ជាតិ
មូលនិធិ ម៉េងលី ជេ. គួច បរិច្ចាគគ្រែមន្ទីរពេទ្យអេឡិចត្រូនិកជូនមន្ទីរពេទ្យរដ្ឋចំនួន៣កន្លែង
×
កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ មូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគគ្រែពេទ្យអេឡិចត្រូនិកជូនដល់មន្ទីរពេទ្យរដ្ឋចំនួន៣កន្លែង រួមមាន៖ មន្ទីរពេទ្យព្រះកេតុមាលា ទទួលបានគ្រែចំនួន១៥ មន្ទីរពេទ្យព្រះអង្គឌួង ទទួលបានគ្រែចំនួន១០ និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ទទួលបានគ្រែចំនួន១០ ទុកសម្រាប់ប្រើប្រាស់ ដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកជំងឺ។ គួរបញ្ជាក់ផងដែរថា គ្រែពេទ្យអេឡិចត្រូនិកចំនួន១៧៤គ្រែ គឺជាអំណោយសប្បុរសធម៌ដែលមូលនិធិ ម៉េងលី ជេ. គួច ទទួលបានពីមន្ទីរពេទ្យ Canton “Bruderholz” ប្រទេសស្វីស សម្រាប់ទុកបរិច្ចាគបន្តក្នុងគោលដៅសប្បុរសធម៌ ហើយបើគិតពីតម្លៃគ្រែនីមួយៗវិញ មានតម្លៃរហូតដល់ទៅជាងមួយម៉ឺនដុល្លារឯណ្ណោះ។
លោក ខឹម ប៊ុណ្ណាវឌ្ឍន៍ ប្រធានកម្មវិធី នៃមូលនិធិ ម៉េងលី ជេ. គួច បានឱ្យដឹងថា មូលនិធិក៏មានគម្រោងបរិច្ចាគគ្រែពេទ្យអេឡិចត្រូនិកខាងលើជាបន្តបន្ទាប់ទៀត ជូនដល់មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬបណ្តាអង្គការបម្រើសេវាកម្មសុខភាពនានា ដែលមានតម្រូវការចាំបាច់លើគ្រែពេទ្យនេះផងដែរ។ លោកប៊ុណ្ណាវឌ្ឍន៍ ក៏បានបន្តទៀតថា មូលហេតុចម្បងដែលមូលនិធិ ម៉េងលី ជេ. គួច ធ្វើការបរិច្ចាគនូវគ្រែពេទ្យអេឡិចត្រូនិកជូនដល់មន្ទីរពេទ្យខាងលើ ដោយសារមន្ទីរពេទ្យពិតជាត្រូវការចាំបាច់នូវបរិក្ខារពេទ្យផ្សេងៗជាច្រើន ជាពិសេសគ្រែពេទ្យតែម្តង សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សទូទៅ អ្នកជំងឺវះកាត់ និងសម្រាកព្យាបាលជំងឺផងដែរ។
លោកវេជ្ជបណ្ឌិត លីម ហ៊ាបលី អនុប្រធានការិយាល័យគណនេយ្យ នៃមន្ទីរពេទ្យព្រះអង្គឌួង បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះអំណោយគ្រែពេទ្យទទួលបានពីមូលនិធិ ម៉េងលី ជេ. គួច សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមផងដែរ។ លោកហ៊ាបលី ក៏បានបន្តទៀតថា អំណោយទាំងអស់ខាងលើ ពិតជាមានសារៈប្រយោជន៍មែនទែនសម្រាប់មន្ទីរពេទ្យ ដែលបច្ចុប្បន្នមន្ទីរពេទ្យកំពុងតែត្រូវការគ្រែពេទ្យបន្ថែមជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ។
ចំណែកលោកវេជ្ឌបណ្ឌិត ខៀវ វុទ្ធី នាយករងមន្ទីរពេទ្យព្រះកេតុមាលា ទទួលបន្ទុកខាងផ្នែកវិទ្យុសាស្ត្រ បានឱ្យដឹងផងដែរថា មន្ទីរពេទ្យពិតជាត្រូវការគ្រែពេទ្យជាច្រើន ដើម្បីដាក់បន្ថែម ក៏ដូចជាផ្លាស់ប្តូរគ្រែពេទ្យណាដែលចាស់ៗប្រើការលែងកើត។ លោកវុទ្ធីបានបន្តទៀតថា អំណោយនេះពិតជាមានសារៈសំខាន់មែនទែនសម្រាប់មន្ទីរពេទ្យ ស្របពេលដែលលោកនាយកមន្ទីរពេទ្យ កំពុងស្វែងរកថវិកា សម្រាប់យកទៅទិញបរិក្ខារពេទ្យផ្សេងៗបន្ថែមទៀត ដូចជាគ្រែពេទ្យជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្ន។
លោកស្រី កែវ រដ្ឋា នាយកគិលានុបដ្ឋាក នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានមានប្រសាសន៍ថា “ការទទួលបាននូវអំណោយមួយនេះ ប្រៀបបីដូចជាទទួលបាននូវកាដូរដ៏វិសេសវិសាលមួយសម្រាប់ជួយសង្គ្រោះដល់អាយុជីវិតមនុស្សទូទៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ”។
មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ក៏បានបង្ហោះសារថ្លែងអំណរគុណចំពោះមូលនិធិ ម៉េងលី ជេ. គួច តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារ និងអត្ថន័យដូចតទៅ៖ “យើងខ្ញុំជាថ្នាក់ដឹកនាំ រួមទាំងបុគ្គលិក នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច ដែលបានឧបត្ថម្ភគ្រែអ្នកជំងឺចំនួន១០គ្រែ ជូនដល់មន្ទីរពេទ្យ សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺក្រីក្រក្នុងករណីជំងឺសង្គ្រោះបន្ទាន់ ជំងឺវះកាត់ធ្ងន់ធ្ងរ និងជំងឺសម្រាកព្យាបាលទូទៅដោយឥតគិតថ្លៃ។ យើងខ្ញុំសូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕
© រក្សាសិទ្ធិដោយ thmeythmey.com