កីឡាជាតិ
វីរ​កីឡាការិនី កែ ឡេង នឹង​ប្រកាស​ចូលនិវត្តន៍ ប៉ុន្តែ​ប្តេជ្ញា​មិន​បោះបង់​
19, Jun 2016 , 8:40 pm        
រូបភាព
ដោយ:
​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​ជើងឯក​មេដាយមាស​ពិភពលោក​ពីរ​ជំនាន់​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ឲ្យ​ដឹងថា ខ្លួន​នឹង​ប្រកាស​ចូលនិវត្តន៍​បន្ទាប់​ពី​ត្រឡប់​មកពី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ម្តងទៀត​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​កីឡាការិនី​ម្នាក់នេះ​បាន​ប្តេជ្ញា​ថា មិន​បោះបង់​វិស័យ​កីឡា​ប៉េតង់​នោះទេ ពោលគឺ​នៅពេលដែល​បញ្ចប់​អាជីព​ជា​កីឡាករ នឹង​បន្ត​អាជីព​ជា​គ្រូបង្វឹក​រហូតដល់​បង្វឹក​លេង​រួច​។​

 
​វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​ពីរលើក​ជាប់​គ្នា​នឹង​ប្រកាស​ចូលនិវត្តន៍​ក្រោយ​ត្រឡប់​មកពី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ជា​លើក​ទី​៣​នៅ​ឆ្នាំក្រោយ​។ សម្រាប់​ការប្រកាស​ចូលនិវត្តន៍​នេះ​កីឡាការិនី​រូបនេះ​ធ្លាប់​ស្នើសុំ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ម្តង​រួចមកហើយ​ក្រោយពី​ត្រឡប់​មកពី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៥​។  ប៉ុន្តែ​ដោយសារ​មាន​ស្នើសុំ​ឲ្យ​ជួយ​ពី​សហព័ន្ធ​រូបគេ​បានសម្រេច​ចិត្ត​នៅ​លេង​បន្ត​រហូតដល់​បច្ចុប្បន្ន​។ 
 
​ម្ចាស់​មេដាយ​ពិភបលោក​រូបនេះ​បាន​បញ្ជាក់ថា​៖«​តាម​គំនិត​របស់ខ្ញុំ​បម្រុង​ឈប់​តាំងពី​ត្រឡប់​មកពី​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ថៃ​មកម្ល៉េះ ប៉ុន្តែ​ដោយសារ​មានការ​សំណូមពរ​ពី​សហព័ន្ធ និង​ប្រធាន​សហព័ន្ធរ សុំ​ឲ្យ​ខ្ញុំ​នៅ​បន្ត​ការប្រកួត​ឲ្យ​បាន​ដល់​ការប្រកួត​ជើងឯក​ពិភបលោក​លើក​ទី​៣​សិន​។ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​សម្រេចចិត្ត​ច្បាស់​ហើយ​ថា នឹង​ចូលនិវត្តន៍​ក្រោយ​ត្រឡប់​មកពី​ចូលរួម​ប្រកួត​ជើងឯក​ពិភព​លើក​ទី​៣​នៅ​ឆ្នាំក្រោយ​»​។​
 
​ទោះបី​ជាមាន​គម្រោង​ក្នុង​ការប្រកាស​ចូលនិវត្តន៍​ក៏ដោយ ប៉ុន្តែ​ម្ចាស់​ជើងឯក​ពិភពលោក​វ័យ​៥៣​ឆ្នាំ​រូបនេះ​មិនមាន​បំណង​ក្នុងការ​ផ្លាស់ប្តូរ​អាជីព​ពី​វិស័យ​កីឡា​ប៉េតង់​នោះទេ​ដោយ​រូបគេ​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​មួយ​នេះ​តាមរយៈ​ការធ្វើជា​គ្រូបង្វឹក​បន្ត​រហូតដល់​ខ្លួន​ចាស់​។ 
 
​កីឡាការិនី​រូបនេះ​បាន​រៀបរាប់ថា​៖«​សម្រាប់​ខ្លួន​ខ្ញុំ​គ្មាន​គម្រោង​ផ្លាស់ប្តូរ​អាជីព​ថ្មី​អ្វី​នោះទេ ព្រោះ​ដោយសារ​បច្ចុប្បន្ន​ខ្ញុំ​មានកូន​សិស្ស​១១​នាក់​នៅក្នុង​ក្លិប​ក្រសួងមហាផ្ទៃ ដូច្នេះ​ខ្ញុំ​នឹង​បង្ហាត់​ពួកគេ ប្រសិនបើ​កូនសិស្ស​ខ្ញុំ​អ្នកណាម្នាក់​មាន​សមត្ថភាព​ខ្លាំង ហើយ​មើលទៅ​អាច​ជំនួស​ខ្ញុំ​បាន ខ្ញុំ​នឹង​ឈប់​ពី​ក្រុម​ជម្រើសជាតិ ទៅ​ពង្រីក​កេ​រិ៍​ឈ្មោះ​ក្លិប​របស់ខ្ញុំ​រហូតដល់​ខ្ញុំ​ធ្វើ​លេង​បាន​»​។ 
 
​កីឡាការិនី​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​រូបនេះ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​មិន​បោះបង់​ពី​វិស័យ​កីឡា​ប៉េតង់​នេះ​ថា ដោយសារតែ​វិស័យនេះ​បាន​ជួយ​ឲ្យ​កីឡាការិនី​រូបនេះ​មាន​កិត្តិយស និង​កេ​រិ៍​ឈ្មោះ​ល្បាញ​ល្បី​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។ ហើយ​តាមរយៈ​វិស័យ​កីឡា​ប៉េតង់​នេះ វា​បាន​ជួយ​លើកស្ទួយ​កិត្តិយស​គ្រួសារ និង​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​កីឡាការិនី​រូបនេះ​ឲ្យ​មាន​ភាព​ធូរធារ​ទៀតផង​៕   

Tag:
 ប៉េតង់​
  កែ ឡេង​
  ការចូល​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com