ជាតិ
ផែនទី​ហានិភ័យ​អាច​ឲ្យ​គេ​ដឹង​ពី​កន្លែង​គ្រោះថ្នាក់​មុន​ក្នុង​តំបន់​អង្គរ​
29, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ផែនទី​ហានិភ័យ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ផែនទី នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ដឹង​ពី​ទីតាំង​គ្រោះថ្នាក់​នានា នៅតាម​ប្រាសាទ និង​នៅ​ដើមឈើ​ក្នុង​តំបន់​អង្គរ​។​


 
​ផែនទី​ហានិភ័យ គឺជា​ផែនទី​ម្យ៉ាងដែ​លអាច​បង្ហាញ​ពី​ស្ថានភាព​គ្រោះថ្នាក់​មួយចំនួន​នៅតាម​ប្រាសាទ និង​នៅតាម​រចនាសម្ព័ន្ធ​បុរាណ​ដ្ឋា​ន​នានា ក្នុង​គោលដៅ​រក​ឲ្យ​ឃើញថា តើ​ចំណុច​ណាមួយ​កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំង មធ្យម និង​តិចតួច​។ ផែនទី​នេះ ក៏​នឹង​អាច​ឲ្យ​អ្នក​អភិរក្ស ងាយស្រួល​ដើម្បី​សង្គ្រោះ​ទីតាំង​ហានិភ័យ​ទាំងនោះ​ផងដែរ​។ 
 
​ព័ត៌មាន​ដែល​ចេញផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានសរសេរថា លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ជុំវិញ​ផែនទី​ហានិភ័យ​នេះ ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​អង្គរ កាលពី​ថ្ងៃទី​២២ មិថុនា​កន្លងទៅ​។ លោក ហង់ ពៅ​បញ្ជាក់ថា ផែនទី​ហានិភ័យ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១២ ក្នុង​គោលដៅ សិក្សា​ពី​ហានិភ័យ​ប្រាសាទ អាកាសធាតុ ប្រព័ន្ធធារាសាស្ត្រ ប្រជាជន និង​ភ្ញៀវទេសចរ​ជាដើម ព្រោះ​វា​មាន​ទំនាក់ទំនង​។​
 
​លោក ហង់ ពៅ បន្តថា ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ​មាន​សភាព​ទ្រុឌទ្រោម​ដោយ​កត្តា​ធម្មជាតិ កត្តា​មនុស្ស សង្គ្រាម ។​ល​។ ដូច្នេះ គេ​ចាំបាច់​ត្រូវ​រៀបចំ​ផែនទី​ហានិភ័យ​នៅតាម​ប្រាសាទ​នានា ដើម្បី​សម្រួល​លើ​ការងារ​អភិរក្ស ជួសជុល ក៏ដូចជា​បង្ការ​ការគ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​ជាយថាហេតុ​។
​បច្ចុប្បន្ន ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ធ្វើ​ផែនទី​ហានិភ័យ នៅ​ប្រាសាទបាយ័ន​។ អ្នកជំនាញ​នឹង​រៀបចំ​ដាក់​ពណ៌​រាល់​ចំណុះ​ដែល​បាន​ត្រួតពិនិត្យ និង​ចុះបញ្ជី​សារពើ​ភណ្ឌ​ជាដើម​។ ឧទាហរណ៍ ពណ៌​ក្រហម​គ្រោះថ្នាក់​ខ្លាំង ពណ៌​ខៀវ​គ្រោះថ្នាក់​មធ្យម និង​ទឹកក្រូច ត្រូវ​ប្រុងប្រយ័ត្ន​ជាដើម​។ 
 
​លោក​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​បន្ថែមថា​«​បច្ចុប្បន្ន ក្រុមការងារ​កំពុង​បង្កើត​ប្រព័ន្ធ​មួយ​ឲ្យ​ឈ្មោះថា GIS វា​ជា​ប្រព័ន្ធ​មួយ​ទាក់ទង​នឹង​ភូមិសាស្ត្រ​ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​គណនា ដោយ​គ្រាន់តែ​អ្នកជំនាញ បញ្ចូល​ទិន្នន័យ​ទៅ ប្រព័ន្ធ​GIS​នេះ​អាច​គណនា​ប្រាប់​យើង​ថា នេះ​ជា​ហានិភ័យ​ដែល​នឹង​មកដល់​បើសិនជា​ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ឬ​ភ្ញៀវទេសចរ​ទៅ​កន្លែង​នោះ​។ ការធ្វើ​នេះ យើង​ត្រូវការ​អ្នកជំនាញ​គ្រប់ផ្នែក​ទាំងអស់​ប្រមូល​និង​បញ្ចូល​ទិន្នន័យ​ទៅ​ប្រព័ន្ធ GIS ដើម្បី​គណនា​ហានិភ័យ ដែល​វា​នឹង​កើតមានឡើង​បើសិនជា​យើង​មិន​ព្រម​ទប់ស្កាត់​មុន​ទេ​»​។​
 
​លោក ហង់ ពៅ មិនបាន​បញ្ជាក់ថា គម្រោង​ផែនទី​ហានិភ័យ​ដែល​កំពុងដំណើរការ​នេះ គ្រោង​នឹង​បញ្ចប់​នៅពេលណា​នោះទេ តែ​លោ​កថា ក្រុមការងារ​គ្រោង​នឹងធ្វើ ផែនទី​អាទិភាព​បន្ទាប់​ពីនេះ​។ ផែនទី​អាទិភាព​នេះ​ជា​ផែន​ទីមួយ​សម្រាប់​អ្នកដឹកនាំ សម្រេច​ថា​គួរ​ធ្វើ​អ្វី​មុន​និង​គួរ​ធ្វើ​អ្វី​ក្រោយ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​៕
 
 

Tag:
 ផែនទី​ហានិភ័យ​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com