ជាតិ
អ្វី​ជា​ទង្វើ​បំពាន​ផ្លូវភេទ​?
09, Jun 2018 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា បានកំណត់​បទល្មើស ៤ ប្រភេទ ដែល​ចាត់​ចូល​ជា​អំពើ​បំពាន​ផ្លូវភេទ ទី ១ បទល្មើស​រំលោភ​សេធ​សន្ថវៈ ទី ២ បទល្មើស​ប្រទូស្ត​កេរ​ខ្មាស ទី ៣ បទល្មើស​បង្ហាញ​កេរ​ភេទ និង​ទី ៤ បទ​រុកកួន​ខាង​ផ្លូវភេទ​។ ខាងក្រោម​នេះ ជាការ​ការពន្យល់​ដោយ​សង្ខេប​អំពី​បទល្មើស​ទាំង ៤ ខាងលើ ដែល​ចាត់ជា​ទង្វើ​បំពាន​ផ្លូវភេទ​។​



​ទី ១ បទ​រំលោភ​សេពសន្ថវៈ​
​បទ​រំលោភ​សេពសន្ថវៈ គឺ​សំដៅ​ទៅលើ​រាល់​អំពើ​បញ្ចូល​អង្គជាត​(​លិង្គ ឬ​យោនី​) តាមបែប​ណាក៏ដោយ ឬ​អំពើ​បញ្ចូល​ឧបករណ៍​ណាមួយ​ទៅក្នុង​អង្គជាត ដែល​ប្រព្រឹត្ត​ទៅលើ​អ្នក​ទៃ ទោះបី​មាន​ភេទ​ដូចគ្នា ឬ​មិន​ដូចគ្នា​ក៏ដោយ ដោយ​ការប្រើ​ហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬ ដោយ​ការ​ឆ្មក់​ឱកាស គឺជា​បទ​រំលោភ​សេពសន្ថវៈ​។ បទល្មើស​នេះ មានចែង​នៅក្នុង​មាត្រា ២៣៥ ហើយ​ត្រូវ​ផ្តន្ទាទោស​ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ​។

​ទី ២ បទ​ប្រទូស្ត​កេរ​ខ្មាស​
​ក្នុង​ក្រហ្ម​ទណ្ឌ​កម្ពុជា មាត្រា ២៤៦ ពន្យល់ថា គ្រប់​អំពើ​ប៉ះពាល់ ស្ទាប អ​ង្អែ​រ​កេរ​ភេទ ឬ​ផ្នែក​ភេទ​ផ្សេងទៀត​របស់​បុគ្គល​ដទៃ តែ​បុគ្គល​នោះ មិន​ស្ម័គ្រ​ផង​ទេ ឬ បង្ខំ​បង្គ​ល​ដទៃ​ឲ្យ​ប្រព្រឹត្ត​អំពើ​នេះ​មកលើ​ខ្លួន ឬ​ទៅលើ​ត​តិ​យ​បុគ្គល ( បុគ្គល​ទី ៣) ក្នុង​គោលបំណង​ធ្វើ​ឲ្យ​រំជួល ឬ​រីករាយ​ដល់​ចំណង់​ផ្លូវភេទ​របស់​ជនល្មើស គឺជា​អំពើ​ប្រទូស្ត​កេរ​ខ្មាស​។ អំពើ​ប្រទូស្ត​កេរ​ខ្មាស​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ពីរលាន​ដល់ ៦ លាន​រៀល​។ ហើយ​ក្នុង​ករណីខ្លះ​បទល្មើស​នេះ មាន​ស្ថាន​ទម្ងន់ទោស​បន្ថែមទៀត ពី​ពីរ​ឆ្នាំ ដល់​ប្រាំ​ឆ្នាំ ដូចជា​ករណី អំពើ​នេះ​ប្រព្រឹត្ត ដោយ​បុគ្គល​ដែល​រំលោភ​អំណាច ដែល​មុខងារ​របស់ខ្លួន​ប្រគល់​ឲ្យ ជាដើម​។​

​ទី ៣ បទ​បង្ហាញ​កេរ​ភេទ​
​បទល្មើស​នេះ គឺ​សំដៅ​ទៅលើ​អំពើ​បង្ហាញ​កេរ​ភេទ​ដែល​នាំ​ឲ្យ​អ្នកដទៃ​មើលឃើញ នៅក្នុង​ទីកន្លែង​មួយ​ដែល​សាធារណជន​អាច​មើលឃើញ ត្រូវ​ផ្តន្ទាទោស​ពី ៦ ថ្ងៃ ទៅ ៣ ខែ និង​ពិន័យ​ជា​ប្រាក់ ពី​១ សែន​ទៅ ៥ សែន​រៀល​។​

​ទី ៤ បទ​រុកកួន​ខាង​ផ្លូវភេទ​
​អំពើ​រុកកួន​ខាង​ផ្លូវភេទ គឺជា​អំពើ​ដែល​បុគ្គល​ម្នាក់​រំលោភ​អំណាច ដែល​មុខងារ​របស់ខ្លួន​បុគ្គល​ឲ្យ ហើយ​យក​អំណាច​នោះ​ទៅ​គាបសង្កត់​ម្តង​ហើយ ម្តងទៀត​ទៅលើ​អ្នកដទៃ ក្នុង​គោលបំណង​ទទួល​ការអនុគ្រោះ​ខាង​ផ្លូវភេទ​។ អំពើ​រុកកួន​ខាង​ផ្លូវភេទ ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ៦ ប្រាំ​មួយថ្ងៃ ដល់ ៣ ខែ និង​ពិន័យ​១ សែន ដល់ ៥ សែន​រៀល​។ បទល្មើស​នេះ មានចែង​នៅក្នុង​មាត្រា ២៥០ នៃ​ក្រម​ដដែល​៕


Tag:
 ផ្លូវភេទ​
  រំលោភ​ព​សេពសន្ថវៈ​
  ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com