ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​នាំខ្លួន លោក ហុង សុខ​ហួរ ទៅ​សួរ​រឿង​ឯកឧត្តម សម រង្ស៊ី​
17, Jun 2016 , 2:05 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវបាន​តុលាការ​បញ្ជូន​ខ្លួន ទៅ​សាកសួរ ក្នុងនាម​ជា​សាក្សី នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​នេះ​។ សំណួរ ដែល​តុលាការ បាន​តាំង​ឡើង គឺពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​ឯក​ឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។



​ក្រោយ​ចាក​ចេញពី​បន្ទប់សាកសួរ លោក ហុង សុខហួរ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការនាំ​ខ្លួន​លោក​ទៅកាន់​តុលាការ​នៅថ្ងៃនេះ មិនមែន​ក្នុងនាម​ជា «​ជន​ត្រូវ​ចោទ​» ឡើយ តែ​ក្នុងនាម​ជា «​សាក្សី​» ទៅវិញ​ទេ​។ លោក ហុង សុខ​ហួរ អះអាងថា រូបលោក ត្រូវបាន​តុលាការ សាកសួរ ពី​រឿងក្តី​របស់​ឯកឧត្តម សម រង្ស៊ី ដែល​រង​ការចោទប្រកាន់​កន្លងមក​។

​យ៉ាងណាក៏ដោយ លោក ហុង សុខ​ហួរ មិនបាន​រៀបរាប់​អ្វី​ឡើយ ថា អង្គហេតុ​ណាវីខ្លះ ដែល​តុលាការ សួរដេញដោល​លោក លើ​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី​។ សមាជិក​ព្រឹទ្ធសភា​រូបនេះ បានត្រឹមតែ​ឆ្លើយ​ទៅកាន់​អ្នកកាសែត​យ៉ាងខ្លី​ថា តុលាការ សុំ​ឲ្យ​លោក ឆ្លើយបំភ្លឺ​ពី​ករណី​របស់​ឯកឧត្តម សម រង្ស៊ី​។

​បន្ទាប់ពី​បញ្ចប់​ការសាកសួរ​នៅ​ម៉ៅ​ង​ជាង​១០ លោក ហុង សុខ​ហួរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នាំខ្លួន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស វិញ​។​

​ការនាំ​ខ្លួន​លោក ហុង សុខ​ហួរ ​ទៅកាន់​តុលាការ​នៅថ្ងៃនេះ ពុំមាន​វត្តមាន​របស់​មេធាវី​ឡើយ​។ លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​លោក មិនបាន​ដឹងថា កូនក្តី​របស់ខ្លួន ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​។​

​លោក ហុង សុខ​ហួរ ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី រូបនេះ ត្រូវបាន​ចោទប្រកាន់​ពី បទ​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​មជ្ឈិម​។​

​បើទោះបីជា​លោក ហុង សុខ​ហួរ មិនបាន​បកស្រាយ​ថា ចំណុច​ណាខ្លះ​ដែល តុលាការ​សួរ​ពី​ឯកឧត្តម សម រង្ស៊ី ក៏ពិតមែន ប៉ុន្តែ​ការសួរដេញដោល​នេះ ទំនងជា​ទាក់ទង​នឹង​ការ​បង្ហោះ​ឯកសារ​ព្រំដែន​លើ​បណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក កន្លងមក​។ ដោយសារតែ​ការ​បង្ហោះ​ឯកសារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ឯកឧត្តម សម រង្ស៊ី ត្រូវបាន​តុលាការ​ចោទ​ពីបទ «​ការ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» កាល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ៕


Tag:
 ហុង សុខ​ហួរ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com