ជាតិ
ក្រសួង​អប់រំ​ត្រូវ​ទប់ស្កាត់​សកម្មភាព​នយោបាយ​តាម​គ្រឹះស្ថាន​អប់រំ​ឲ្យ​បាន​ស្មើភាព​គ្នា​
30, Jun 2016 , 8:59 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
​ក្រសួង​អប់រំ ចេញ​វិធានការ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​នយោបាយ តាម​គ្រឹះស្ថាន​អប់រំ ។ អ្នកតាមដាន​ស្ថានការណ៍​សង្គម គាំទ្រ​ចំណាត់ការ​ក្រសួង​អប់រំ តែ​ពួកគេ​ស្នើ​ឲ្យ​ក្រសួង​ទប់ស្កាត់​សកម្មភាព​នយោបាយ​ឲ្យ​បាន​ស្មើភាព​គ្នា ទៅលើ​គ្រប់​បណ្ដា​ភាគី​នយោបាយ​ទាំងអស់​។



​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​លោក សូ ចន្ថា គាំទ្រ​ចំណាត់ការ​ក្រសួង​អប់រំ ដែល​ចេញ​វិធានការ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​នយោបាយ តាម​គ្រឹះស្ថាន​អប់រំ​នេះ​។ លោក សូ ចន្ថា ដែល​មើលឃើញ​សកម្ម​នយោបាយ នៅក្នុង​គ្រឹះស្ថាន​ជា​រូបភាព​មិនល្អ​នោះ ស្នើ​ឲ្យ​ក្រសួង​ចាត់វិធានការ​ឲ្យ​ច្បាស់លាស់​និង​អនុវត្ត​ឲ្យ​បាន​ពិតប្រាកដ និង​ស្មើភាព​គ្នា ដោយ​មិនត្រូវ​រើសអើង​ឡើយ ពោលគឺ​ត្រូវ​ទប់ស្កាត់​ទាំង​សកម្មភាព​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល និង​សកម្ម​ក្រុមគាំទ្រ​រដ្ឋាភិបាល​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ សាស្ត្រាចារ្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ្រឹះស្ថាន​អប់​រំជា​កន្លែង​បណ្ដុះ​ចំណេះដឹង យោបល់​សម្រាប់​យុវជន​ទំពាំង​ស្នង ប៉ុន្ដែ​តាម​គ្រឹះស្ថាន​ខ្លះ​ត្រូវបាន​គេ​យក​ទីតាំង​អប់រំ​នោះ មក​បណ្ដុះបណ្ដាល​ផ្នត់គំនិត​នយោបាយ​សម្រាប់​ក្រុម​ខ្លួនឯង​។​ដូចនេះ​ក្រសួង​អប់រំ​ត្រូវអនុវត្ត​ជាក់ស្ដែង អនុវត្ត​ឲ្យ​ស្មើភាព​គ្នា​លើ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​។ ហើយ​ត្រូវ​លុបបំបាត់​រចនាសម្ព័ន្ធ​នយោបាយ និង​គ្រឹះស្ថាន​អប់រំ​ធ្វើជា​កន្លែង​ប្រជុំ​កិច្ចការ​គណបក្ស​»​។​

​លោក សន ជ័យ ក៏​មើលឃើញ​ដូច​លោក សូ ចន្ថា ដែរ​។ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​រូបនេះ មើលឃើញថា ថ្នាក់ដឹកនាំ​តាម​គ្រឹះស្ថាន​អប់រំ និង​គ្រូបង្រៀន​មួយចំនួន តែងតែ​បង្ហាញ​រូបភាព​គណបក្សនយោបាយ ដល់​យុវជន និង​និស្សិត​។ សម្រាប់​លោក សន ជ័យ វិធានការ​ក្រសួង​អប់រំ​ពេលនេះ គ្រាន់តែ​ជា​ខ្លឹមសារ​បន្ថែម​ពីលើ​ចំណាត់​មុនៗ​ប៉ុណ្ណោះ ព្រោះ​ក្រសួង​អប់រំ មិនទាន់បាន​បែងចែក​ចំណាត់ការ​ឲ្យ​ច្បាស់​ចំពោះ​មន្ត្រី​នយោបាយ និង​មន្ត្រី​ដែល​ស្ថិតក្នុង​ក្របខណ្ឌ​រដ្ឋបាល​សាធារណៈ ។ «​ខ្ញុំ​បានឃើញ​ខ្លឹមសារ​ក្រសួង ហាម​មិន​ឲ្យ​ស្លៀកពាក់ ឃោសនា​នយោបាយ​ដែរ តែ​មិនទាន់​មានការ​បក្ស​ស្រាយ​ឲ្យ​បាន​ច្បាស់ ដូច្នេះ​ខ្ញុំ​ខ្លាច​ខ្លឹមសារ​នេះ​មានការ​បកស្រាយ​ច្រឡំ រវាង​អភិបាលកិច្ច និង​ការពិភាក្សា​របស់​អ្នកនយោបាយ​[…]​។ ហើយ​នេះ​អាចមកពី​ការគ្រប់គ្រង​មិន​ច្បាស់​អំពី​រឿង​កិច្ចការ​នយោបាយ​រវាង​មន្ត្រី​នយោបាយ និង​មន្ត្រី​ស្ថិតក្នុង​រដ្ឋបាល​សាធារណៈ ដូចនេះ​គួរតែ​បែងចែក​ឲ្យ​បាន​ច្បាស់​។ ព្រោះ​មាន​គ្រូបង្រៀន​ខ្លះ នៅពេល​ចប់​ម៉ោង​តែងតែ​ធ្វើ​សកម្មភាព​ពាក់អាវ​គណ​បក្ស​សម្ញែង ដែល​អាច​ប៉ះពាល់​ដល់​ការអប់រំ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សន ជ័យ​។​

​កាលពី​ថ្ងៃទី​២៩ មិថុនា រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក ហង់ ជួនណា​រ៉ុ​ន បាន​បង្គាប់​ឲ្យ​សាកលវិទ្យាធិការ នាយក​វិទ្យាស្ថាន​ទាំង​រដ្ឋ​និង​ឯកជន និង​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​របស់​ក្រសួង និង​ប្រធាន​មន្ទី​អប់រំ ប្រធានការិយាល័យ​ទាំងអស់ ត្រូវ​ទប់ស្កាត់​រាល់​សក​ម្ម​ភាព​ទាំងឡាយណា​ដែលមាន​ចេតនា​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​នៅតាម​គ្រឹះស្ថានសិក្សា​ទាំងនោះ​។ បើតាម​លោក ហង់ ជួនណា​រ៉ុ​ន សកម្មភាព​រៀបចំ​វេទិការ ការ​ចែកចាយ​សម្ភារៈ សម្លៀកបំពាក់ ឬ​វត្ថុ​ផ្សេងៗ​ដែល បម្រើ​ឲ្យ​សកម្មភាព​នយោបាយ ឬ​ឃោសនា​នយោបាយ និង​មិន​អនុញ្ញាត​ឲ្យ​មាន​បន្ត​ទៀតឡើយ​នៅតាម​គ្រឹះស្ថាន​អប់រំ​ទាំង​រដ្ឋ​និង​ឯកជន​។

​ការចេញ​វិធាន​ហាមឃាត់​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដែល​ក្រសួង​អប់រំ​បាន​មើលឃើញថា គ្រឹ​ស្ថាន​នីមួយៗ​អាច​បន្ត​មានការ​រៀបចំ​វេទិការ ការ​ចែកចាយ​សម្ភា​រៈស​ម្លៀ​ក​បំពាក់ ឬ​វត្ថុ​ផ្សេងៗ​ទៀត ដែល​បម្រើ​ឲ្យ​សកម្មភាព​នយោបាយ ឬ​ឃោសនា​នយោបាយ ។ ក្រសួង​ចាត់ទុក​បញ្ហា​នេះ​គឺ​ផ្ទុយទៅនឹង​ច្បាប់​ស្ដី​ការអប់រំ  និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល ដែល​ថ្នាក់ដឹកនាំ​គ្រឹ​ស្ថាន​សិក្សា​ទាំងអស់​ត្រូវ ត្រូវ​ចាត់វិធានការ ផ្សព្វផ្សាយ និង​ពង្រឹង​ការអនុវត្ត​ខ្លឹមសារ​មាត្រា​៣៤​នៃ​ច្បាប់​ស្ដីពី​ការអប់រំ មាត្រា​៣៧​នៃ​ច្បាប់​ស្ដី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ឲ្យ​មាន​ប្រសិទ្ធភាព​៕


Tag:
 ក្រសួង​អប់រំ​
  ​អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com