​ដកសិទ្ធិ​គ្រប់គ្រង​ពី​ក្រុមហ៊ុន នគរ​គោកធ្លក ដែល​គេ​ស្គាល់​ថា ជា​របស់លោក សៀង ណាំ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មក​គ្រប់គ្រង​ខ្លួនឯង​វិញ​។ តាម​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល ព្រៃឈើ​នៅលើ​ភ្នំ​នេះ គឺ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​បុរាណ​ដ្ឋា​ន គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ យ៉ាងណាក៏ដោយ រហូតមកដល់​ថ្ងៃនេះ ការគ្រប់គ្រង​នៅ​មិនទាន់​ដំណើរការ​នៅឡើយ​ទេ ដោយ​បច្ចុប្បន្ន ស្ថាប័ន​ចម្រុះ​កំពុង​បង្កើត​គណៈកម្មការ ដើម្បី​ដោះស្រាយ និង​ផ្ទេរ​ការរស់នៅ​របស់​ប្រជាជន​នៅ​ទីនោះ​។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com