ជាតិ
អត្ថបទពាណិជ្ជកម្ម
ការកែលម្អ​ជា​បន្តបន្ទាប់​នៃ​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​
06, Jul 2016 , 2:33 pm        
រូបភាព
ដោយ: ថ្មីៗ
អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ (Ken Loo)​បាន​មានប្រសាសន៍ថា របាយការណ៍​សំយោគ​ថ្មី និង​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ប្រឹក្សា​គ​ម្រោ​ង​នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ (ILO-BFC) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​នោះ គឺជា​ការ​ចំអក​ចំពោះ​របាយការណ៍​របស់​សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ កាលពី​ដើមខែ​មុន ដែល​ផ្ដល់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រទេស​ទាំង​១០ ដែល​អន់​បំផុត​ខាង​ការគោរព​សិទ្ធិ​ការងារ ។​

លោក ខេន លូ បាន​ថ្លែងថា​៖ “​វិស័យ​កាត់ដេរ​របស់​កម្ពុជា ត្រូវបាន​កោតសរសើ​ដោយ​អ្នកជំនាញ​ថា​ជា​និយាម​ការ​មួយ​សម្រាប់​បទដ្ឋាន​ការងារ ។ កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ដែល​អនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ទាក់ទិន​ពល​កម្ម ជាមួយនិង​សហរដ្ឋអាមេរិក តាំងពី​ឆ្នាំ ២០០១ មក​ម្លេះ​” ។​

រាជរដ្ឋាភិបាល និយោជក និង​សហជីព​បាន​សហការ​ជាមួយនិង ILO តាមរយៈ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​តាំងពី​ឆ្នាំ ២០០១ ហើយ​ការងារ​នេះ​បានទទួល​ជោគជ័យ​និង​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ។ កម្មវិធី​ថ្មី​របស់ ILO ដែលមាន​ឈ្មោះថា ការងារ​កាន់តែ​ប្រសើរ ដែល​ទើប​ចាប់​អនុវត្ត​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត ដូចជា ហៃ​ទី ហ្ស​ក​ដង់ ឡេ​សូ​ថូ (Lesotho) ឥណ្ឌូនេស៊ី វៀតណាម នី​កា​រ៉ា​ហ្គ័​រ និង​បង់​ក្លា​ដែ​ស គឺ​យក​គំរូ​តាម​គម្រោង ILO-BFC របស់​កម្ពុជា ។ ពោលគឺ កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​គឺជា​ផលិតផល​នាំចេញ​របស់ ILO-BFC របស់​កម្ពុជា ។​

លោក ខេន លូ បាន​ថ្លែងថា​៖ “​ក្នុងនាម​ជា​អ្នក​ផលិត យើង​ដឹង​ច្បាស់​ជាង​អ្នកដទៃ​ត្រង់​ថា កម្មករ​ជំនាញ និង​ត្រូវ​បានផ្ដល់​សិទ្ធ​អំណាច​គឺជា​កម្មករ​ដែលមាន​ផលិតភាព ។ ដូច្នេះ វា​ជា​គុណសម្បត្តិ​របស់​យើង​ក្នុងការ​សហការ​ជាមួយនិង​ក្រុមកម្មករ និង​អង្គការ​នានា​ដូចជា ILO ជាដើម ដើម្បី​បន្ត​គាំទ្រ​ដល់ក​ម្មករ និង​ជួយ​ពួកគាត់​ក្នុងការ​បង្កើន​ជំនាញ ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ពួកគាត់​” ។

លោក​បាន​បន្តថា​៖ “​វា​ជា​រឿង​អាម៉ាស​មួយ​ដែល​ការងារ​នេះ​កម្រ​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ដែល​ស្ថិតនៅ​ខាងក្រៅ​វិស័យនេះ ហើយ​អង្គភាព​មួយចំនួន​ដូចជា សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម បែរជា​រិះគន់​ធ្ងន់​ធ្ងន់​មកលើ​យើង បើទោះបីជា​ពួកគេ​មិនមាន​មនុស្ស​ធ្វើការ​ដោយផ្ទាល់ ឬ​មិនបាន​ព្យាយាម​ទាក់ទង​មក​យើង​ដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្រើន​អំពី​បរិយាកាស​ការងារ ។ ប្រសិនបើ​ចំណាត់ថ្នាក់​របស់​ពួកគេ​ចំពោះ​កម្ពុជា​ជា​រឿង​ពិតមែន​នោះ នោះ ILO-BFC ដែល​នឹង​អបអរ​ខួប ១៥ ឆ្នាំ​របស់ខ្លួន មិន​សមនិង​មាន​វត្តមាន​នៅទីនេះ​ឡើយ​”​។​

ក្នុងនាម​ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​លឿន កម្ពុជា​ជា​គោលដៅ​ងាយស្រួល​មួយ​សម្រាប់​អង្គភាព​នានា​ដែល​ព្យាយាម​ទាក់ទាញ​មុខមាត់​ក្នុង​គោលបំណង​គៀងគរ​ជំនួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ របាយការណ៍​ស្ដីពី​ការដាក់​ចំណាត់ថ្នាក់​តាម​អំពើ​ចិត្ត​បែបនេះ មិនបាន​ជួយ​ឲ្យ​មនុស្ស​យល់​អំពី​ល័ក្ខខ័ណ្ឌ​ជាក់ស្ដែង​នោះទេ ហើយ​បាន​បង្វែរ​មនុស្ស​គ្រប់គ្នា​មិន​ឲ្យ​យកចិត្តទុកដាក់​លើ​ការងារ​សំខាន់​ដែល​កំពុងដំណើរការ ក្នុងការ​សហការគ្នា​ដើម្បី​បន្ត​លើកស្ទួយ​ឧស្សាហកម្ម​មួយ​នេះ ។

លោក ខេន លូ បាន​សម្គាល់​ឃើញថា កម្ពុជា​ត្រូវបាន​ចាត់ថ្នាក់​ទាប​ជា​លើកដំបូង ហើយ​ថា នេះ​ប្រហែលជា​មកពី​ច្បាប់​សហជីព​ដែល​ទើប​អនុម័ត​ថ្មី​របស់​រដ្ឋាភិបាល ដែល​ច្បាប់​នេះ ជា​ឧបករណ៍​សំខាន់​ក្នុងការ​ពង្រឹង​សហជីព បើទោះបីជា​មានការ​រិះគន់​ដោយ​អយុត្តិធម៌ មិនចេះចប់​ក្តី ។

លោក ខេន លូ បាន​បន្តទៀតថា​៖ “​កម្សោយ​ខាង​រចនា​ម​សម្ព័ន្ធ​ជា​យូរ​មកហើយ​នៅក្នុង​វិស័យ​កាត់ដេរ​របស់​កម្ពុជា គឺ​ការរីក​សាយភាយ​នៃ​ចំនួន​សហជីព រាប់បញ្ចូល​ទាំង​សហជីព​តូចៗ​ច្រើន​លើសលុប ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆាឆៅ និង​កេងប្រវ័ញ្ច​ពី​កម្មករ ដែល​ខិតខំ​រកប្រាក់​ចំណូល​ទាំង​លំបាក​នោះ​” ។​

លោក​ថា ៖ “​សហជីព​ទាំងនេះ​នឹង​រារាំង​សហជីព​សំខាន់ៗ​មិន​ឲ្យ​ទទួលបាន​ការចូលរួម​គ្រប់គ្រាន់​ដែល​ចាំបាច់​ដើម្បី​អាច​ចរចា​ដោយ​សុ​ច្ចរិតភាព ហើយ​ពេលខ្លះ​ថែមទាំង​ព្យាយាម​គំរាម​ធ្វើ​កូដកម្ម​ដើម្បី​គំរាម​និយោជក ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​” ។

ច្បាប់​សហជីប​ថ្មី គឺជា​ឧបករណ៍​សំខាន់​ដើម្បី​ធានាថា សហជីព​មាន​ភាពរឹងមាំ និង​មាន​ភាពស្របច្បាប់ ហើយ​យកចិត្តទុកដាក់​លើ​ផលប្រយោជន៍​កម្មករ​ជាធំ ។
​លោក ខេន លូ បាន​ថ្លែងថា​៖ “​ប្រសិនបើ​សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ​ចុះមក​ជួប​យើង និង​សហជីព​សំខាន់ៗ ប្រហែលជា​ពួកគេ​អាច​នឹង​ចាត់ថ្នាក់​កម្ពុជា​បាន​ត្រឹមត្រូវ គឺ​នៅ​ជិត​និង​កំពូល​តារាង​” ។

លោក​បាន​ថ្លែងថា​៖ “​ខ្ញុំ​ស្វាគមន៍​ចំពោះ​របាយការណ៍​កាលពី​ថ្ងៃ​សុក្រ ពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដែល​បង្ហាញថា និយោជក កម្មករ និង​រដ្ឋាភិបាល​បន្តធ្វើ​ការរួម​គ្នា​ដើម្បី​ធានា​ដល់​បទដ្ឋាន​ការងារ​រឹងមាំ និង​លើកកម្ពស់​ឧស្សាហកម្ម​ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​” ។​

លោក​បាន​បន្តទៀតថា​៖ “ILO កំពុង​គាំទ្រ​ដល់​យើងខ្ញុំ​ក្នុង​កិច្ចការងារ​នេះ ។ នៅក្នុង​របាយការណ៍រ​បស់​ខ្លួន ILO កំណត់​សម្គាល់ថា ទាក់ទិន​និង​បទដ្ឋាន​ស្នូល​ការងារ គឺមាន ចំណុច​អនុលោម​តាមច្បាប់​ជាច្រើន ដែលមាន​ភាពមិន​អនុលោម​តាមច្បាប់​តិចតួច​ប៉ុ​ណ្នោះ​” ។​

លោក​ថា​៖ “​បើទោះបីជា​សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​ពិភពលោក​គួរ​ទទួលបាន​ការគោរព​ក្តី ប៉ុន្តែ​វា​គួរតែ ILO-BFC ដែល​សារព័ត៌មាន និង​សាធារណជន​គួរ​ស្ដាប់​”  ៕




© រក្សាសិទ្ធិដោយ thmeythmey.com