អន្តរជាតិ
​អ​.​ស​.​ប​កោះហៅ​ឲ្យ​មានការ​ដោះលែង​ស្ត្រី​ជនជាតិ​អាមេរិកាំង ដែល​ត្រូវបាន​ជាប់ឃុំ​នៅ​ប្រទេស​ចិន​
08, Jul 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​មួយ​របស់​អង្គការសហប្រជាជាតិ និយាយថា លោកស្រី Sandy Phan-Gillis ពាណិជ្ជករ​អាមេរិកាំង ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំមុន​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​គេ​ឃុំខ្លួន ដោយ​គ្មាន​ការជំនុំជម្រះ​ទោស​។ ហើយ​គេ​ត្រូវតែ​ដោះលែង​លោកស្រី ឬ​ផ្តល់​ការប្រឹក្សា​ដល់​លោកស្រី​។​



​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំ​ឃាំង​គ្មាន​ការវិនិច្ឆ័យ​ទោស បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ ដែល​បានចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​ថា ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ​កាត់ទោស​ត្រឹមត្រូវ​មិនត្រូវ​បាន​គេ​គោរព​ទេ​។​

​លោកស្រី Phan-Gillis ម្ចាស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ ដែល​សម្របសម្រួល​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ក្រុមហ៊ុន​ចិន បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ជាមួយ​ប្រតិភូ​មួយ​មកពី​ទីក្រុង Houston រដ្ឋ​តិច​សាស កាលពី​ខែ​មិនា ឆ្នាំ​២០១៥ នៅពេលដែល​ក្រុមមន្ត្រី​ចិន​បាន​ចាប់ខ្លួន​លោកស្រី​នៅ​ព្រំដែន​ចិន​ជាមួយ​កោះ​ម៉ា​កាវ​។​លោកស្រី​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ចារកម្ម​។​

​លោកស្រី Phan-Gillis បាន​ត្រូវ​ឃុំខ្លួន​អស់​រយៈពេល​៦​ខែ​នៅក្នុង​ទីកន្លែង​សម្ងាត់​មួយ​មុនពេល​ត្រូវគេ​ផ្ទេរ​ទៅកាន់​មជ្ឈមណ្ឌល​ឃុំឃាំង​នៅក្នុង​ខេត្ត Guangxi ភាគខាងត្បូង​ដែល​នៅ​ទីនោះ​លោកស្រី​បាន​ត្រូវគេ​បង្ខាំង​ឲ្យ​នៅ​ដាច់​ពី​គេ​។​លោកស្រី គ្មាន​មេធាវី​ហើយ​លោកស្រី មិនអាច​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ​របស់​លោកស្រី​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥​មក នេះ​តាម​របាយការណ៍​ដែល​បានចេញ​ផ្សាយ​។​

​សេត​វិមាន បាន​និយាយ​កាលពី​ខែកញ្ញា​ថា ខ្លួន​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​រឿងក្តី​នេះ ហើយ​បាន​សួរ​រដ្ឋាភិបាល​ចិន​ដោយផ្ទាល់​អំពី​បញ្ហា​នេះ​។ ការចាប់ខ្លួន​លោកស្រី Phan-Gillis បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងពី​សហគមន៍​វៀតណាម និង​ចិន​នៅក្នុង​ទីក្រុង Houston​។ ទោះបី​លោកស្រី​មាន​ដើមកំណើត​ចិន​ក៏ដោយ លោកស្រី​បានកើត​នៅក្នុង​ប្រទេស​វៀតណាម ហើយ​បានមក​សហរដ្ឋអាមេរិក​ក្នុងឋានៈ​ជា​ជនភៀសខ្លួន​កាលពី​៤០​ឆ្នាំមុន​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com