អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុង​អ៊ុន ឡើង​ទម្ងន់
07, Jul 2016 , 7:39 am        
រូបភាព
 ​ស្រប​ពេលដែល​អំណាច​កើន​ឡើងជា​លំដាប់​នោះ មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក៏​ឡើង​ទម្ងន់​ច្រើន​ផងដែរ ចាប់តាំងពី​លោក​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១១​។ ក្រៅពី​ឡើង​គីឡូ​ច្រើន មេដឹកនាំ​ផ្ដាច់ការ​រូបនេះ នៅតែ​បណ្ដោយ​ខ្លួន​បរិភោគ​ច្រើន និង​កើត​ជម្ងឺ​សម្រាន្ត​មិន​លក់ ព្រោះ​លោក​ខ្លាច​ត្រូវគេ​ធ្វើឃាត​។​

 
​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង និយាយថា មេដឹកនាំ​របប​កុម្មុយនីស្ត​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​កើន​ទម្ងន់​ដល់​ទៅ​៤០​គីឡូក្រាម នៅក្រោយ​ការ​ក្លាយជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង កាលពី​បួន​ឆ្នាំមុន​។ មិនតែប៉ុណ្ណោះ លោក គីម ជុង​អ៊ុន នៅតែ​ចូលចិត្ត​ហូប​ច្រើន និង​ផឹក​ច្រើន ដើម្បី​សម្រប​ខ្លួន​នឹង​ការភ័យខ្លាច​ការធ្វើឃាត​។ 
 
​អង្គភាព​ចារកម្ម​ដដែល បាន​ប្រាប់​កិច្ចប្រជុំ​បិទទ្វារ​សភា​កូរ៉េខាងត្បូង​ថា លោក គីម ជុង​អ៊ុន ដែល​ឡើងកាន់​អំណាច​ពី​ឪពុក​របស់លោក​នោះ ក៏មាន​អាកា​រៈគេង​មិន​លក់​ផងដែរ​។ ទាក់ទង​នឹង​រឿង​ឡើង​ទម្ងន់​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក Lee Cheol-woo សមាជិកសភា​មកពី​បក្ស​កាន់អំណាច ប្រាប់​អ្នកកាសែត​ថា ពេល​កាន់អំណាច​ដំបូង លោក គីម ជុង​អ៊ុន មាន​ទម្ងន់​៩០​គីឡូក្រាម ប៉ុន្តែ​បន្ត​ឡើងដល់​១២០​គីឡូក្រាម ក្នុង​ឆ្នាំ​២០១៤​។ លោក Lee បន្ថែមថា ឥឡូវនេះ មេដឹកនាំ​កូរ៉េខាងជើង អាចមាន​ទម្ងន់​១៣០​គីឡូក្រាម​។ 
 
​ជាមួយគ្នានេះដែរ បើតាម​សារព័ត៌មាន The Guardian ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​បាន​សន្មត​ថា លោក គីម ជុង​អ៊ុន មាន​ជម្ងឺ​សម្រាន្ត​មិនបាន និង​បរិភោគ​ច្រើន គឺ​ព្រោះតែ​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ នេះ​ក៏​ដោយសារតែ​លោក គីម ជុង​អ៊ុន បាន​បញ្ជា​ឲ្យ​បោសសម្អាត​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់ នាពេល​កន្លងទៅ ដែល​រួមទាំង​ឪពុកមា​របស់ខ្លួន​ម្នាក់​ផងដែរ​។ 
 
​ដោយ​ស្រង់​ព័ត៌មាន​ចេញពី​របាយការណ៍​ចារកម្ម សមាជិកសភា​លោក Lee Cheol-woo បញ្ជាក់ថា មេដឹកនាំ​កំពូល​កូរ៉េខាងជើង តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ការគំរាមកំហែង​សុវត្ថិភាព​លោក ដោយ​រួមទាំង​មកពី​យោធា​ផងដែរ​។ មិនតែប៉ុណ្ណោះ លោក គីម ខ្វល់​នឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន​មែនទែន ហើយ​ដោយសារតែ​លោក​ចូលចិត្ត​បរិភោគ​ច្រើន បុរស​វ័យ​៣៣​ឆ្នាំនេះ ទំនងជា​កើត​ជម្ងឺ​មនុស្សពេញវ័យ​។ 
 
​សូម​បញ្ជាក់ដែរថា ទាំង​ជីតា​របស់លោក គឺ​ស្ថាបនិក​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង និង​ឪពុក​របស់លោក គឺ​លោក គីម ជុងអ៊ីល និង​រួមទាំង​លោក គីម ជុង​អ៊ុន ដែរនោះ សុទ្ធតែ​ដុះ​ក្បាលពោះ​ទាំងអស់គ្នា និង​ចេះ​ជក់បារី​ដូចគ្នា​ទៀតផង​។ លោក គីម អ៊ី​ល​ស៊ុ​ង ដែល​ស្លាប់​ក្នុង​ឆ្នាំ​១៩៩៤ និង​លោក គីម ជុងអ៊ីល ដែល​ស្លាប់​ក្នុង​ឆ្នាំ​២០១១ សុទ្ធតែ​បណ្ដាលមកពី​គាំងបេះដូង​ទាំងអស់​៕ 
 
 
 

Tag:
 ប្លែក
  កូរ៉េខាងជើង​
 ​គីម​ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com