អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ដូ​ណា​ល់ ត្រាំ ហៅ​លោកស្រី គ្លី​ន​តុ​ន ជា «​មនុស្ស​កុហក​លំដាប់​ពិភពលោក​»
24, Jun 2016 , 9:19 am        
រូបភាព
 
​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​ខ្លាំងៗ​លើ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដោយ​ចោទប្រកាន់ លោកស្រី ជា​មនុស្ស​កុហក មិន​សម​នឹង​តំណែង​ប្រធានាធិបតី និង​លួច​កិបកេង​លុយ​រដ្ឋ​។ បេក្ខជន​ទាំងពីរ បាន​បន្ត​ឆ្លើយឆ្លង​សំដី​គ្នា ជា​ហូរហែ ខណៈដែល​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នឹងធ្វើ​នៅ​ខែវិច្ឆិកា ឯណោះ​។​

 
​សេដ្ឋី​អចលនទ្រព្យ លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែមិថុនា បាន​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​បេក្ខជន​ប្រធានាធិបតី លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ចាត់ទុក​លោក ជា​អ្នកជំនួញ​គ្រោះថ្នាក់ សម្រាប់​អាមេរិក​។ លោក ត្រាំ ហៅ​លោកស្រី ជា​អ្នក​ដែល​ពូកែ​កុហក​លំដាប់​ពិភពលោក និង​រិះគន់​នយោបាយ​លោកស្រី ចំពោះ​ពាណិជ្ជកម្ម នយោបាយ​បរទេស និង​អន្តោប្រវេសន៍​ជាដើម​។ 
 
​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ Trump SoHo បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ ថែមទាំង​ចាត់ទុក​លោកស្រី គ្លី​ន​តុ​ន ជា​បេក្ខជន​ពុករលួយ​ខ្លាំង ដែល​ចង់​ធ្វើ​ប្រធានាធិបតី​។ លោក​បន្តថា លោកស្រី គ្លី​ន​តុ​ន កំពុងតែ​មានបាន ហើយ​ធ្វើ​ឲ្យ​យើង​កាន់តែ​ក្រ​ទៅ​។ 
 
​ជាមួយគ្នា​នោះ សារព័ត៌មាន The Guardian ផ្សាយ​ថា លោក ដូ​ណា​ល់ ត្រាំ ក៏​វាយប្រហារ​លោកស្រី គ្លី​ន​តុ​ន ចំពោះ​តួនាទី​ជា​រដ្ឋមន្ត្រីការបរទេស​ផងដែរ​។ លោក​បញ្ជាក់ថា លោកស្រី គ្លី​ន​តុ​ន គ្រប់គ្រង​ក្រសួងការបរទេស ដូចជា​ក្រសួង​ផ្ទាល់​របស់លោក​ស្រី  ហើយ​តែងតែ​ស្របតាម​របប​ផ្ដាច់ការ ជា​ថ្នូរ​នឹង​ប្រាក់​។ លោក ត្រាំ បន្ត​ចោទ​ទៀតថា លោកស្រី បាន​លក់​ប្រទេស និង​កម្មករ​អាមេរិក ទៅ​ឲ្យ​ក្រុង​ប៉េកាំង​។    
 
​ដោយ​លើកឡើង​ពី​ការវាយប្រហារ​លើ​កុងស៊ុល​អាមេរិក ក្នុង​ក្រុង​Benghazi ដែល​សម្លាប់​ទូត​អាម​រិ​ក​ផង​នោះ បេក្ខជន​វ័យ​៧០​ឆ្នាំនេះ ចាត់ទុក​រឿងនេះ ជាការ​ទទួលខុសត្រូវ​របស់លោក​ស្រី គ្លី​ន​តុ​ន​។ លោក​និយាយថា លោក Chris Stevens ត្រូវ​ទុក​ឲ្យ​ស្លាប់ ដោយ​គ្មាន​ជំនួយ​អ្វី ខណៈ​លោកស្រី កំពុងតែ​សម្រាក​លើ​គ្រែ​ទៅវិញ​។ នេះ​ជាការ​សម្រេចចិត្ត​មួយ ដែល​បណ្ដាល​ឲ្យ​មានការ​បាត់បង់​ជីវិត ការបំផ្លិចបំផ្លាញ និង​ភេរវកម្ម គ្រប់កន្លែង​។ 
 
​ក្រៅពី​ការវាយប្រហារ​លើ​អ្នកដទៃ លោក ដូ​ណា​ល់ ត្រាំ ក៏​មិន​ភ្លេច​អួត​ពី​ខ្លួនឯង​នោះទេ​។ លោក​អះអាងថា លោក​ជា​មនុស្ស​មានគំនិត​ច្នៃប្រឌិត ដែលមាន​សមត្ថភាព​បំពេញការងារ​បាន​ជោគជ័យ​។ មួយវិញទៀត លោក​ក៏​អាច​ការពារ​អ្នកបោះឆ្នោត​ទាំងអស់ ពី​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច ដែល​ចងរឹត​ដោយ​អ្នកនយោបាយ​ខ្លះ  រួមទាំង​លោកស្រី គ្លី​ន​តុ​ន ផងដែរ​៕   
 
 
 
    

Tag:
 អាមេរិក​
 ​ដូ​ណា​ល់​ត្រាំ​
 ​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com