ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍​ច្រានចោល​ពាក្យបណ្ដឹង​លោក សួន សេរី​រដ្ឋា ប្ដឹង​លោក ហោ ណាំហុង​
01, Jul 2016 , 1:40 pm        
រូបភាព
​សាលាឧទ្ធរណ៍​សម្រេច​មិន​ចាត់ការ​ពាក្យបណ្ដឹង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរី​រដ្ឋា ដែល​ប្ដឹង​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ហោ ណាំហុង ពីបទ​«​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​»​ឡើយ​។ គួរ​បញ្ជាក់ថា ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ចន្ទ​ពិសិដ្ឋ បាន​បដិសេធ​ពាក្យបណ្ដឹង​របស់លោក សួន សេរី​រដ្ឋា ដែល​ប្ដឹង​លោក ហោ ណាំហុង នេះ ដោយ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ កាលពី​ថ្ងៃទី​២ កុម្ភៈ កន្លងមក ។​



​ក្រោយ​ព្រះរាជអាជ្ញារ​សាលាឧទ្ធរណ៍​លោក អ៊ុក សាវុធ បាន​ពិនិត្យមើល​កំណត់ហេតុ​សាលាដំបូង​ដែល​បាន​សាកសួរ លោក ហោ ណាំហុង កន្លងមក​នោះ​ឃើញថា សេចក្ដីសម្រេច​របស់​សាលាដំបូង​គឺមាន​អង្គហេតុ និង​អង្គច្បាប់ សម​ស្រម​តាម​គតិ​ច្បាប់​ត្រឹមត្រូវ ដែល​អាច​តម្កល់​ទុកជា​បានការ​។ នេះ​ជា​ឆ្លើយតប​របស់​សាលាឧទ្ធរណ៍​ដែល​បានបញ្ជាក់​ប្រាប់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថា ឧទ្ធរណ៍​សម្រេច​មិន​ចាត់ការ​ពាក្យបណ្ដឹង​លោក សួន សេរី​រដ្ឋា ដែល​ប្ដឹង​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ហោ ណាំហុង ពីបទ​«​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​»​ឡើយ​។​

​ជាការ​ឆ្លើយតប ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា យល់ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ គឺជា​ការបង្ហាញ​រូបភាព​កាន់តែច្បាស់​ថា​តុលាការ​ជា​អាយ៉ង​នយោបាយ​សម្រាប់​បម្រើ​ផលប្រយោជន៍​គណបក្សកាន់អំណាច​ប៉ុណ្ណោះ ។ សម្រាប់​លោក សួន សេរី​រដ្ឋា បើទោះជា​សាលាឧទ្ធរណ៍​មិន​ចាត់ការ​លើ​ករណី​ខ្លួន​ក៏ដោយ តែ​វា​ក៏​ជោគជ័យ​មួយ​សម្រាប់​លោក ដែល​ចង់បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ សហគម​ជាតិ និង​អន្តរជាតិ បានដឹង​ពី​ប្រព័ន្ធតុលាការ​ស្រុក​ខ្មែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អត់​មាន​អ្វី​ប្លែក​ទេ ខ្ញុំ​ដឹង​តាំងពី​ដំបូង​ហើយ​ថា ចៅក្រម តុលាការ ប្រាកដជា​មិន​ហ៊ាន​បើកសវនាការ ចាត់ការ​លើ​លោក ហោ ណាំហុង ឡើយ ព្រោះ​គាត់​ជា​មន្ត្រី​ដុស​ស្លែ​ក្នុង​គណបក្សកាន់អំណាច​។ តែ​វា​ជា​ជោគជ័យ​មួយ​ដែល​អាច​បង្ហាញ​ដល់​សហគម​ជាតិ អន្តរជាតិ​បានឃើញ​ពី​ប្រព័ន្ធតុលាការ​ស្រុក​ខ្មែរ ដែលជា​អាយ៉ង​បក្ស​កាន់អំណាច​សម្រាប់​ទប់​អំណាច​ឲ្យ​មន្ត្រី​បក្ស​កាន់អំណាច ព្រោះ​បើ​បក្ស​កាន់អំណាច​ចង់​ប្ដឹង​អ្នកណា​មួយ​វិញ តុលា​ការរត់​ខ្វែងដៃខ្វែងជើង​»​។

​បើតាម​លោក សួន សេរី​រដ្ឋា បើទោះជា​តុលាការ​ស្ថិតក្រោម​អំណាច​នយោបាយ​ក្តី ក៏​លោក​នៅតែ​បន្ត​ដាក់ពាក្យ​ប្ដឹង​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ហោ ណាំហុង ទៅ​តុលាការ​កំពូល​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ច្បាស់​ពី​ភាពអយុត្តិធម៌​នៃ​ប្រព័ន្ធតុលាការ​កម្ពុជា​។ ហើយ​គណបក្ស​លោក​នឹង​ចង់ក្រង​របាយការណ៍ និង​កំណត់ហេតុ​នៃ​ប្រព័ន្ធតុលាការ​នេះ ដើម្បី​ផ្សព្វផ្សាយ​បង្ហាញ​ដល់​សាធារណៈជន​ដែរ​។​

​គួរ​បញ្ជាក់ថា មូលហេតុ​ដែល​លោក សួន សេរី​រដ្ឋា ប្ដឹង​លោក ហោ ណាំហុង នេះ គឺ​ដោយសារតែ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​រូបនេះ បាន​ចោទ​គណបក្ស​លោក​ថា មាន​សមាជិក​ជា​ភេ​វរ​ករ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមក​។ លោក សួន សេរី​រដ្ឋា មិនអាច​ទទួលយក​ការ​ចោទ​របស់លោក ហោ ណាំហុង ឡើយ​។​

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ អះអាងថា​ពាក្យសម្ដី​របស់លោក ហោ ណាំហុង ដែល​បាន​ចោទថា គណបក្ស​លោក​មាន​ក្រុម​ភេរវកម្ម​នេះ គឺ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​គណបក្ស និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច មិន​ហ៊ាន​គាំទ្រ​គណបក្ស​ខ្លួន​៕


Tag:
 សួន សេរី​រដ្ឋា​
  ​ហោ ណាំហុង
© រក្សាសិទ្ធិដោយ thmeythmey.com