ជាតិ
ល្ខោនខោល​កម្ពុជា ចូលរួម​ការសម្ដែង​នៅ​ប្រទេស​ថៃ​
03, Jul 2016 , 12:03 pm        
រូបភាព
ភ្នំពេញ​៖ កម្ពុជា​នឹង​យក ល្ខោនខោល​កម្ពុជា ចូលរួម​សម្ដែង​ក្នុង​កម្មវិធី ASEAN +3 Mask Festival នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​៤ កក្កដា​ខាងមុខនេះ ដើម្បី​លើកស្ទួយ​កិត្យានុភាព​នៃ​សិល្បៈ​ខ្មែរលើ​ឆាក​អន្តរជាតិ​។ នេះ​បើតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្ដេចនាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​។​


​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ស​ម្តេ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា «​យើង​នឹង​យក "​ល្ខោនខោល​កម្ពុជា​" ទៅ​ចូលរួម​សំដែង​ក្នុង​កម្មវិធី ASEAN +3 Mask Festival នៅ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​០៤ ខែកក្កដា ឆ្នាំ​២០១៦ ខាងមុខនេះ  ដែលមាន​ការចូលរួម​សម្ដែង​ពី​ប្រទេស​កម្ពុជា ថែ ឡាវ មី​យ៉ាន់​ម៉ា និង​កូរ៉េខាងត្បូង​»​។​

​ការយក​ល្ខោនខោល​ទៅ​ចូលរួម​សំដែង​គឺ​ដើម្បី​លើកស្ទួយ​កិត្យានុភាព​នៃ​សិល្បៈ​ខ្មែរលើ​ឆាក​អន្តរជាតិ ព្រោះ​ល្ខោនខោល​ជា​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​មួយ ។ ល្ខោនខោល ឬ​ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ​ដែលមាន​អាយុកាល​ចំណាស់​តាំង​ពីមុន​សម័យអង្គរ ក្នុង​សតវត្ស​ទី​៩ តាមរយៈ​ចម្លាក់​លឹប​ក្នុង​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ​។ សម្រាប់​តួ​សម្ដែង​ក្នុង​ល្ខោនខោល សុទ្ធសឹងតែ​ជា​បុរស  ដែល​តែង​តួ​ជា​នារី ជាប្រចាំ​ក្នុងការ​សម្ដែង​ក្នុង​ព្រះរាជវាំង​បុរាណ​ខ្មែរ​។ ទន្ទឹមនឹងនេះ ល្ខោនខោល ភាគច្រើន មានការ​សម្ដែង​តែ​ក្នុង​ព្រះបរមរាជវាំង និង​ក្នុង​កម្មវិធី​ធំៗ​របស់​ជាតិ​ប៉ុណ្ណោះ​។​

ល្ខោនខោល  ហាក់បីដូចជា​មានការ​ចាប់អារម្មណ៍​ច្រើន​ជាមុន ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា បាន​រួប​គ្នា​ការពារ​នូវ​វប្ប​ធ​ម៌​របស់​ជាតិ បន្ទាប់ពី​មាន​ភាពមិន​ចុះសម្រុង​ជាមួយ​ភាគី​ថៃ​ក្នុងការ​ដាក់​ប​ញ្ជូ​ល​ល្ខោនខោល​ជាវ​ប្បធ​ម៌​របស់​ខ្មែរ​ទៅជា​បេតិកភណ្ឌ​វប្ប​ធ​ម៌​អរូបី​។ ជាមួយគ្នានេះដែរ ការផ្ទុះ​ជម្លោះ​ជាមួយ​ភាគី​ថៃ ក្នុង​បណ្ដាញ​សង្គម​កាលពីពេល​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ម្ពុ​ជា​។ 

​សូមបញ្ជាក់​ផងដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា​បានដាក់​របាំ អប្សរា ឬ​របាំ​ព្រះរាជ​ទ្រព្យ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ឆ្នាំ​២០០៣ ។ បន្ទាប់មក​មាន ល្ខោនស្បែក​ធំ ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី ២៥ វិ​ចិ្ឆ​កា ឆ្នាំ​២០០៥ និង​ល្បែង​ទាញព្រ័ត្រ​នៅ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៥ ។ ម្យ៉ាងវិញទៀត ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ កំពុង​ត្រៀម និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង ក្បាច់គុន​ល្បុក្កតោ ភ្លេងអារក្ស និង​ល្ខោនខោល ដើម្បី​ស្នើសុំ​ចុះបញ្ជី​ជា​បន្តបន្ទាប់​នៅ​អង្គការ​យូណេស្កូ​ផងដែរ​៕


Tag:
 ល្ខោនខោល
© រក្សាសិទ្ធិដោយ thmeythmey.com