ពីនេះ ពីនោះ
ទ្រឹស្ដីធំបី របស់ព្រះពុទ្ធ មានលក្ខណៈ ប្រជាធិបតេយ្យ
× ភ្នំពេញ៖ អធិបតេយ្យ គឺជាប្រភពធំ ក្នុងការកសាងប្រជាធិយតេយ្យ។ នៅក្នុងទ្រឹស្ដីរបស់ព្រះពុទ្ធ បានលើកទ្រឹស្ដីចំនួនបីធំ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសង្គមតាមបៀបប្រជាធិបតេយ្យ។ ទ្រឹស្ដីទាំងបីនោះរួមមាន៖
១. ការយកខ្លួនឯងជាធំ (អត្តាធិបតេយ្យ)៖ គឺការយកខ្លួនឯងជាធំសម្រាប់អនុវត្តចំពោះស្ថានភាពឬកិច្ចការទាំងឡាយណា ដែលផ្ដល់ផលជាសំខាន់ដល់បុគ្គលម្នាក់ៗមានដូចជាការសម្រេចចិត្តជ្រើសរើសមុខរបរការងារ របៀបរស់នៅ។ល។ គឺធ្វើតាមការនិយមចូលចិត្តរបស់បុគ្គលរៀងៗខ្លួន។
២. ការយកសំឡេងភាគច្រើន ឬសាធារណៈជនជាធំ(លោកាធិបតេយ្យ)៖ ទ្រឹស្ដីនេះត្រូវបានយកមកអនុវត្តចំពោះការងារណាដែលពាក់ព័ន្ធប្រយោជន៍កិច្ចការក្រុម សហគមន៍ និងប្រទេស។ មនុស្សច្រើននាក់មានមានមតិផ្សេងៗគ្នា យល់ឃើញផ្សេងៗគ្នា លើបញ្ហាអ្វីមួយ មិនអាចតម្រូវតាមចិត្តមនុស្សគ្រប់រូបបានទេ ហេតុនេះបានជាព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានស្វែងយល់ថា លោកាធិតេយ្យមានសារៈសំខាន់ណាស់។
៣. ការយកច្បាប់ជាធំ(ធម្មាធិបតេយ្យ)៖ សង្គមមានច្បាប់របស់សង្គមនៅក្នុងការកាសាងនិងរៀបចំសណ្ដាប់ធ្នាប់សង្គម។ សង្គមមានច្បាប់ បុគ្គលគ្រប់រូបក៏ត្រូវតែគោរពតាមច្បាប់របស់សង្គមដែលបានកំណត់ និងតាក់តែងឡើង។ បុគ្គលគ្រប់រូបមិនចេះតែធ្វើអ្វីដែលខ្លួនចង់ធ្វើមិនខ្វល់ពីច្បាប់នោះទេ។
ជារួមមក ទស្សនៈរបស់ព្រះសម្មាសម្ពុទ្ធ បានបង្ហាញពីទស្សនៈកសាងប្រជាធិបតេយ្យយ៉ាងសំខាន់។ ជាក់ស្ដែងណាស់ ដំណើកសាងប្រជាធិបតេយ្យ ការរៀបចំឲ្យមានអត្តាធិបតេយ្យ លោកាធិបតេយ្យ និងធម្មាធិបតេយ្យ គឺជាកត្ដាចម្បងក្នុងការកំណត់ថា សង្គមនោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ៕
ដកស្រង់ពី៖ ប្រវត្តិទស្សនវិជ្ជានយោបាយ, រៀបរៀងដោយលោកគ្រូ ជេត ហុល
© រក្សាសិទ្ធិដោយ thmeythmey.com