ជាតិ
វៀតណាម សង្ឃឹមថា កម្ពុជា បន្តធានាសិទ្ធិស្របច្បាប់ដល់អនិកជនវៀតណាមរស់នៅកម្ពុជា
× ក្នុងដំណើរទស្សនកិច្ចប្រមុខរដ្ឋវៀតណាមនៅកម្ពុជារយៈពេលពីរថ្ងៃនោះ លោក ត្រាន់ ដាយក្វាង បានស្នើឲ្យកម្ពុជា បន្តធានាសិទ្ធិស្របច្បាប់របស់អនិកជនវៀតណាមរស់នៅកម្ពុជា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា។
ក្រោយពីជំនួបរវាងលោក ត្រាន់ ដាយក្វាង ជាមួយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសកម្ពុជានោះ ភាគីទាំងពីរបានសម្រេចលទ្ធផលជាច្រើន ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម។ តាមរយៈលទ្ធផលនេះប្រមុខរដ្ឋវៀតណាមលោក ត្រាន់ ដាយក្វាង សង្ឃឹមថា កម្ពុជានឹងបន្តចាត់វិធានការធានាសិទ្ធិស្របច្បាប់របស់អនិកជនវៀតណាមរស់នៅកម្ពុជា ដូចអនិកជនបរទេសដទៃទៀត ដែលរស់នៅកម្ពុជា ស្របតាមច្បាប់ និងលិខិតបទដ្ឋាននៃប្រទេសកម្ពុជា ដោយផ្អែកលើស្មារតីជាអ្នកជិតខាងល្អនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥កន្លងមក ជនបរទេសខុសច្បាប់ចំនួន ៤៤២៤នាក់ (ស្រី៥៥៣នាក់) មានចំនួន ៤៩សញ្ជាតិ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជាឃាត់ខ្លួននិងបញ្ជូនទៅស្រុកកំណើតវិញ។ ក្នុងចំណោមជនអន្តោប្រវេសន៍ទាំងនោះ អន្តោប្រវេសន៍វៀតណាមចំនួនច្រើនជាងគេ រហូតដល់ ៣៩៧៨នាក់ (ស្រី១១៥នាក់) ដែលមានចំនួន៩០ភាគរយ។ នេះបើតាមរបាយការណ៍ឆ្នាំ២០១៥ ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក សុខ ផល ធ្លាប់បានបង្ហាញរបាយការណ៍ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៥កន្លងមកថា ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមបានកើនឡើងពី ៧ម៉ឺននាក់ក្នុងឆ្នាំ២០០២ មកដល់១៦ម៉ឺននាក់ក្នុងឆ្នាំ២០១៤។ វាជាចំនួនកើនឡើងដែលធ្វើឲ្យលោកអគ្គនាយកកត់សម្គាល់យ៉ាងខ្លាំង។ មេប៉ូលីសអន្តោប្រវេសន៍រូបនេះ អះអាងថា ចំនួន១៦ម៉ឺននាក់នៃជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមនេះ ក៏មិនទាន់ជាចំនួនសរុបចុងក្រោយនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com